ចូរប្រាប់ "អាំមី " ជាបងប្អូនប្រុស របស់អ្នក ហើយប្រាប់ "រូហាម៉ា "ជាបងប្អូនស្រី របស់អ្នក។ ចូរចោទប្រកាន់ម្តាយរបស់ឯង ចូរចោទប្រកាន់ទៅ ដ្បិតនាងមិនមែនជាប្រពន្ធយើងទេ យើងក៏មិនមែនជាប្តីរបស់នាងដែរ ចូរឲ្យនាងលះចោលអំពើពេស្យាចារពីមុខនាងចេញ ហើយអំពើផិតក្បត់ពីកណ្ដាលទ្រូងនាងចេញទៅ ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។ យើងនឹងមិនអាណិតមេត្តាដល់កូនរបស់នាងទេ ព្រោះគេសុទ្ធតែជាកូននៃអំពើពេស្យាចារ។ ម្តាយរបស់គេបានធ្វើជាស្ត្រីពេស្យា គឺអ្នកដែលបានពរពោះគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ ដ្បិតនាងបានពោលថា "ខ្ញុំនឹងទៅតាមគូស្នេហ៍របស់ខ្ញុំ ព្រោះគេបានឲ្យនំបុ័ង ឲ្យទឹកមកខ្ញុំ គេឲ្យរោមចៀម ខ្លូតទេស ប្រេង និងស្រាមកខ្ញុំទៀតផង"។ ដូច្នេះ យើងនឹងស្រាស់ផ្លូវនាង ដោយបន្លា ហើយសង់កំផែងទាស់នឹងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀត។ នាងនឹងរត់តាមគូស្នេហ៍របស់នាង តែតាមគេមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ ពេលនោះ នាងនឹងពោលថា "ខ្ញុំនឹងវិលទៅរកប្តីដើមខ្ញុំវិញ ដ្បិតនៅគ្រានោះ ខ្ញុំបានប្រសើរជាងសព្វថ្ងៃនេះ"។ នាងមិនបានដឹងថា គឺយើងនេះហើយដែលបានផ្ដល់ស្រូវ ស្រាថ្មី និងប្រេងដល់នាង ហើយក៏បានផ្ដល់ប្រាក់ និងមាសជាច្រើនដល់នាង តែនាងបែរជាយករបស់ទាំងនោះ ទៅថ្វាយព្រះបាលទៅវិញ។ ដូច្នេះ យើងនឹងដកយកស្រូវរបស់យើងនៅរដូវចម្រូត យើងនឹងដកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងដកយករោមចៀម និងខ្លូតទេសរបស់យើង ដែលសម្រាប់បិទបាំងភាពអាក្រាតរបស់នាងមកវិញដែរ។ ឥឡូវនេះ យើងនឹងបើកកេរខ្មាសរបស់នាង នៅមុខគូស្នេហ៍របស់នាង គ្មានអ្នកណាអាចដោះនាងចេញពីដៃយើងបានឡើយ។ យើងនឹងធ្វើឲ្យនាងបាត់បង់សំណើចក្អាកក្អាយ ពិធីបុណ្យផ្សេងៗ បុណ្យចូលខែ បុណ្យថ្ងៃសប្ប័ទ និងបុណ្យដែលបានកំណត់ទាំងប៉ុន្មានរបស់នាង។ យើងនឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា "ចម្ការទាំងនេះជាឈ្នួលដែលគូស្នេហ៍របស់ខ្ញុំបានឲ្យ"។ យើងនឹងធ្វើឲ្យចម្ការទាំងនោះត្រឡប់ទៅជាព្រៃ ហើយសត្វព្រៃនឹងស៊ីបង្ហិនអស់។ យើងនឹងដាក់ទោសនាងសម្រាប់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយព្រះបាល គឺពេលដែលនាងបានតែងខ្លួន ដោយទំហូ និងគ្រឿងលម្អផ្សេងៗរបស់នាង ហើយរត់តាមគូស្នេហ៍របស់នាង រួចបំភ្លេចយើងចោល នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង នាំនាងទៅឯទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង។ នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ របស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានៅពីក្មេង គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីព្ទ។
អាន ហូសេ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 2:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ