ហូសេ 2:1-15

ហូសេ 2:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ប្រាប់ "អាំមី " ជា​បង‌ប្អូន​ប្រុស របស់​អ្នក ហើយ​ប្រាប់ "រូហាម៉ា "​ជា​បង‌ប្អូន​ស្រី របស់​អ្នក។ ចូរ​ចោទ​ប្រកាន់​ម្តាយ​របស់​ឯង ចូរ​ចោទ​ប្រកាន់​ទៅ ដ្បិត​នាង​មិន​មែន​ជា​ប្រពន្ធ​យើង​ទេ យើង​ក៏​មិន​មែន​ជា​ប្តី​របស់​នាង​ដែរ ចូរ​ឲ្យ​នាង​លះ​ចោល​អំពើ​ពេស្យា‌ចារ​ពី​មុខ​នាង​ចេញ ហើយ​អំពើ​ផិត​ក្បត់​ពី​កណ្ដាល​ទ្រូង​នាង​ចេញ​ទៅ ពុំ​នោះ​ទេ យើង​នឹង​សម្រាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​នាង​ត្រឡប់​ដូច​ជា​ថ្ងៃ​ដែល​កើត​មក ឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន គឺ​ដូច​ជា​ដី​ហួត‌ហែង ក៏​នឹង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។ យើង​នឹង​មិន​អាណិត​មេត្តា​ដល់​កូន​របស់​នាងទេ ព្រោះ​គេ​សុទ្ធ​តែ​ជា​កូន​នៃ​អំពើ​ពេស្យា‌ចារ។ ម្តាយ​របស់​គេ​បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា គឺ​អ្នក​ដែល​បាន​ពរ​ពោះគេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ ដ្បិត​នាង​បាន​ពោល​ថា "ខ្ញុំ​នឹង​ទៅ​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​គេ​បាន​ឲ្យ​នំបុ័ង ឲ្យ​ទឹកមក​ខ្ញុំ គេ​ឲ្យ​រោម​ចៀម ខ្លូត‌ទេស ប្រេង និង​ស្រា​មក​ខ្ញុំ​ទៀត​ផង"។ ដូច្នេះ យើង​នឹង​ស្រាស់​ផ្លូវ​នាង ដោយ​បន្លា ហើយ​សង់​កំផែង​ទាស់​នឹង​នាង ដើម្បី​កុំ​ឲ្យ​នាង​រក​ផ្លូវ​ឃើញ​ទៀត។ នាង​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​នាង តែ​តាម​គេ​មិន​ទាន់​ឡើយ នាង​នឹង​ស្វែង​រក​គេ តែ​នឹង​មិន​ប្រទះ​សោះ ពេល​នោះ នាង​នឹង​ពោល​ថា "ខ្ញុំ​នឹង​វិល​ទៅ​រក​ប្តី​ដើម​ខ្ញុំ​វិញ ដ្បិត​នៅ​គ្រា​នោះ ខ្ញុំ​បាន​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នេះ"។ នាង​មិន​បាន​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​បាន​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ដល់​នាង ហើយ​ក៏​បាន​ផ្ដល់​ប្រាក់ និង​មាស​ជា​ច្រើន​ដល់​នាង តែ​នាង​បែរ​ជា​យក​របស់​ទាំង​នោះ ទៅ​ថ្វាយ​ព្រះ​បាល​ទៅ​វិញ។ ដូច្នេះ យើង​នឹង​ដក​យក​ស្រូវ​របស់​យើង​នៅ​រដូវ​ចម្រូត យើង​នឹង​ដក​ស្រា​ថ្មី​របស់​យើង​វិញ នៅ​រដូវ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ យើង​ក៏​នឹង​ដក​យក​រោម​ចៀម និង​ខ្លូត‌ទេស​របស់​យើង ដែល​សម្រាប់​បិទ​បាំង​ភាព​អាក្រាតរបស់​នាង​មក​វិញ​ដែរ។ ឥឡូវ​នេះ យើង​នឹង​បើក​កេរខ្មាស​របស់​នាង នៅ​មុខ​គូ​ស្នេហ៍​របស់​នាង គ្មាន​អ្នក​ណាអាច​ដោះ​នាង​ចេញ​ពី​ដៃ​យើង​បាន​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​នាង​បាត់​បង់​សំណើច​ក្អាក​ក្អាយ ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ បុណ្យ​ថ្ងៃ​សប្ប័ទ និង​បុណ្យ​ដែល​បាន​កំណត់​ទាំង​ប៉ុន្មាន​របស់​នាង។ យើង​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា "ចម្ការ​ទាំង​នេះ​ជា​ឈ្នួល​ដែល​គូ​ស្នេហ៍​របស់​ខ្ញុំ​បាន​ឲ្យ"។ យើង​នឹង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ត្រឡប់​ទៅ​ជា​ព្រៃ ហើយ​សត្វ​ព្រៃ​នឹង​ស៊ី​បង្ហិន​អស់។ យើង​នឹង​ដាក់​ទោស​នាង​សម្រាប់​អស់​ទាំង​ថ្ងៃ ដែល​នាង​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​បាល គឺ​ពេល​ដែល​នាង​បាន​តែង​ខ្លួន ដោយ​ទំហូ និង​គ្រឿង​លម្អ​ផ្សេងៗ​របស់​នាង ហើយ​រត់​តាម​គូ​ស្នេហ៍​របស់​នាង រួច​បំភ្លេច​យើង​ចោល នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ដោយ​ហេតុ​នោះ មើល៍ យើង​នឹង​ប្រលោម​នាង នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយលួង​លោម​ចិត្ត​នាង។ នៅ​ទី​នោះ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ របស់​នាងឲ្យ​នាង​វិញ ហើយ​ធ្វើ​ឲ្យ​ជ្រលង​ភ្នំ​អាកោរ ក្លាយ​ជា​ទ្វារ​នៃ​សេចក្ដី​សង្ឃឹម។ នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើង ដូចគ្រា​នៅ​ពី​ក្មេង គឺ​ដូច​គ្រា​ដែល​នាង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

ចែក​រំលែក
អាន ហូសេ 2

ហូសេ 2:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ហៅ​បងប្អូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ថា “អាំមី” ចូរ​ហៅ​បងប្អូន​ស្រី​របស់​អ្នក​រាល់​គ្នា​ថា “រូហា‌ម៉ា” ។ ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅ ដ្បិត​នាង​មិន​មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ! ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ពេស្យា ចេញ​ពី​មុខ​របស់​ខ្លួន ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ក្បត់​ប្ដី ចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ! បើ​មិន​ដូច្នោះ​ទេ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ទុក​ឲ្យ​ខ្លួន​នៅ​ទទេ ដូច​ថ្ងៃ​ដែល​នាង​ទើប​នឹង​កើត យើង​ធ្វើ​ឲ្យ​នាង​ប្រៀប​បាន​នឹង​វាល​រហោ‌ស្ថាន។ យើង​ធ្វើ​ឲ្យ​នាង​ក្លាយ​ដូច​ជា​ដី​ហួត‌ហែង យើង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។ យើង​នឹង​មិន​អាណិត‌អាសូរ​កូន​របស់​នាង​ទេ ព្រោះ​កូន​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ដែល​កើត​ពី អំពើ​ពេស្យា‌ចារ។ ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យា ស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​អ្នក​ទាំង​នោះ​ឲ្យ​ខ្ញុំ​មាន​បាយ​ទឹក រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ ព្រម​ទាំង​ប្រេង និង​ស្រា​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​បន្លា មក​ស្រះ​ផ្លូវ​របស់​នាង យើង​ដាក់​របង​ឃាំង​នាង ដើម្បី​កុំ​ឲ្យ​នាង​រក​ផ្លូវ​ឃើញ​ទៀត​ឡើយ។ នាង​ខំ​រត់​តាម​គូ​ស្នេហ៍​របស់​នាង តែ​តាម​ពួក​គេ​មិន​ទាន់​ទេ នាង​ខំ​ដើរ​រក​ពួក​គេ តែ​រក​មិន​ឃើញ​ឡើយ។ នាង​ក៏​ពោល​ថា: បើ​ដូច្នេះ ខ្ញុំ​នឹង​វិល​ទៅ​រក​ប្ដី​ដើម​វិញ ដ្បិត​ពី​មុន ខ្ញុំ​សប្បាយ​ចិត្ត​ជាង​សព្វ​ថ្ងៃ​នេះ។ នាង​ពុំ​បាន​យល់​ថា គឺ​យើង​ឯ‌ណេះ​ទេ ដែល​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ឲ្យ​នាង យើង​ក៏​ផ្ដល់​មាស​ប្រាក់​ជា​ច្រើន​ដល់​នាង​ដែរ តែ​នាង បែរ​ជា​យក​របស់​ទាំង​នោះ​សែន ព្រះ​បាល​ទៅ​វិញ។ ហេតុ​នេះ​បាន​ជា​យើង​នឹង​វិល​មក​យក ស្រូវ​របស់​យើង​វិញ នៅ​រដូវ​ចម្រូត យើង​នឹង​យក​ស្រា​ថ្មី​របស់​យើង​វិញ នៅ​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ យើង​ក៏​នឹង​យក​រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ​នាង​ទៅ​វិញ​ដែរ។ ឥឡូវ​នេះ យើង​បើក​កេរ‌ខ្មាស​នាង នៅ​ចំពោះ​មុខ​គូ​ស្នេហ៍​របស់​នាង គ្មាន​នរណា​អាច​រំដោះ​នាង​ពី​ដៃ​យើង​បាន​ទេ។ យើង​ធ្វើ​ឲ្យ​នាង​បាត់​បង់ ការ​សប្បាយ​ទាំង​ប៉ុន្មាន ហើយ​ពិធី​បុណ្យ​នានា បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* និង​បុណ្យ​ដ៏​សំខាន់​ទាំង​ប៉ុន្មាន ក៏​លែង​មាន​ទៀត​ដែរ។ យើង​នឹង​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ឧទុម្ពរ​របស់​នាង ព្រោះ​នាង​ពោល​ថា ចម្ការ​ទាំង​នោះ ជា​កម្រៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​ឲ្យ។ យើង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃ ហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។ យើង​ដាក់​ទោស​នាង តាម​ចំនួន​ថ្ងៃ ដែល​នាង​បាន​ដុត​គ្រឿង​ក្រអូប​សែន ព្រះ​បាល​ទាំង‌ឡាយ នាង​បាន​តុប‌តែង​ខ្លួន​ពាក់​ក្រវិល ពាក់​ខ្សែ​ក រត់​តាម​គូ​ស្នេហ៍​របស់​នាង។ រីឯ​យើង​វិញ នាង​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ​យើង​នឹង​ទាក់‌ទាញ​ចិត្ត​នាង ដោយ​នាំ​នាង​ទៅ​វាល​រហោ‌ស្ថាន យើង​នឹង​និយាយ​លួង‌លោម​ចិត្ត​នាង។ ពេល​នោះ យើង​នឹង​ប្រគល់​ចម្ការ ទំពាំង‌បាយជូរ​ឲ្យ​នាង​វិញ។ ជ្រលង​ភ្នំ​អាកោរ នឹង​ក្លាយ​ទៅ​ជា​ទ្វារ នាំ​នាង​ទៅ​រក​សេចក្ដី​សង្ឃឹម។ នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើង ដូច​គ្រា​នាង​នៅ​ពី​ក្មេង គឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។

ចែក​រំលែក
អាន ហូសេ 2

ហូសេ 2:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ប្រាប់​ដល់​ពួក​បង​ប្អូន​ប្រុស​របស់​ឯង​ថា «អាំមី» ហើយ​ដល់​បង​ប្អូន​ស្រី​ថា «រូហាម៉ា»ចុះ។ ចូរ​ស្តី​ប្រដៅ​ដល់​ម្តាយ​ឯង ចូរ​ស្តី​ប្រដៅ​ចុះ ដ្បិត​នាង​មិន​មែន​ជា​ប្រពន្ធ​អញ​ទេ អញ​ក៏​មិន​មែន​ជា​ប្ដី​នាង​ដែរ ត្រូវ​ឲ្យ​នាង​លះ​ចោល​ការ​កំផិត​ពី​មុខ​នាង​ចេញ ហើយ​ការ​កន្លង​បវេណី​ពី​កណ្តាល​ទ្រូង​នាង​ទៅ ក្រែង​អញ​សំរាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​ត្រឡប់​ដូច​ជា​នៅ​ថ្ងៃ​ដែល​កើត​មក​វិញ ឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន គឺ​ដូច​ជា​ដី​ហួត‌ហែង ព្រម​ទាំង​សំឡាប់​នាង​ដោយ​ខះ​ស្រេក​ផង អើ អញ​នឹង​មិន​អាណិត​មេត្តា​ដល់​ទាំង​កូន​នាង​ដែរ ពី​ព្រោះ​វា​សុទ្ធ​តែ​ជា​កូន​សហាយ ដ្បិត​ម្តាយ​វា​បាន​ប្រព្រឹត្ត​ការ​កំផិត គឺ​អ្នក​ដែល​បាន​ឲ្យ​វា​កើត​ឡើង បាន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​ហើយ ដ្បិត​នាង​បាន​ថា អញ​នឹង​ទៅ​តាម​ពួក​សហាយ​អញ ជា​អ្នក​ដែល​តែង​ឲ្យ​នំបុ័ងនឹង​ទឹក​មក​អញ ព្រម​ទាំង​រោម​ចៀម ខ្លូត‌ទេស ប្រេង នឹង​គ្រឿង​ផឹក​ផង ដូច្នេះ មើល អញ​នឹង​ស្រាស់​ផ្លូវ​នាង​ដោយ​បន្លា ហើយ​ធ្វើ​កំផែង​ផង ដើម្បី​មិន​ឲ្យ​នាង​ស្គាល់​ផ្លូវ​ខ្លួន​ទៀត នាង​នឹង​ទៅ​តាម​ពួក​សហាយ​របស់​ខ្លួន តែ​នឹង​មិន​ទាន់​ឡើយ នាង​នឹង​ស្វែង​រក​គេ តែ​នឹង​មិន​ប្រទះ​សោះ នោះ​នាង​នឹង​សំរេច​ថា អញ​នឹង​វិល​ទៅ​ឯ​ប្ដី​ដើម​វិញ ដ្បិត​នៅ​គ្រា​មុន​នោះ អញ​បាន​ស្រួល​ជាង​សព្វ​ថ្ងៃ​នេះ។ នាង​មិន​បាន​ដឹង​ថា គឺ​អញ​នេះ​ដែល​តែង‌តែ​ឲ្យ​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង​ដល់​នាង ព្រម​ទាំង​ចំរើន​ប្រាក់ នឹង​មាស​ដល់​នាង ដែល​គេ​បាន​ប្រើ​សំរាប់​គោរព​ដល់​ព្រះ​បាល​នោះ​ផង​ទេ ដូច្នេះ អញ​នឹង​ដក​យក​ស្រូវ​របស់​អញ​នៅ​រដូវ​ចំរូត នឹង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​អញ​មក​វិញ នៅ​ក្នុង​រដូវ​បេះ​ផ្លែ ហើយ​អញ​នឹង​កញ្ឆក់​យក​រោម​ចៀម នឹង​ខ្លូត‌ទេស​របស់​អញ ដែល​សំរាប់​ហ៊ុំហ​កេរ‌ខ្មាស​នាង​មក​វិញ​ដែរ ឥឡូវ​នេះអញ​នឹង​បើក​សេចក្ដី​អាម៉ាស់​ខ្មាស​នាង​ឲ្យ​ពួក​សហាយ​នាង​បាន​ឃើញ ឥត​មាន​អ្នក​ណា​ដោះ​នាង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ ក៏​នឹង​បំបាត់​សណ្ឋាន​រីក‌រាយ​របស់​នាង ព្រម​ទាំង​បុណ្យ​សម្ពោទ្យ បុណ្យ​ថ្ងៃ​ចូល​ខែ ថ្ងៃ​ឈប់​សំរាក ហើយ​អស់​ទាំង​ជំនុំ​មុត‌មាំ​របស់​នាង​ផង អញ​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ នឹង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា របស់​ទាំង​នេះ​ជា​ឈ្នួល​ដែល​សហាយ​នាង​បាន​ឲ្យ តែ​អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់​ទៅ​ជា​ព្រៃ​វិញ ឯ​សត្វ​ព្រៃ​នឹង​ស៊ី​អស់​ទៅ អញ​នឹង​ទំលាក់​អស់​ទាំង​ថ្ងៃ ដែល​នាង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​បាល​ទៅ​លើ​នាង​វិញ គឺ​ជា​ពេល​ដែល​នាង​បាន​ធ្លាប់​តែង​ខ្លួន ដោយ​ទំហូ នឹង​គ្រឿង​លំអរ​ផ្សេងៗ​របស់​នាង ទៅ​តាម​សហាយ​ទាំង​ភ្លេច​អញ​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ដោយ​ហេតុ​នោះ មើល អញ​នឹង​ប្រលោម​នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយ​សំរប​ចិត្ត​នាង នៅ​ទី​នោះ អញ​នឹង​ប្រគល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​នាង​ដល់​នាង​វិញ ព្រម​ទាំង​ច្រក​ភ្នំ​អាកោរ ទុក​ជា​ទ្វារ​នៃ​ទី​សង្ឃឹម ហើយ​នៅ​ទី​នោះ​នាង​នឹង​ឆ្លើយ​តប​ដល់​អញ ដូច​កាល​នៅ​វ័យ​ក្មេង នឹង​ដូច​នៅ​ថ្ងៃ​ដែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

ចែក​រំលែក
អាន ហូសេ 2