អេសាយ 40:1-17

អេសាយ 40:1-17 គកស១៦

ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​កម្សាន្ត​ទុក្ខ ចូរ​កម្សាន្ត​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង ចូរ​លួង‌លោម​ចិត្ត​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​ក្រុង​នោះ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បានចប់​សព្វ​គ្រប់​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​ទទួល​បានការ​អត់​ទោស ហើយ​គេ​បាន​ទទួល​មួយ​ជា​ពីរ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ស្នង​នឹង​អំពើ​បាប​របស់​គេ​ដែរ»។ មាន​ឮ​សំឡេង​មួយ​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា៖ «ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។ ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ»។ មាន​ឮ​សំឡេង​មួយ​កំពុង​តែ​ថា៖ «ចូរ​ប្រកាស​ចុះ» នោះ​មាន​ម្នាក់​សួរ​ថា៖ «តើ​ត្រូវ​ឲ្យ​ស្រែក​ថា​ដូច​ម្តេច?»។ ចូរ​ថា៖ «មនុស្ស​ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា​ស្មៅ ហើយ​អំពើ​ដ៏​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ​ក៏​ដូច​ជា​ផ្កា​នៅ​ទី​វាល។ ឯ​ស្មៅ​ក៏​ស្វិត​ក្រៀម​ទៅ ហើយ​ផ្កា​រោយ‌រុះ​ចុះ ដោយ​ព្រោះ​ខ្យល់​ដង្ហើម​នៃ​ព្រះ‌យេហូវ៉ា​បក់​មក​ត្រូវ ឯ​បណ្ដា‌ជន គេ​ពិត​ដូច​ជា​ស្មៅ​ដែរ។ ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប»។ ឱ​ក្រុង​ស៊ីយ៉ូន ជា​អ្នក​នាំ​ដំណឹង​ល្អ​អើយ ចូរ​ឡើង​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ភ្នំ​ខ្ពស់​ចុះ ឱ​យេរូសាឡិម ជា​អ្នក​នាំ​ដំណឹង​ល្អ​អើយ ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា "មើល៍ ព្រះ​នៃ​អ្នក​រាល់​គ្នា!"។ មើល៍ ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​យាង​មក ដោយ​មាន​ព្រះ‌ចេស្តា ហើយ​ព្រះ‌ពាហុ​នៃ​ព្រះ‌អង្គ​នឹង​កាន់‌កាប់​ត្រួត‌ត្រា​ឲ្យ​ព្រះ‌អង្គ ព្រះ‌អង្គ​នាំ​យក​រង្វាន់​មក​ជា‌មួយ ហើយ​បំណាច់​ដែល​ព្រះ‌អង្គ​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។ តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន​ដោយ​ក្បង់​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ជញ្ជីង តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ព្រះ‌អង្គ​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា? តើ​ព្រះ‌អង្គ​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ព្រះ‌អង្គ ឬ​បង្រៀន​ព្រះ‌អង្គ​ក្នុង​ផ្លូវ​យុត្តិ‌ធម៌? ឬ​ឲ្យ​ព្រះ‌អង្គ​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ព្រះ‌អង្គ? អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​មួយ​ដំណក់​នៅ​ក្នុង​ថាំង ហើយ​ក៏​រាប់​ទុក​ដូច​ជា​លម្អង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​ដែរ ព្រះ‌អង្គ​លើក​កោះ​ទាំង​ប៉ុន្មាន​ឡើង ដូច​ជា​របស់​យ៉ាង​តិច​តួច ឯ​ព្រៃ​ល្បាណូន​នោះ​មិន​គ្រាន់​នឹង​ដុត ហើយ​សត្វ​ទាំង​ប៉ុន្មាន​នៅ​ព្រៃ​នោះ ក៏​មិន​ល្មម​នឹង​ធ្វើ​ជា​តង្វាយ​ដុត​ផង។ អស់​ទាំង​សាសន៍​រាប់​ដូច​ជាគ្មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រះ‌អង្គ​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង។

អាន អេសាយ 40