អេសាយ 40:1-17

អេសាយ 40:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ​របស់​អ្នក​រាល់​គ្នា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ជួយ​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​យើង កុំ​បង្អង់​ឡើយ! ចូរ​លើក​ទឹក​ចិត្ត​អ្នក​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រកាស​ប្រាប់​គេ​ថា ពេល​វេលា​ដែល​ខ្មាំង​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ យ៉ាង​ធ្ងន់​នោះ បាន​ចប់​សព្វ​គ្រប់​ហើយ! គេ​រង​ទុក្ខ​ទោស​គ្រប់​គ្រាន់​ហើយ! ព្រះ‌អម្ចាស់​បាន​ដាក់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​គេ​ក៏​បាន​រង​ទុក្ខ​ទោស​នោះ មួយ​ទ្វេ​ជា​ពីរ​ដែរ!»។ មាន​សំឡេង​មួយ​ស្រែក​ថា៖ «នៅ​វាល​រហោ‌ស្ថាន ចូរ​បើក​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះ​នៃ​យើង ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង‌ឡាយ ហើយ​ពង្រាប​ភ្នំ​តូច​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​វាល​រាប​ស្មើ កន្លែង​ណា​រដិប‌រដុប​ក៏​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ផង​ដែរ។ ពេល​នោះ ព្រះ‌អម្ចាស់​នឹង​សម្តែង​សិរី‌រុងរឿង ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ»។ មាន​សំឡេង​មួយ​បង្គាប់​ថា៖ «ចូរ​ស្រែក​ប្រកាស​ចុះ!» សំឡេង​មួយ​ទៀត​សួរ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ស្រែក​ប្រកាស​អំពី​រឿង​អ្វី?»។ «មនុស្ស​លោក​ប្រៀប​ដូច​ជា​ស្មៅ រីឯ​អំពើ​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​ដូច​ជា​ផ្កា​ដែល​ដុះ​តាម​វាល​ស្មៅ។ នៅ​ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន​ដែរ។ ប្រជា‌រាស្ត្រ​នេះ​ប្រៀប​បាន​នឹង​ស្មៅ។ ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច»។ ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់! ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ! ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា: មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា! មើល​ហ្ន៎ ព្រះ‌ជា‌អម្ចាស់​យាង​មក ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​យាង​មក​ប្រកប​ដោយ​ព្រះ‌បារមី ដើម្បី​គ្រង​រាជ្យ។ ព្រះអង្គ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​លោះ មក​ជា​មួយ ពួក​គេ​នាំ​គ្នា​ដើរនៅ​ខាង​មុខ​ព្រះអង្គ។ ព្រះអង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀម ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរា ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។ តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់ ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ? តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលី ហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំង‌ឡាយ? តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះអង្គ? តើ​ព្រះអង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា ដើម្បី​ថ្វាយ​យោបល់​ព្រះអង្គ? តើ​នរណា​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​ដ៏​សុចរិត? តើ​នរណា​បង្រៀន​ព្រះអង្គ​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ណែ‌នាំ​ព្រះអង្គ​ឲ្យ​ស្គាល់​មាគ៌ា នៃ​បញ្ញា​ឈ្លាស​វៃ? ប្រជា‌ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា ដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាង ពួក​គេ​មាន​តម្លៃ​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។ កោះ​ទាំង‌ឡាយ​ប្រៀប​បាន​នឹង​ធូលី​ដី ដែល​ផាត់​ទៅ​តាម​ខ្យល់។ ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មម សម្រាប់​ធ្វើ​ជា​អុស ហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើន ល្មម សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះអង្គ​ដែរ។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍ និង​ឥត​បាន​ការ​ទៅ​ទៀត។

ចែក​រំលែក
អាន អេសាយ 40

អេសាយ 40:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ​នៃ​ឯង​រាល់​គ្នា ទ្រង់​មាន​បន្ទូល​ថា ចូរ​កំសាន្ត​ទុក្ខ ចូរ​កំសាន្ត​ទុក្ខ​រាស្ត្រ​អញ​ចុះ ត្រូវ​ឲ្យ​លួង‌លោម​ចិត្ត​នៃ​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​គេ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បាន​សំរេច​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​បាន​អត់​ទោស​ឲ្យ ហើយ​គេ​បាន​ទទួល​សំណង​១​ជា​២​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​ស្នង​នឹង​អំពើ​បាប​គេ​ដែរ។ មាន​ឮ​សំឡេង​១​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​សំរាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ។ មាន​ឮ​សំឡេង​១​កំពុង​តែ​ថា ចូរ​ប្រកាស​ចុះ នោះ​មាន​ម្នាក់​សួរ​ថា តើ​ត្រូវ​ឲ្យ​ស្រែក​ថា​ដូច​ម្តេច ចូរ​ថា មនុស្ស​ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា​ស្មៅ ហើយ​អំពើ​ដ៏​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ​ក៏​ដូច​ជា​ផ្កា​នៅ​ទី​វាល ឯ​ស្មៅ​ក៏​ស្វិត​ក្រៀម​ទៅ ហើយ​ផ្កា​រោយ‌រុះ​ចុះ ដោយ​ព្រោះ​ខ្យល់​នៃ​ព្រះ‌យេហូវ៉ា​បក់​មក​ត្រូវ ឯ​បណ្តាជន គេ​ពិត​ដូច​ជា​ស្មៅ​ដែរ ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។ ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ មក​ដល់​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឡើង​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ភ្នំ​ខ្ពស់​ចុះ ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក​ដល់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា មើល​ន៏ ព្រះ​នៃ​អ្នក​រាល់​គ្នា មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក ដោយ​មាន​ព្រះ‌ចេស្តា ហើយ​ព្រះ‌ពាហុ​នៃ​ទ្រង់​នឹង​កាន់‌កាប់​ត្រួត‌ត្រា​ឲ្យ​ទ្រង់ មើល ទ្រង់​នាំ​យក​រង្វាន់​មក​ជា​មួយ ហើយ​បំណាច់​ដែល​ទ្រង់​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ទ្រង់ ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី​ទៅ​ដោយ​ថ្នម។ តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង នឹង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ត្រាជូ តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ទ្រង់​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា តើ​ទ្រង់​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ទ្រង់ ឬ​បង្រៀន​ទ្រង់​ក្នុង​ផ្លូវ​យុត្តិ‌ធម៌ ឬ​ឲ្យ​ទ្រង់​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ទ្រង់ មើល អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​១​ដំណក់​នៅ​ក្នុង​ថាំង ហើយ​ក៏​រាប់​ទុក​ដូច​ជា​លំអង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​ដែរ មើល ទ្រង់​លើក​កោះ​ទាំង​ប៉ុន្មាន​ឡើង ដូច​ជា​របស់​យ៉ាង​តិច‌តួច ឯ​ព្រៃ​ល្បាណូន​នោះ​មិន​គ្រាន់​នឹង​ដុត ហើយ​សត្វ​ទាំង​ប៉ុន្មាន​នៅ​ព្រៃ​នោះ​ក៏​មិន​ល្មម​នឹង​ធ្វើ​ជា​ដង្វាយ​ដុត​ផង អស់​ទាំង​សាសន៍​រាប់​ដូច​ជា​ទទេ​សោះ​នៅ​ចំពោះ​ទ្រង់ ទ្រង់​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង។

ចែក​រំលែក
អាន អេសាយ 40

អេសាយ 40:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​កម្សាន្ត​ទុក្ខ ចូរ​កម្សាន្ត​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង ចូរ​លួង‌លោម​ចិត្ត​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​ក្រុង​នោះ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បានចប់​សព្វ​គ្រប់​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​ទទួល​បានការ​អត់​ទោស ហើយ​គេ​បាន​ទទួល​មួយ​ជា​ពីរ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ស្នង​នឹង​អំពើ​បាប​របស់​គេ​ដែរ»។ មាន​ឮ​សំឡេង​មួយ​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា៖ «ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។ ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ»។ មាន​ឮ​សំឡេង​មួយ​កំពុង​តែ​ថា៖ «ចូរ​ប្រកាស​ចុះ» នោះ​មាន​ម្នាក់​សួរ​ថា៖ «តើ​ត្រូវ​ឲ្យ​ស្រែក​ថា​ដូច​ម្តេច?»។ ចូរ​ថា៖ «មនុស្ស​ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា​ស្មៅ ហើយ​អំពើ​ដ៏​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ​ក៏​ដូច​ជា​ផ្កា​នៅ​ទី​វាល។ ឯ​ស្មៅ​ក៏​ស្វិត​ក្រៀម​ទៅ ហើយ​ផ្កា​រោយ‌រុះ​ចុះ ដោយ​ព្រោះ​ខ្យល់​ដង្ហើម​នៃ​ព្រះ‌យេហូវ៉ា​បក់​មក​ត្រូវ ឯ​បណ្ដា‌ជន គេ​ពិត​ដូច​ជា​ស្មៅ​ដែរ។ ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប»។ ឱ​ក្រុង​ស៊ីយ៉ូន ជា​អ្នក​នាំ​ដំណឹង​ល្អ​អើយ ចូរ​ឡើង​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ភ្នំ​ខ្ពស់​ចុះ ឱ​យេរូសាឡិម ជា​អ្នក​នាំ​ដំណឹង​ល្អ​អើយ ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា "មើល៍ ព្រះ​នៃ​អ្នក​រាល់​គ្នា!"។ មើល៍ ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​យាង​មក ដោយ​មាន​ព្រះ‌ចេស្តា ហើយ​ព្រះ‌ពាហុ​នៃ​ព្រះ‌អង្គ​នឹង​កាន់‌កាប់​ត្រួត‌ត្រា​ឲ្យ​ព្រះ‌អង្គ ព្រះ‌អង្គ​នាំ​យក​រង្វាន់​មក​ជា‌មួយ ហើយ​បំណាច់​ដែល​ព្រះ‌អង្គ​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។ តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន​ដោយ​ក្បង់​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ជញ្ជីង តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ព្រះ‌អង្គ​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា? តើ​ព្រះ‌អង្គ​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ព្រះ‌អង្គ ឬ​បង្រៀន​ព្រះ‌អង្គ​ក្នុង​ផ្លូវ​យុត្តិ‌ធម៌? ឬ​ឲ្យ​ព្រះ‌អង្គ​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ព្រះ‌អង្គ? អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​មួយ​ដំណក់​នៅ​ក្នុង​ថាំង ហើយ​ក៏​រាប់​ទុក​ដូច​ជា​លម្អង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​ដែរ ព្រះ‌អង្គ​លើក​កោះ​ទាំង​ប៉ុន្មាន​ឡើង ដូច​ជា​របស់​យ៉ាង​តិច​តួច ឯ​ព្រៃ​ល្បាណូន​នោះ​មិន​គ្រាន់​នឹង​ដុត ហើយ​សត្វ​ទាំង​ប៉ុន្មាន​នៅ​ព្រៃ​នោះ ក៏​មិន​ល្មម​នឹង​ធ្វើ​ជា​តង្វាយ​ដុត​ផង។ អស់​ទាំង​សាសន៍​រាប់​ដូច​ជាគ្មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រះ‌អង្គ​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង។

ចែក​រំលែក
អាន អេសាយ 40