ហេព្រើរ 9:6-28

ហេព្រើរ 9:6-28 គកស១៦

កាល​បាន​រៀប​ចំ​របស់​ទាំង​នោះ​រួច​ហើយ ពួក​សង្ឃ​ក៏​ចូល​ទៅ​បំពេញ​ការ‌ងារ​នៅ​ក្នុង​រោង​ឧបោសថ ផ្នែក​ខាង​មុខ​ជានិច្ច តែ​ផ្នែក​ខាង​ក្នុង មាន​តែ​សម្តេច​សង្ឃ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​បាន ក្នុង​មួយ​ឆ្នាំ​ម្តង ទាំង​យក​ឈាម​ដែល​លោក​ថ្វាយ​សម្រាប់​ខ្លួន​លោក និងសម្រាប់​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត​ដោយ​អចេតនា។ ចំណុច​នេះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បង្ហាញ​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​រោង​ឧបោ​សថ​នៅ​មាន​នៅ​ឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក៏​មិន​ទាន់​បើក​ចំហដែរ (ដែល​នេះ​ជា​និមិត្ត​រូប​សម្រាប់​ពេល​បច្ចុប្បន្ន) ជា​គ្រា​ដែល​គេ​នៅ​តែ​ថ្វាយ​តង្វាយ និង​យញ្ញ‌បូជា​នៅ​ឡើយ ដែល​តង្វាយ​ទាំង​នោះ ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែលមក​ថ្វាយ​បង្គំ បាន​គ្រប់​លក្ខណ៍​ខាង​មនសិការ​បាន​ឡើយ គឺ​ដោះ​ស្រាយ​បាន​តែ​ខាង​ម្ហូប​អាហារ ភេសជ្ជៈ ហើយ​ការ​លាង​សម្អាត​ផ្សេងៗ ជា​បញ្ញត្តិ​ខាង​សាច់​ឈាម​ដែល​បង្គាប់​មក​ប៉ុណ្ណោះ ទម្រាំ​ដល់​ពេល​កែ​ទម្រង់​អ្វីៗ​ឡើង​វិញ។ ប៉ុន្ដែ ពេល​ព្រះ‌គ្រីស្ទ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​សម្តេច​សង្ឃ ខាង​ឯ​ការ​ល្អ​ដែល​ត្រូវ​មក នោះ​ដោយ​សារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង (ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស គឺ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ) ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្ដង​ជា​សូរេច ទាំង​បាន​ការ​ប្រោស​លោះ​អស់​កល្បជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ ប្រសិន‌បើ​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​ឈ្មោល ព្រម​ទាំង​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក​គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ នោះ​ចំណង់​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដោយ​ឥត​សៅ‌ហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នឹង​សម្អាត​មនសិការរប​ស់​យើង​ឲ្យ​បាន​បរិសុទ្ធ ពី​កិច្ច‌ការ​ដែល​ស្លាប់ ដើម្បី​គោរព​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ហៅ បាន​ទទួល​ព្រះ‌បន្ទូល​សន្យា ទុក​ជា​មត៌ក​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះ‌អង្គ​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​អំពើ​រំលង ដែល​គេ​ប្រព្រឹត្ត​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ។ ដ្បិត​ទីណា​ដែល​មាន​បណ្ដាំ​មត៌ក ទី​នោះ​ត្រូវ​តែ​មាន​សេចក្ដី​បញ្ជាក់​ថា អ្នក​ដែល​សរសេរ​បណ្ដាំ​នោះ​បាន​ស្លាប់​ហើយ។ ព្រោះ​សំបុត្រ​បណ្តាំ​នោះ​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ តែ​បើ​ម្ចាស់​បណ្ដាំ​នៅ​រស់​នៅ​ឡើយ គេ​មិន​អាច​យក​មក​អនុវត្ត​បាន​ឡើយ។ ដូច្នេះ សេចក្ដីសញ្ញា​មុន​ក៏​មិនមែនតាំង​ឡើង​ដោយ​គ្មាន​ឈាម​ដែរ។ ព្រោះ ពេល​លោក​ម៉ូសេ​បាន​ប្រកាស​បទ‌បញ្ជា​ទាំង​ប៉ុន្មាន តាម​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន​ទាំង​ឡាយ​ហើយ លោក​យក​ឈាម​កូន​គោ ឈាម​ពពែ ទឹក រោម​ចៀម​ជ្រលក់​ក្រហម និង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់ ដោយ​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា ដែល​ព្រះ‌បាន​បង្គាប់​មក​អ្នក​រាល់​គ្នា» ។ លោក​ក៏​ប្រោះ​ឈាម​ទៅ​លើ​រោង​ឧបោ​សថ និង​អស់​ទាំង​គ្រឿង​ប្រដាប់​ដែល​ប្រើ​ប្រាស់​សម្រាប់​ថ្វាយ​បង្គំ បែប​ដូច្នោះ​ដែរ។ តាម​ពិត ក្រោម​ក្រឹត្យ‌វិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត​ដោយ​សារ​ឈាម ហើយ​បើ​គ្មាន​ការ​ខ្ចាយ​ឈាម​ទេ នោះ​ក៏​គ្មាន​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប​ដែរ។ ដូច្នេះ គំរូ​ពី​អ្វីៗ​ដែល​នៅ​ស្ថាន‌សួគ៌ ត្រូវ​បាន​សម្អាត​តាម​រយៈ​ពិធី​ទាំង​នេះ តែ​អ្វីៗ​ដែល​នៅ​ស្ថាន‌សួគ៌​ផ្ទាល់ ត្រូវ​តែ​មាន​យញ្ញ‌បូជា​ដែល​ប្រសើរ​ជាង​នេះ។ ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ​មនុស្ស ដែល​ជា​គំរូ​ពី​អ្វីៗដ៏​ពិត​នោះ​ទេ គឺ​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌​តែ​ម្ដង ដើម្បី​នឹង​បង្ហាញ​ព្រះ‌អង្គ​ទ្រង់​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ​ជំនួស​យើង។ ព្រះ‌អង្គ​មិន​ត្រូវ​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ម្តង​ហើយ​ម្តង​ទៀត ដូច​សម្តេច​សង្ឃ ដែលតែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​រាល់​ឆ្នាំ ទាំង​យក​ឈាម ដែល​មិន​មែន​ជា​ឈាម​ខ្លួន​ឯង​នោះ​ឡើយ ដ្បិត​បើ​ដូច្នោះ​មែន ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​ពិភព‌លោក​មក​ម្ល៉េះ។ ប៉ុន្ដែ ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប ព្រះ‌អង្គ​បាន​លេច​មក​ម្ដង​ជា​ការ​ស្រេច ដើម្បី​ដកយក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ‌បូជា ហើយ​ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​លោក​ទាំង​អស់​ស្លាប់​ម្ដង រួច​មកត្រូវ​ទទួល​ការ​ជំនុំ‌ជម្រះ​យ៉ាង​ណា ព្រះ‌គ្រីស្ទ​ក៏យ៉ាង​នោះ​ដែរ គឺ​ក្រោយ​ពីបាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​តែ​មួយ​ដង ដើម្បី​ដក​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្ដង​ទៀត​ជា​លើក​ទីពីរ មិន​មែន​សម្រាប់​អំពើ​បាប គឺដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ។

អាន ហេព្រើរ 9