ហេប្រឺ 5:1-6

ហេប្រឺ 5:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រប់​ទាំង​សម្តេច​សង្ឃ​ដែល​គេ​ជ្រើស​រើស​ក្នុង​ចំណោម​មនុស្ស ត្រូវ​បាន​តែង​តាំង​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ តំណាង​ឲ្យ​ពួក​គេ​ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌យូជា​សម្រាប់​លោះ​បាប។ លោក​មាន​អធ្យា‌ស្រ័យ​ដល់​មនុស្ស​ខ្លៅ‌ល្ងង់ និង​មនុស្ស​វង្វេង ព្រោះ​លោក​ក៏​មាន​ភាព​ទន់​ខ្សោយ​ដែរ ហើយ​ដោយ​ហេតុ​នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ​បូជា​សម្រាប់​អំពើ​បាប​របស់​ខ្លួន​លោក​ផ្ទាល់ ក៏​ដូច​ជា​សម្រាប់​អំពើ​បាប​របស់​ប្រជាជន​ដែរ។ គ្មាន​អ្នក​ណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខ​ងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​មាន​តែ​ពេល​ដែល​ព្រះ​ត្រាស់​ហៅ ដូច​លោក​អើរ៉ុន​ប៉ុណ្ណោះ។ ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​តម្កើង​ព្រះ‌អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សម្តេច​សង្ឃ​ដែរ គឺ​ព្រះ​ទេ​តើ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អង្គ​ថា៖ «អ្នក​ជា​កូន​របស់​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ» ហើយ​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​នៅ​កន្លែង​មួយ​ទៀត​ថា៖ «អ្នក​ជា​សង្ឃ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក» ។

ចែក​រំលែក
អាន ហេប្រឺ 5

ហេប្រឺ 5:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​ជ្រើស​រើស​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប​ពី​ចំណោម​មនុស្ស ហើយ​តែង‌តាំង​សម្រាប់​ឲ្យ​ទាក់ទង​ជា​មួយ​ព្រះ‌ជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប​មនុស្ស។ លោក​មហា​បូជា‌ចារ្យ​អាច​មាន​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​លោក​ផ្ទាល់​ក៏​ទន់​ខ្សោយ ហើយ​ដោយ​លោក​ទន់​ខ្សោយ ដូច្នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ និង​ប្រជា‌រាស្ត្រ​រួច​ពី​បាប។ គ្មាន​នរណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​ដូច​លោក​អើរ៉ុន ទើប​បំពេញ​បាន។ រីឯ​ព្រះ‌គ្រិស្ត​វិញ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​ពុំ​បាន​លើក​តម្កើង​ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​មហា​បូជា‌ចារ្យ​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​បាន​តែង‌តាំង​ព្រះអង្គ ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះអង្គ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ។ ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖ «ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក» ។

ចែក​រំលែក
អាន ហេប្រឺ 5

ហេប្រឺ 5:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ព្រោះ​អស់​ទាំង​សំដេច​សង្ឃ ដែល​គេ​រើស​យក​ពី​ពួក​មនុស្ស នោះ​បាន​តាំង​សំរាប់​មនុស្ស ក្នុង​អស់​ទាំង​ការ​ខាង​ឯ​ព្រះ ដើម្បី​នឹង​ថ្វាយ​ដង្វាយ នឹង​យញ្ញ‌បូជា ដោយ​ព្រោះ​បាប ជា​អ្នក​ដែល​មាន​អធ្យា‌ស្រ័យ​ដល់​មនុស្ស​ខ្លៅ‌ល្ងង់ នឹង​មនុស្ស​វង្វេង​ផង ដោយ​ព្រោះ​លោក​ក៏​មាន​សេចក្ដី​កំសោយ នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្លួន​ដែរ ហើយ​ដោយ​ហេតុ​នោះ បាន​ជា​លោក​ត្រូវ​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​របស់​ខ្លួន​លោក ដូច​ជា​តែង​ថ្វាយ ដោយ​ព្រោះ​បាប​នៃ​បណ្តាជន​ដែរ គ្មាន​អ្នក​ណា​លើក​ខ្លួន​ដល់​ងារ​ដ៏​ប្រសើរ​នោះ​ឡើយ មាន​តែ​អ្នក​ដែល​ព្រះ‌ទ្រង់​ហៅ​ប៉ុណ្ណោះ តួ​យ៉ាង​ដូច​ជា​លោក​អើរ៉ុន ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​ដំកើង​ព្រះ‌អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សំដេច​សង្ឃ​ដែរ គឺ​ជា​ព្រះ​វិញ​ទេ​តើ​ដែល​មាន​បន្ទូល​ទៅ​ទ្រង់​ថា «ឯង​ជា​កូន​អញៗ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ដូច​ក្នុង​បទ​១​ទៀត ព្រះ​ក៏​មាន​បន្ទូល​ថា «ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក»

ចែក​រំលែក
អាន ហេប្រឺ 5