ហេប្រឺ 8:1-5
ហេប្រឺ 8:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គោលដ៏សំខាន់បំផុតក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថា យើងមានមហាបូជាចារ្យ*មួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់ដ៏ឧត្ដុង្គឧត្ដមនៅស្ថានបរមសុខ។ ព្រះអង្គនៅបម្រើក្នុងទីសក្ការៈ* និងក្នុងព្រះពន្លា*ដ៏ពិតប្រាកដ ដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។ ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងឲ្យថ្វាយតង្វាយ និងថ្វាយយញ្ញបូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំបាច់។ ប្រសិនបើព្រះគ្រិស្តគង់នៅផែនដីនេះ ព្រះអង្គមិនមែនជាបូជាចារ្យទេ ព្រោះមានបូជាចារ្យឯទៀតៗសម្រាប់យកតង្វាយទៅថ្វាយ ស្របតាមក្រឹត្យវិន័យរួចស្រេចទៅហើយ។ អ្នកទាំងនោះធ្វើពិធីផ្សេងៗតាមគំរូ និងតាមស្រមោលនៃពិធីនៅស្ថានបរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះពន្លាថាៈ «ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ» ។
ហេប្រឺ 8:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯចំណុចសំខាន់ក្នុងសេចក្ដីដែលយើងកំពុងនិយាយនេះ គឺថា យើងមានសម្តេចសង្ឃមួយអង្គបែបនេះ ដែលគង់ខាងស្តាំបល្ល័ង្កនៃព្រះដ៏មានឫទ្ធានុភាពនៅស្ថានសួគ៌ ជាអ្នកមានការងារនៅក្នុងទីបរិសុទ្ធ និងក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនមនុស្សទេ។ ដ្បិតសម្តេចសង្ឃទាំងប៉ុន្មាន ត្រូវបានតែងតាំងឲ្យថ្វាយតង្វាយ និងយញ្ញបូជា ដូច្នេះ សម្ដេចសង្ឃនេះក៏ត្រូវមានអ្វីនឹងថ្វាយដែរ។ ប្រសិនបើព្រះអង្គគង់នៅផែនដី នោះព្រះអង្គមិនមែនជាសង្ឃទេ ព្រោះមានពួកសង្ឃដែលថ្វាយតង្វាយ តាមក្រឹត្យវិន័យហើយ។ អ្នកទាំងនោះជាគំរូ និងជាស្រមោលនៃអ្វីៗនៅស្ថានសួគ៌ ដូចព្រះបានបង្គាប់លោកម៉ូសេ នៅពេលលោករៀបនឹងសង់រោងឧបោសថថា «ចូរប្រយ័ត្ននឹងធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញអ្នកនៅលើភ្នំ» ។
ហេប្រឺ 8:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯដែលបង្រួមសេចក្ដីអធិប្បាយទាំងប៉ុន្មានអម្បាញ់មិញនេះ នោះគឺថា យើងរាល់គ្នាមានសំដេចសង្ឃ១អង្គយ៉ាងនោះ ដែលទ្រង់បានគង់ខាងស្តាំបល្ល័ង្កនៃឫទ្ធានុភាពនៅស្ថានសួគ៌ ជាអ្នកមានការងារក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ។ ឯសំដេចសង្ឃទាំងប៉ុន្មាន នោះបានតាំងឲ្យមានងារ សំរាប់នឹងថ្វាយដង្វាយ ហើយយញ្ញបូជា បានជាត្រូវឲ្យព្រះអង្គនេះបានអ្វីនឹងថ្វាយដែរ ដ្បិតបើសិនជាទ្រង់គង់នៅផែនដី នោះទ្រង់មិនបានធ្វើជាសង្ឃទេ ពីព្រោះមានពួកសង្ឃដែលថ្វាយដង្វាយ តាមក្រិត្យវិន័យហើយ ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ ដូចជាព្រះបានបង្គាប់លោកម៉ូសេ ក្នុងកាលដែលលោករៀបនឹងធ្វើរោងឧបោសថថា «ចូរប្រយ័តនឹងធ្វើគ្រប់ទាំងអស់ តាមគំរូដែលអញបានបង្ហាញឯងនៅលើភ្នំ»