អេសាយ 1:1-31

អេសាយ 1:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​និមិត្ត​ដែល​លោក​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស និង​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា។ ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា៖ យើង​បាន​ចិញ្ចឹម​បី‌បាច់​រក្សា​កូន តែ​រាល់​គ្នា​បាន​បះ‌បោរ​នឹង​យើង​វិញ។ ឯ​គោ​វា​ស្គាល់​ម្ចាស់ ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ អ៊ីស្រាអែល​មិន​ស្គាល់​សោះ រាស្ត្រ​យើង​មិន​ពិចារ‌ណា​ទេ»។ ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចង់​ត្រូវ​រំពាត់? ហេតុ​អ្វី​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ? ក្បាល​របស់​អ្នក​រាល់​គ្នា​ក៏​ឈឺ ហើយ​គ្រប់គ្នា​មាន​ចិត្ត​ល្វើយ​ហើយ។ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស និង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ។ ស្រុក​របស់​អ្នក​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ ទី​ក្រុង​អ្នក​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​អ្នក នៅ​ចំពោះ​អ្នក​ផង ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ។ កូន​ស្រី​របស់​ក្រុង​ស៊ីយ៉ូន ត្រូវ​លះ​ចោល ដូច​ជា​បង្ហា​ដែល​នៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ ដូច​ជា​ជំរំ​នៅ​ចម្ការ​ត្រសក់ ដូច​ជា​ទី​ក្រុង​ដែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ហើយ។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច នោះ​យើង​រាល់​គ្នា​នឹង​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។ ឱ​ពួក​គ្រប់‌គ្រង​លើក្រុង​សូដុម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យញ្ញ‌បូជា​យ៉ាង​ច្រើន​របស់​អ្នក​រាល់​គ្នា តើ​ជា​អ្វី​ដល់​យើង? យើង​ធុញ​ទ្រាន់​ចំពោះ​ចៀម​ឈ្មោល និង​ខ្លាញ់​សត្វ​បំប៉ន ដែល​អ្នក​ដុត​ថ្វាយ​ណាស់ យើង​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ។ កាល​ណា​អ្នក​រាល់​គ្នា​ចូល​មក​ចំពោះ​យើង តើ​អ្នក​ណា​បាន​បង្គាប់​អ្នក​រាល់​គ្នា ឲ្យ​ចូល​មក​ជាន់​ទី‌លាន​របស់​យើង​ដូច្នេះ? កុំ​យក​តង្វាយ​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​យើង ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សម្រាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ យើង​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ។ ចិត្ត​យើង​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​យើង​ជា​ខ្លាំង យើង​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ។ កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។ ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​យើង​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការពារ​ចំពោះ​មនុស្ស ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្ត្រី​មេម៉ាយ​ចុះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មក​ចុះ យើង​នឹង​ពិភាក្សា​ជា‌មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​អ្នក ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិ‌ភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ។ តែ​បើ​អ្នក​មិន​ព្រម​វិញ ហើយ​បះ‌បោរ​ផង នោះ​អ្នក​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ ពី​ព្រោះ​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា បាន​មាន​ព្រះ‌បន្ទូល​ស្រេច​ហើយ។ ម្ដេច​បាន​ជា​ទី​ក្រុង​ស្មោះ‌ត្រង់ ប្រែ​ក្លាយ​ជា​ខូចអាក្រក់​ដូច្នេះ? គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សម្លាប់។ ប្រាក់​របស់​អ្នក​បាន​ត្រឡប់​ទៅ​ជា អាចម៍​ប្រាក់​ទៅ​ហើយ ឯ​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​អ្នក ក៏​លាយ​ដោយ​ទឹក​ដែរ។ ពួក​មេ​របស់​អ្នក​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​មិត្ត​នឹង​ពួក​ចោរ។ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តានៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ដោះ​ពួក​ត​តាំង នឹង​យើង​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ យើង​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ។ យើង​នឹង​លូក​ដៃ​ទៅ​លើ​អ្នក​ទៀត ហើយ​នឹង​សម្អាត​មន្ទិល​សៅ‌ហ្មង របស់​អ្នក​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កម្ចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​អ្នក​ផង។ រួច​យើង​នឹង​តាំង​ពួក​ចៅ‌ក្រម របស់​អ្នក​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​អ្នក ដូច​កាល​ពី​មុន​ដែរ ពី​ពេល​នេះ​ត​ទៅ គេ​នឹង​ហៅ​អ្នក​ថា​ជា ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់​វិញ។ ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត។ តែ​ឯ​ពួក​អ្នក​រំលង និង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា‌មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ។ ដ្បិត​គេ​នឹង​មាន​សេចក្ដី​ខ្មាស ចំពោះ​ដើម​ម៉ៃសាក់ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​យក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​ឡើង​មុខ​ក្រហម ដោយ​ព្រោះ​សួន‌ច្បារ​ដែល​អ្នក​រាល់​គ្នា បាន​រើស​យក​នោះ។ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក។ មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​ពីរ​យ៉ាង​នឹង​ឆេះ​ជា‌មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​រជ្ជកាល​ព្រះ‌បាទ​អ៊ូសៀស ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ត​ទៅ: ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ គោ​ស្គាល់​ម្ចាស់​វា រីឯ​លា​ក៏​ស្គាល់​ម្ចាស់​ដែល​ឲ្យ​ចំណី​វា​ដែរ តែ​ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​ស្គាល់​អ្វី​ទាំង​អស់ ប្រជា‌ជន​របស់​យើង​មិន​ចេះ​ពិចារណា​សោះ! អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​មាន​បាប ជា​ប្រជា‌ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ពូជ​មនុស្ស​ខិល‌ខូច ជា​អំបូរ​ពុក​រលួយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន! អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​បាន​មើល‌ងាយ ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​បែរ​ខ្នង​ដាក់​ព្រះអង្គ​ទៀត​ផង! យើង​មិន​ដឹង​ថា ត្រូវ​វាយ​ប្រដៅ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ណា​ទៀត​ទេ ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​បះ‌បោរ ប្រឆាំង​នឹង​យើង​ជានិច្ច។ ក្បាល​របស់​អ្នក​រាល់​គ្នា​របួស​សព្វ​ទី​កន្លែង ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ជំងឺ​ដែរ។ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង គ្មាន​អ្វី​នៅ​ល្អ​សោះ គឺ​មាន​សុទ្ធ​តែ​ដំបៅ ស្នាម​ជាំ និង​មុខ​របួស​ថ្មីៗ នៅ​គ្រប់​កន្លែង ដែល​គ្មាន​នរណា​លាង រុំ ឬ​លាប​ប្រេង ឲ្យ​ធូរ​ស្បើយ​ឡើយ។ ស្រុក​ទេស​របស់​អ្នក​រាល់​គ្នា​ត្រូវ​ហិន‌ហោច ក្រុង​របស់​អ្នក​រាល់​គ្នា​ត្រូវ​ភ្លើង​ឆេះ​អស់ ជន​បរទេស​ប្លន់​យក​ផល​ពី​ទឹក​ដី របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ ដូច​មាន​ខ្មាំង​មក​រាត‌ត្បាត ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ គឺ​នៅ​សល់​តែ​ក្រុង​ស៊ីយ៉ូន​ដែល​ប្រៀប​ដូច​ជា​ខ្ទម នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ឬ​ដូច​ខ្ទម​នៅ​ចម្ការ​ត្រសក់ ឬ​ដូច​ក្រុង​ដែល​ខ្មាំង​ឡោម‌ព័ទ្ធ។ ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* មិន​បាន​ទុក​យើង​ឲ្យ​នៅ​សេស‌សល់ មួយ​ចំនួន​តូច​ទេ​នោះ យើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុម យើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។ អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយ ចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អម្ចាស់! អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​អាក្រក់ ដូច​ប្រជា‌ជន​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅ របស់​ព្រះ​នៃ​យើង! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​រវី‌រវល់​នឹង​យញ្ញ‌បូជា ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេ យើង​ធុញ‌ទ្រាន់​នឹង​ពពែ​ឈ្មោល ព្រម​ទាំង​ខ្លាញ់​កូន​គោ ដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ថ្វាយ​យើង ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោ ឈាម​ចៀម និង​ឈាម​ពពែ របស់​អ្នក​រាល់​គ្នា​ដែរ។ ពេល​អ្នក​រាល់​គ្នា​ចូល​មក​រក​យើង តើ​នរណា​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​ជាន់ ទី‌លាន​ដំណាក់​របស់​យើង​ដូច្នេះ? ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះ មក​ថ្វាយ​យើង​ទៅ! យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ ហើយ​យើង​ក៏​ធុញ‌ទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* ឬ​ពិធី​ដ៏​ឱឡា‌រិក ដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។ យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ ទ្រាំ​មិន​បាន។ កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។ ចូរ​លាង​សម្អាត និង​ជម្រះ​ខ្លួន ឲ្យ​បាន​ស្អាត​បរិសុទ្ធ! ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ! ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​មក​យើង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់ យ៉ាង​ណា​ក្ដី ក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សំឡី​វិញ​ដែរ ហើយ​ទោះ​បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយ វា​នឹង​ប្រែ​ជា ស​ដូច​កប្បាស ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​បរិភោគ ផល​ល្អៗ​នៅ​ក្នុង​ស្រុក​នេះ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​មិន​យល់​ព្រម ហើយ​មាន​ចិត្ត​រឹង​ចចេស អ្នក​រាល់​គ្នា​មុខ​ជា​ស្លាប់​ដោយ​មុខ​ដាវ​ពុំ‌ខាន​ឡើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​ដូច​ម្ដេច​បាន​ជា​បុរី​ដ៏​ស្មោះ​ត្រង់ បែរ​ជា​ខូច អស់​បែប​នេះ? ពី​មុន នៅ​ក្នុង​ទីក្រុង មាន​ពេញ​ដោយ​យុត្តិធម៌ សេចក្ដី​សុចរិត​ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​គ្រប់‌គ្រង សុទ្ធ​តែ​ជា​ឃាតក! អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ប្រាក់​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត‌ស្អំ​ទេ ហើយ​ស្រា​របស់​អ្នក​រាល់​គ្នា​ក៏​លាយ​ទឹក​ដែរ។ អ្នក​ដឹក​នាំ​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ ពួក​គេ​ចូល​ដៃ​ជា​មួយ​ចោរ ពួក​គេ​ចូល​ចិត្ត​សំណូក ហើយ​គិត​តែ​ពី​ស្វះ‌ស្វែង​រក​ជំនូន គឺ​ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា​ទេ ហើយ​ក៏​មិន​រវី‌រវល់​ស្ដាប់​ស្ត្រី​មេម៉ាយ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជម្នះ​ពី​បច្ចា‌មិត្ត​របស់​យើង ហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង! យេរូ‌សាឡឹម​អើយ យើង​នឹង​វាយ​ប្រដៅ​អ្នក យើង​នឹង​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​លោហ‌ធាតុ យើង​ក៏​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មង ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ចៅ‌ក្រម​របស់​អ្នក បាន​ដូច​ចៅ‌ក្រម​នៅ​ជំនាន់​ដើម ហើយ​ធ្វើ​ឲ្យ​ទី​ប្រឹក្សា​របស់​អ្នក បាន​ដូច​ទី​ប្រឹក្សា​នៅ​ជំនាន់​មុន​ដែរ។ ពេល​នោះ គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​ដ៏​សុចរិត” “បុរី​ដ៏​ស្មោះ​ត្រង់”។ យុត្តិធម៌​នឹង​រំដោះ​ក្រុង​ស៊ីយ៉ូន ឲ្យ​មាន​សេរី‌ភាព ហើយ​សេចក្ដី​សុចរិត​ក៏​នឹង​រំដោះ ប្រជា‌ជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត ឲ្យ​មាន​សេរី‌ភាព​ដែរ។ រីឯ​ពួក​បះ‌បោរ មនុស្ស​បាប និង​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់​វិញ គេ​នឹង​វិនាស​អន្តរាយ​ជា​មួយ​គ្នា​អស់​ទៅ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​ជំពាក់​ចិត្ត​នឹង​ដើម​ឈើ​ដ៏​សក្ការៈ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​បាន​ជ្រើស​រើស​សួន​ឧទ្យាន​ទាំង​នោះ ទុក​ជា​កន្លែង​ធ្វើ​សក្ការ‌បូជា​ដែរ។ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ដើម​ឈើ​ទាំង​នោះ ដែល​មាន​ស្លឹក​ក្រៀម​ស្ងួត ហើយ​ដូច​សួន​ឧទ្យាន​ដែល​គ្មាន​ទឹក។ មនុស្ស​ខ្លាំង​ពូកែ​នឹង​ក្លាយ​ទៅ​ជា​កម្ទេច​ឈើ​ស្ងួត ហើយ​អ្វីៗ​ដែល​គេ​ធ្វើ ប្រៀប​បាន​នឹង​ផ្កា​ភ្លើង ដែល​ឆេះ​ជា​មួយ​គ្នា គ្មាន​នរណា​ពន្លត់​បាន​ឡើយ។

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ការ​ជាក់‌ស្តែង​ដែល​អេសាយ ជា​កូន​អ័ម៉ូស​បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស ហើយ​នឹង​ហេសេគា ជា​ស្តេច​ស្រុក​យូដា។ ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា អញ​បាន​ចិញ្ចឹម​បី‌បាច់‌រក្សា​កូន តែ​វា​រាល់​គ្នា​បាន​បះ‌បោរ​នឹង​អញ​វិញ ឯ​គោ​វា​ស្គាល់​ម្ចាស់ ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែអ៊ីស្រាអែល​មិន​ស្គាល់​សោះ រាស្ត្រ​អញ​មិន​ពិចារណា​ទេ ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ ឯង​រាល់​គ្នា​ចង់​ត្រូវ​រំពាត់​ទៀត​ធ្វើ​អី បាន​ជា​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ គ្រប់​ទាំង​ក្បាល​ក៏​ឈឺ គ្រប់​ទាំង​ចិត្ត​បាន​ល្វើយ​ផង​ហើយ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស នឹង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិតឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ ស្រុក​របស់​ឯង​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ ទី​ក្រុង​ឯង​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​ឯង នៅ​ចំពោះ​ឯង​ផង ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់​ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ កូន​ស្រី​របស់​ក្រុង​ស៊ីយ៉ូន នាង​ត្រូវ​លះ​ចោល​ដូច​ជា​បង្ហា​ដែល​នៅ​ចំការ​ទំពាំង‌បាយ‌ជូរ ដូច​ជា​ជំរំ​នៅ​ចំការ​ត្រសក់ ដូច​ជា​ទី​ក្រុង ដែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ហើយ បើ‌សិន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច​នៅ នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។ ឱ​ពួក​គ្រប់‌គ្រង​លើ​ក្រុង​សូដុំម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា យញ្ញ‌បូជា​ដ៏​មាន​ច្រើន​ម៉្លេះ​របស់​ឯង​រាល់​គ្នា តើ​ជា​អ្វី​ដល់​អញ អញ​ធុញ‌ទ្រាន់​ចំពោះ​ចៀម​ឈ្មោល នឹង​ខ្លាញ់​នៃ​សត្វ​បំប៉ន ដែល​ឯង​ដុត​ថ្វាយ​ណាស់ អញ​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​នៃ​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ កាល​ណា​ឯង​រាល់​គ្នា​លេច​មក​នៅ​ចំពោះ​អញ នោះ​តើ​អ្នក​ណា​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​បាន​ចូល​មក​ជាន់​ទីលាន​របស់​អញ​នេះ កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ នឹង​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ ចិត្ត​អញ​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ នឹង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​អញ​ជា​ខ្លាំង អញ​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម ចូរ​លាង​ចេញ ចូរ​ជំរះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការ‌ពារ​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្រី​មេម៉ាយ​ចុះ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម‌ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ បើ‌សិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ តែ​បើ​ឯង​មិន​ព្រម​វិញ ហើយ​បះ‌បោរ​ផង នោះ​ឯង​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ ពី​ព្រោះ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា បាន​មាន​បន្ទូល​ស្រេច​ហើយ។ ទី​ក្រុង​ស្មោះ‌ត្រង់​បាន​ក្បត់​ជា​សំផឹង​ដូច្នេះ​ដែរ​ហ្ន៎ គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សំឡាប់​វិញ ប្រាក់​របស់​ឯង​បាន​ត្រឡប់​ទៅ​ជា​អាចម៍​ប្រាក់​ទៅ​ហើយ ឯ​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង ក៏​លាយ​ដោយ​ទឹក​ដែរ ពួក​មេ​របស់​ឯង​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​ភឿន‌មិត្រ​នឹង​ពួក​ចោរ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ​ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អា៎ អញ​នឹង​ដោះ​ពួក​ត​តាំង​នឹង​អញ​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ អញ​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង​ទៀត ហើយ​នឹង​សំអាត​មន្ទិល​សៅ‌ហ្មង​របស់​ឯង​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កំចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​ឯង​ផង រួច​អញ​នឹង​តាំង​ពួក​ចៅ‌ក្រម​របស់​ឯង​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​ឯង ដូច​កាល​ជាន់​មុន​ដែរ ពី​នោះ​ត​ទៅ គេ​នឹង​ហៅ​ឯង​ជា «ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់» វិញ ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ​ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត តែ​ឯ​ពួក​អ្នក​រំលង នឹង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា​មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ ដ្បិត​គេ​នឹង​មាន​សេចក្ដី​ខ្មាស ចំពោះ​ដើម​ម៉ៃសាក់ដែល​ឯង​រាល់​គ្នា​ធ្លាប់​យក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​ឯង​រាល់​គ្នា​នឹង​ឡើង​មុខ​ក្រហម ដោយ​ព្រោះ​សួន‌ច្បារ​ដែល​ឯង​រាល់​គ្នា​បាន​រើស​យក​នោះ ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក នោះ​ពួក​មនុស្ស​មាន​កំឡាំង​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើងហើយ​ទាំង​២​យ៉ាង​នឹង​ឆេះ​ជា​មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។

ចែក​រំលែក
អាន អេសាយ 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ