ហេប្រឺ 6:1-6

ហេប្រឺ 6:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ ត្រូវ​ឈោង​ចាប់​យក​សេចក្ដី​ណា​ដែល​មាន​ខ្លឹម‌សារ គ្រប់​លក្ខណៈ​របស់​មនុស្ស​ពេញ​វ័យ ដោយ​ទុក​សេចក្ដី​ផ្សេងៗ​នៅ​ដើម​ដំបូង​ស្ដី​អំពី​ព្រះ‌គ្រិស្ត​នោះ​សិន យើង​មិន​បាច់​ចាក់​គ្រឹះ​សា​ជា​ថ្មី​ទៀត​ទេ គឺ​ដូច​ជា​និយាយ​អំពី​ការ​កែ​ប្រែ​ចិត្ត​គំនិត ឈប់​ប្រព្រឹត្ត​អំពើ​ឥត​បាន​ការ អំពី​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ អំពី​សេចក្ដី​បង្រៀន​ពី​ការ​ជ្រមុជ​ផ្សេងៗ អំពី​ពិធី​ដាក់​ដៃ* អំពី​ការ​រស់​ឡើង​វិញ ឬ​អំពី​ការ​វិនិច្ឆ័យ​ទោស​អស់‌កល្ប​ជានិច្ច​នោះ​ឡើយ។ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ យើង​នឹង​បរិយាយ​អំពី​សេចក្ដី​ដូច​ត​ទៅ​នេះ។ មាន​អ្នក​ខ្លះ​បាន​ទទួល​ពន្លឺ​ម្ដង​រួច​ហើយ ថែម​ទាំង​បាន​ស្គាល់​ឱជា‌រស​នៃ​ព្រះ‌អំណោយ​ទាន​ពី​ស្ថាន​បរម‌សុខ* បាន​រួម​ចំណែក​ជា​មួយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ព្រម​ទាំង​ស្គាល់​ឱជា‌រស​នៃ​ព្រះ‌បន្ទូល​ដ៏​ល្អ​វិសេស​របស់​ព្រះ‌ជាម្ចាស់ និង​ស្គាល់​ឫទ្ធា‌នុភាព​ទាំង‌ឡាយ​នៃ​បរ‌លោក​ទៀត​ផង។ ប្រសិន​បើ​គេ​បែរ​ជា​ធ្លាក់​ខ្លួន​បាត់​ជំនឿ​វិញ​នោះ គេ​មុខ​ជា​ពុំ​អាច​កែ​ប្រែ​ចិត្ត​គំនិត​សា​ជា​ថ្មី​ម្ដង​ទៀត​ឡើយ ដ្បិត​ខ្លួន​គេ​ផ្ទាល់​បាន​ឆ្កាង​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ព្រម​ទាំង​បាន​បន្ថោក​កិត្តិយស​ព្រះអង្គ​ជា​សាធារណៈ​ផង។

ចែក​រំលែក
អាន ហេប្រឺ 6

ហេប្រឺ 6:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​ឲ្យ​យើង​ចេញ​ពី​សេចក្តី​បង្រៀន​ខាង​ឯ​បឋម​សិក្សា​អំពី​ព្រះ‌គ្រីស្ទ​ទៅ ហើយ​ឈាន​ទៅ​រក​ភាព​ពេញ​វ័យ​វិញ មិន​ត្រូវ​ចាក់​គ្រឹះ​សា​ជា​ថ្មី​អំពី​ការ​ប្រែ​ចិត្ត​ពី​កិច្ច‌ការ​ដែល​ស្លាប់ អំពី​ជំនឿ​ដល់​ព្រះ អំពី​សេចក្តី​បង្រៀន​ខាង​ការ​ជ្រមុជ​ទឹក ការ​ដាក់​ដៃ​លើ ការ​រស់​ពី​ស្លាប់​ឡើង​វិញ និង​ការ​ជំនុំ‌ជម្រះ​ទោស​អស់​កល្ប​ជានិច្ច​នោះ​ទៀត​ឡើយ។ ប្រសិន‌បើ​ព្រះ​អនុញ្ញាត នោះ​យើង​នឹង​និយាយ​ពី​រឿង​នេះ។ ដ្បិត​អស់​អ្នក​ដែល​បាន​ភ្លឺ​ម្តង​មក​ហើយ ហើយ​បាន​ភ្លក់​អំណោយ‌ទាន​ពី​ស្ថាន‌សួគ៌ ក៏​មាន​ចំណែក​ជា​មួយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​បាន​ភ្លក់​ព្រះ‌បន្ទូល​ដ៏​ល្អ​របស់​ព្រះ និង​ព្រះ​ចេស្ដា​ទាំង​ឡាយ​នៃ​បរលោក ហើយ​បន្ទាប់​មក ប្រសិន‌បើ​គេ​ធ្លាក់​ចេញពី​ជំនឿ នោះ​គ្មាន​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​គេ​ប្រែ​ចិត្ត​ម្តង​ទៀត​បាន​ឡើយ ព្រោះ​គេ​បាន​ឆ្កាង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​សា​ជា​ថ្មី ព្រម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌អង្គ​អាម៉ាស់​មុខ​ជា​សា‌ធារណៈ​ទៀត​ផង។

ចែក​រំលែក
អាន ហេប្រឺ 6

ហេប្រឺ 6:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ឲ្យ​យើង​ឈប់ ខាង​ឯ​សេចក្ដី​បថម​សិក្សា​នៃ​ព្រះ‌បន្ទូល​ព្រះ‌គ្រីស្ទ ហើយ​ខំ​ឲ្យ​បាន​ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត​ចុះ មិន​ត្រូវ​តាំង​សេចក្ដី​ដើម​នោះ​ជា​ថ្មី​ឡើង​វិញ ដូច​ជា​សេចក្ដី​ប្រែ​ចិត្ត​ចេញ​ពី​ការ​ស្លាប់ នឹង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ ហើយ​នឹង​សេចក្ដី​បង្រៀន​ពី​បុណ្យ​ជ្រមុជ ការ​ដាក់​ដៃ សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ នឹង​សេចក្ដី​ជំនុំ‌ជំរះ​កាត់​ទោស ដល់​អស់​‌កល្ប​ជានិច្ច​នោះ​ឡើយ បើ​សិន​ជា​ព្រះ‌ទ្រង់​អនុញ្ញាត​ឲ្យ នោះ​យើង​រាល់​គ្នា​នឹង​ធ្វើ​ការ​នោះ​ឯង ដ្បិត​ឯ​ពួក​អ្នក​ដែល​បាន​ភ្លឺ​ម្តង ទាំង​ភ្លក់​អំណោយ​ទាន​នៃ​ស្ថាន‌សួគ៌ ក៏​បាន​ចំណែក​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ភ្លក់​ព្រះ‌បន្ទូល​ដ៏​ល្អ​នៃ​ព្រះ នឹង​ការ​ឫទ្ធិ‌បារមី​របស់​បរលោក​នាយ រួច​ធ្លាក់​ទៅ​វិញ នោះ​គ្មាន​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​គេ​ប្រែ​ចិត្ត​ម្តង​ទៀត​ទេ ដោយ​ព្រោះ​គេ​បាន​ឆ្កាង​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួន​គេ​រួច​ទៅ​ហើយ ព្រម​ទាំង​ធ្វើ​ឲ្យ​ទ្រង់​ហាល​មុខ​នៅ​កណ្តាល​ជំនុំ​ផង

ចែក​រំលែក
អាន ហេប្រឺ 6