ហូសេ 2:14-20
ហូសេ 2:14-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះយើងនឹងទាក់ទាញចិត្តនាង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយលួងលោមចិត្តនាង។ ពេលនោះ យើងនឹងប្រគល់ចម្ការ ទំពាំងបាយជូរឲ្យនាងវិញ។ ជ្រលងភ្នំអាកោរ នឹងក្លាយទៅជាទ្វារ នាំនាងទៅរកសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានាងនៅពីក្មេង គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។ នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី” គឺនាងលែងហៅយើងថា “ព្រះម្ចាស់នាងខ្ញុំ!” ទៀតហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងឲ្យនាងលែងបញ្ចេញ ឈ្មោះព្រះបាលទាំងនោះទៀត គឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។ នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រី ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើង យើងនឹងកាច់បំបាក់ធ្នូ និងដាវ មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ជាដរាបតរៀងទៅ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយសុចរិត និងយុត្តិធម៌ ដោយភក្ដីភាព និងអាណិតអាសូរ។ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយចិត្តស្មោះស្ម័គ្រ ហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់។
ហូសេ 2:14-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង នាំនាងទៅឯទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង។ នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ របស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានៅពីក្មេង គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីព្ទ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ នាងនឹងហៅយើងថា "លោកប្តី" គឺនាងនឹងលែងហៅយើងថា "លោកម្ចាស់" ទៀតហើយ។ ដ្បិតយើងនឹងដកឈ្មោះព្រះបាលទាំងនោះចេញពីមាត់នាង គឺគេនឹងលែងនឹកនាពីឈ្មោះទាំងនោះទៀត។ នៅថ្ងៃនោះ យើងក៏នឹងតាំងសញ្ញាមួយឲ្យគេ ជាមួយសត្វព្រៃ សត្វហើរលើអាកាស និងសត្វលូនវារលើដី។ យើងនឹងបំបាត់ធ្នូ ដាវ និងសង្គ្រាមចេញពីស្រុក ហើយយើងនឹងធ្វើឲ្យអ្នកដេកយ៉ាងសុខសាន្ត។ យើងនឹងដណ្តឹងនាងទុកសម្រាប់យើងជាដរាបតរៀងទៅ គឺយើងនឹងដណ្តឹងនាងសម្រាប់យើង ដោយសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ដោយសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា។ យើងនឹងដណ្តឹងនាងទុកសម្រាប់យើង ដោយសេចក្ដីស្មោះត្រង់ ហើយនាងនឹងស្គាល់ព្រះយេហូវ៉ា។
ហូសេ 2:14-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយហេតុនោះ មើល អញនឹងប្រលោមនាំនាងទៅឯទីរហោស្ថាន ហើយនិយាយសំរបចិត្តនាង នៅទីនោះ អញនឹងប្រគល់ចំការទំពាំងបាយជូររបស់នាងដល់នាងវិញ ព្រមទាំងច្រកភ្នំអាកោរ ទុកជាទ្វារនៃទីសង្ឃឹម ហើយនៅទីនោះនាងនឹងឆ្លើយតបដល់អញ ដូចកាលនៅវ័យក្មេង នឹងដូចនៅថ្ងៃដែលឡើងចេញពីស្រុកអេស៊ីព្ទមក ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះនាងនឹងហៅអញថា «អ្នកប្ដី»អើយ មិនមែនហៅថា «លោកម្ចាស់»ទៀតឡើយ ដ្បិតអញនឹងដកអស់ទាំងឈ្មោះនៃព្រះបាលចេញពីមាត់នាង នោះអញនឹងលែងនឹកដើមពីឈ្មោះព្រះទាំងនោះទៀត នៅថ្ងៃនោះអញក៏នឹងតាំងសញ្ញាឲ្យគេ ជាមួយនឹងសត្វនៅផែនដី នឹងសត្វហើរលើអាកាស ហើយសត្វលូនវានៅដីផង អញនឹងបំបាក់ធ្នូ នឹងដាវ ហើយធ្វើឲ្យការសង្គ្រាមបាត់ចេញពីស្រុកទៅ ឲ្យគេបានដេកទៅដោយសុខសាន្ត នោះអញនឹងដណ្តឹងនាងសំរាប់អញ ទុកជាដរាបតទៅ អើ អញនឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ សេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា ក៏នឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្ដីស្មោះត្រង់ផង នោះនាងនឹងបានស្គាល់ព្រះយេហូវ៉ា។