ហេប្រឺ 9:6-28
ហេប្រឺ 9:6-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលបានរៀបចំរបស់ទាំងនោះរួចហើយ ពួកសង្ឃក៏ចូលទៅបំពេញការងារនៅក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច តែផ្នែកខាងក្នុង មានតែសម្តេចសង្ឃម្នាក់ប៉ុណ្ណោះដែលចូលទៅបាន ក្នុងមួយឆ្នាំម្តង ទាំងយកឈាមដែលលោកថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់អំពើបាបដែលប្រជាជនប្រព្រឹត្តដោយអចេតនា។ ចំណុចនេះ ព្រះវិញ្ញាណបរិសុទ្ធបង្ហាញថា ដរាបណាផ្នែកខាងមុខនៃរោងឧបោសថនៅមាននៅឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតក៏មិនទាន់បើកចំហដែរ (ដែលនេះជានិមិត្តរូបសម្រាប់ពេលបច្ចុប្បន្ន) ជាគ្រាដែលគេនៅតែថ្វាយតង្វាយ និងយញ្ញបូជានៅឡើយ ដែលតង្វាយទាំងនោះ ពុំអាចនឹងធ្វើឲ្យអ្នកដែលមកថ្វាយបង្គំ បានគ្រប់លក្ខណ៍ខាងមនសិការបានឡើយ គឺដោះស្រាយបានតែខាងម្ហូបអាហារ ភេសជ្ជៈ ហើយការលាងសម្អាតផ្សេងៗ ជាបញ្ញត្តិខាងសាច់ឈាមដែលបង្គាប់មកប៉ុណ្ណោះ ទម្រាំដល់ពេលកែទម្រង់អ្វីៗឡើងវិញ។ ប៉ុន្ដែ ពេលព្រះគ្រីស្ទបានយាងមកក្នុងឋានៈជាសម្តេចសង្ឃ ខាងឯការល្អដែលត្រូវមក នោះដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង (ដែលមិនបានធ្វើដោយដៃមនុស្ស គឺមិនមែននៅក្នុងលោកនេះទេ) ព្រះអង្គបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសូរេច ទាំងបានការប្រោសលោះអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ប្រសិនបើឈាមគោឈ្មោល និងឈាមពពែឈ្មោល ព្រមទាំងផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធ ពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។ ដោយហេតុនោះបានជាព្រះអង្គជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលព្រះអង្គហៅ បានទទួលព្រះបន្ទូលសន្យា ទុកជាមត៌កដ៏នៅអស់កល្បជានិច្ច ដោយព្រះអង្គសុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីអំពើរំលង ដែលគេប្រព្រឹត្តកាលនៅក្រោមសញ្ញាចាស់នៅឡើយ។ ដ្បិតទីណាដែលមានបណ្ដាំមត៌ក ទីនោះត្រូវតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលសរសេរបណ្ដាំនោះបានស្លាប់ហើយ។ ព្រោះសំបុត្របណ្តាំនោះយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ តែបើម្ចាស់បណ្ដាំនៅរស់នៅឡើយ គេមិនអាចយកមកអនុវត្តបានឡើយ។ ដូច្នេះ សេចក្ដីសញ្ញាមុនក៏មិនមែនតាំងឡើងដោយគ្មានឈាមដែរ។ ព្រោះ ពេលលោកម៉ូសេបានប្រកាសបទបញ្ជាទាំងប៉ុន្មាន តាមក្រឹត្យវិន័យដល់ប្រជាជនទាំងឡាយហើយ លោកយកឈាមកូនគោ ឈាមពពែ ទឹក រោមចៀមជ្រលក់ក្រហម និងមែកហ៊ីសុប មកប្រោះលើគម្ពីរ ព្រមទាំងលើប្រជាជនទាំងអស់ ដោយមានប្រសាសន៍ថា៖ «នេះជាឈាមនៃសេចក្ដីសញ្ញា ដែលព្រះបានបង្គាប់មកអ្នករាល់គ្នា» ។ លោកក៏ប្រោះឈាមទៅលើរោងឧបោសថ និងអស់ទាំងគ្រឿងប្រដាប់ដែលប្រើប្រាស់សម្រាប់ថ្វាយបង្គំ បែបដូច្នោះដែរ។ តាមពិត ក្រោមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាតដោយសារឈាម ហើយបើគ្មានការខ្ចាយឈាមទេ នោះក៏គ្មានការអត់ទោសឲ្យរួចពីបាបដែរ។ ដូច្នេះ គំរូពីអ្វីៗដែលនៅស្ថានសួគ៌ ត្រូវបានសម្អាតតាមរយៈពិធីទាំងនេះ តែអ្វីៗដែលនៅស្ថានសួគ៌ផ្ទាល់ ត្រូវតែមានយញ្ញបូជាដែលប្រសើរជាងនេះ។ ដ្បិតព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃមនុស្ស ដែលជាគំរូពីអ្វីៗដ៏ពិតនោះទេ គឺចូលទៅក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញព្រះអង្គទ្រង់នៅចំពោះព្រះភក្ត្ររបស់ព្រះជំនួសយើង។ ព្រះអង្គមិនត្រូវថ្វាយព្រះអង្គទ្រង់ ម្តងហើយម្តងទៀត ដូចសម្តេចសង្ឃ ដែលតែងចូលទៅក្នុងទីបរិសុទ្ធរាល់ឆ្នាំ ទាំងយកឈាម ដែលមិនមែនជាឈាមខ្លួនឯងនោះឡើយ ដ្បិតបើដូច្នោះមែន ព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនដង តាំងពីកំណើតពិភពលោកមកម្ល៉េះ។ ប៉ុន្ដែ ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប ព្រះអង្គបានលេចមកម្ដងជាការស្រេច ដើម្បីដកយកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់ទុកជាយញ្ញបូជា ហើយដោយព្រោះបានតម្រូវឲ្យមនុស្សលោកទាំងអស់ស្លាប់ម្ដង រួចមកត្រូវទទួលការជំនុំជម្រះយ៉ាងណា ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។
ហេប្រឺ 9:6-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃព្រះពន្លានោះជាប្រក្រតី។ រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះ ដែលចូលទៅបាន មួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាងកំហុសរបស់ខ្លួនលោកផ្ទាល់ និងកំហុសរបស់ប្រជាជន។ ត្រង់នេះ ព្រះវិញ្ញាណដ៏វិសុទ្ធ*បង្ហាញឲ្យយើងដឹងថា ដរាបណាផ្នែកខាងមុខនៃព្រះពន្លានៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈក៏ពុំទាន់បើកចំហឲ្យយើងចូលទៅបានដែរ។ នេះហើយជានិមិត្តរូបសម្រាប់បច្ចុប្បន្នកាល គឺមានន័យថា តង្វាយ និងយញ្ញបូជាដែលមនុស្សយកមកថ្វាយព្រះជាម្ចាស់ ពុំអាចធ្វើឲ្យមនសិការរបស់អ្នកដែលមកគោរពបម្រើ ទៅជាគ្រប់លក្ខណៈឡើយ។ ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារ ភេសជ្ជៈ និងអំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទម្រាំដល់ពេលព្រះជាម្ចាស់កែទម្រង់អ្វីៗទាំងអស់ឡើងវិញ។ រីឯព្រះគ្រិស្តវិញ ព្រះអង្គបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្តិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ ព្រះអង្គពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ចូលទៅថ្វាយក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។ ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបរិសុទ្ធ និងឲ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្តវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្តបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។ ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះគ្រិស្តបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។ ធម្មតា គេអាចចែកកេរមត៌កតាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះស្លាប់ទៅហើយ ព្រោះពាក្យបណ្ដាំអាចយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់ គេពុំអាចអនុវត្តតាមពាក្យបណ្ដាំនោះឡើយ។ ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុនក៏ចាប់ផ្ដើមយកជាការបាន ទាល់តែមានការបង្ហូរឈាម។ ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ ស្របតាមក្រឹត្យវិន័យ* ឲ្យប្រជាជនទាំងមូលស្ដាប់រួចហើយ លោកយករោមចៀមដែលជ្រលក់ពណ៌ក្រហម និងស្លឹកហ៊ីសុប មកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និងទឹកប្រោះលើគម្ពីរ ព្រមទាំងលើប្រជាជនទាំងមូល លោកមានប្រសាសន៍ថាៈ «នេះជាលោហិតនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម» ។ បន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើព្រះជាម្ចាស់ដែរ។ តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។ អ្វីៗដែលគ្រាន់តែជាតំណាងតាមគំរូនៅស្ថានបរមសុខ* បានបរិសុទ្ធ* ដោយពិធីទាំងនេះទៅហើយ ចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅស្ថានបរមសុខនោះវិញ ត្រូវតែមានយញ្ញបូជាដ៏ប្រសើរជាងនេះទៅទៀត ទើបបានបរិសុទ្ធ។ ព្រះគ្រិស្តពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងចូលទៅក្នុងស្ថានបរមសុខតែម្ដង។ ឥឡូវនេះ ព្រះអង្គស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។ ព្រះគ្រិស្តពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យ* ដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។ បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គបានយាងមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។ មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា ព្រះគ្រិស្តក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដង ធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្ដងទៀត តែលើកនេះ គ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។
ហេប្រឺ 9:6-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលរបស់ទាំងនោះបានរៀបជាស្រេចហើយ នោះពួកសង្ឃក៏ចូលទៅ សំរេចការងារក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច តែឯផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះ ដែលចូលទៅបាន ក្នុង១ឆ្នាំ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រោះខ្លួនលោក នឹងអំពើបាបដែលប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ យ៉ាងនោះ ព្រះវិញ្ញាណបរិសុទ្ធសំដែងថា កាលរោងឧបោសថមុននោះនៅៗឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតមិនទាន់បើកទេ នេះជាសេចក្ដីប្រៀបពន្យល់ដល់ជាន់ឥឡូវនេះ ជាគ្រាដែលគេនៅតែថ្វាយដង្វាយ នឹងយញ្ញបូជានៅឡើយ ដែលដង្វាយទាំងនោះពុំអាចនឹងធ្វើឲ្យអ្នកដែលថ្វាយបានគ្រប់លក្ខណ៍ខាងឯបញ្ញាចិត្តបានឡើយ ដ្បិតមានតែសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ ដែលសំដែងពីម្ហូបម្ហា នឹងគ្រឿងផឹក ហើយការលាងសំអាតផ្សេងៗ ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ។ ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្ដីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយនេះទេ នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ ដ្បិតបើសិនជាឈាមគោឈ្មោល នឹងឈាមពពែឈ្មោល ហើយផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត ដោយហេតុនោះបានជាទ្រង់ជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលទ្រង់ហៅ បានទទួលសេចក្ដីសន្យា ទុកជាមរដកដ៏នៅអស់កល្បជានិច្ច ដោយទ្រង់សុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីការរំលង ដែលគេប្រព្រឹត្តពីកាលនៅក្រោមសញ្ញាចាស់នៅឡើយ ដ្បិតដែលមានសំបុត្រសញ្ញាចែកមរដក នោះត្រូវចាំដល់ម្ចាស់សំបុត្រស្លាប់ទៅសិន ទើបចែកបាន ពីព្រោះសំបុត្រសញ្ញានោះមានប្រយោជន៍តែកាលណាម្ចាស់បានស្លាប់ទៅហើយទេ កាលម្ចាស់កំពុងរស់នៅឡើយ នោះគ្មានអំណាចសោះ ដូច្នេះ សេចក្ដីសញ្ញាចាស់ក៏មិនបានតាំងឡើង ដោយឥតឈាមដែរ ពីព្រោះ កាលលោកម៉ូសេបានមានប្រសាសន៍ ប្រាប់ពីបញ្ញត្តទាំងប៉ុន្មាន តាមក្រិត្យវិន័យ ដល់ប្រជាជនទាំងឡាយហើយ នោះលោកក៏យកឈាមកូនគោ នឹងឈាមពពែ ព្រមទាំងទឹក នឹងរោមចៀមជ្រលក់ក្រហម ហើយនឹងមែកហ៊ីសុប មកប្រោះលើគម្ពីរនោះឯង ព្រមទាំងលើប្រជាជនទាំងអស់ដែរ ដោយមានប្រសាសន៍ថា «នេះជាឈាមនៃសញ្ញា ដែលព្រះទ្រង់បង្គាប់មកអ្នករាល់គ្នា» លោកក៏ប្រោះឈាមទៅលើរោងឧបោសថ នឹងគ្រឿងប្រដាប់ដែលសំរាប់ការងារទាំងប៉ុន្មានបែបដូច្នោះដែរ ហើយតាមក្រិត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ។ ដូច្នេះ អស់ទាំងគំរូពីរបស់នៅស្ថានសួគ៌បានត្រូវសំអាត ដោយសាររបស់ទាំងនោះ តែរបស់នៅស្ថានសួគ៌វិញ នោះត្រូវសំអាតដោយយញ្ញបូជាប្រសើរជាងទៅទៀត ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ ដំណាងយើងរាល់គ្នា ក៏មិនមែននឹងថ្វាយព្រះអង្គទ្រង់ជាញឹកញយ ដូចជាសំដេចសង្ឃ ដែលចូលទៅក្នុងទីបរិសុទ្ធរាល់តែឆ្នាំ ទាំងយកឈាមដទៃនោះដែរ ដ្បិតបើយ៉ាងដូច្នោះ នោះត្រូវឲ្យទ្រង់រងទុក្ខជាច្រើនដង តាំងពីកំណើតលោកីយមក តែជាន់ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប នោះទ្រង់បានលេចមក១ដង ដើម្បីនឹងលើកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់វិញ ទុកជាយញ្ញបូជា ហើយដោយព្រោះបានដំរូវត្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្ដីជំនុំជំរះ ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដងហើយ ដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។