ហេប្រឺ 6:1-6

ហេប្រឺ 6:1-6 គខប

ហេតុ​នេះ ត្រូវ​ឈោង​ចាប់​យក​សេចក្ដី​ណា​ដែល​មាន​ខ្លឹម‌សារ គ្រប់​លក្ខណៈ​របស់​មនុស្ស​ពេញ​វ័យ ដោយ​ទុក​សេចក្ដី​ផ្សេងៗ​នៅ​ដើម​ដំបូង​ស្ដី​អំពី​ព្រះ‌គ្រិស្ត​នោះ​សិន យើង​មិន​បាច់​ចាក់​គ្រឹះ​សា​ជា​ថ្មី​ទៀត​ទេ គឺ​ដូច​ជា​និយាយ​អំពី​ការ​កែ​ប្រែ​ចិត្ត​គំនិត ឈប់​ប្រព្រឹត្ត​អំពើ​ឥត​បាន​ការ អំពី​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ អំពី​សេចក្ដី​បង្រៀន​ពី​ការ​ជ្រមុជ​ផ្សេងៗ អំពី​ពិធី​ដាក់​ដៃ* អំពី​ការ​រស់​ឡើង​វិញ ឬ​អំពី​ការ​វិនិច្ឆ័យ​ទោស​អស់‌កល្ប​ជានិច្ច​នោះ​ឡើយ។ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ យើង​នឹង​បរិយាយ​អំពី​សេចក្ដី​ដូច​ត​ទៅ​នេះ។ មាន​អ្នក​ខ្លះ​បាន​ទទួល​ពន្លឺ​ម្ដង​រួច​ហើយ ថែម​ទាំង​បាន​ស្គាល់​ឱជា‌រស​នៃ​ព្រះ‌អំណោយ​ទាន​ពី​ស្ថាន​បរម‌សុខ* បាន​រួម​ចំណែក​ជា​មួយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ព្រម​ទាំង​ស្គាល់​ឱជា‌រស​នៃ​ព្រះ‌បន្ទូល​ដ៏​ល្អ​វិសេស​របស់​ព្រះ‌ជាម្ចាស់ និង​ស្គាល់​ឫទ្ធា‌នុភាព​ទាំង‌ឡាយ​នៃ​បរ‌លោក​ទៀត​ផង។ ប្រសិន​បើ​គេ​បែរ​ជា​ធ្លាក់​ខ្លួន​បាត់​ជំនឿ​វិញ​នោះ គេ​មុខ​ជា​ពុំ​អាច​កែ​ប្រែ​ចិត្ត​គំនិត​សា​ជា​ថ្មី​ម្ដង​ទៀត​ឡើយ ដ្បិត​ខ្លួន​គេ​ផ្ទាល់​បាន​ឆ្កាង​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ព្រម​ទាំង​បាន​បន្ថោក​កិត្តិយស​ព្រះអង្គ​ជា​សាធារណៈ​ផង។