ហេប្រឺ 3:5-11

ហេប្រឺ 3:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ស្មោះ​ត្រង់​នៅ​ក្នុង​ដំណាក់​ព្រះ‌អង្គ​ទាំង​មូល ក្នុង​នាម​ជា​អ្នក​បម្រើ ដើម្បី​ធ្វើ​បន្ទាល់​ពី​សេចក្តី​ដែល​នឹង​ត្រូវ​ថ្លែង​មក​តាម​ក្រោយ។ ប៉ុន្តែ ព្រះ‌គ្រីស្ទ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ព្រះ‌អង្គ ហើយ​ប្រសិន‌បើ​យើង​កាន់​ចិត្ត​មោះ‌មុត និង​អាង​លើ​សេចក្តី​សង្ឃឹម​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បំផុត គឺ​យើង​នេះ​ហើយ​ជា​ដំណាក់​របស់​ព្រះ‌អង្គ។ ហេតុនេះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ​នៅ​ថ្ងៃ​ដែល​មាន​ការ​ល្បង​ល នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង​ល​យើង ហើយ​គេ​ឃើញ​កិច្ច‌ការ​ដែល​យើង​ធ្វើ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខឹង​នឹង​មនុស្សជំនាន់​នោះ ហើយ​ថា "ពួក​គេ​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប គេ​មិន​ស្គាល់​ផ្លូវ​របស់​យើង​សោះ"។ ដូច្នេះ យើង​ស្បថ​ទាំង​កំហឹង​ថា "ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ"» ។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​លោក​ម៉ូសេ លោក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​ទាំង​មូល ក្នុង​ឋានៈ​លោក​ជា​អ្នក​បម្រើ ដើម្បី​ផ្ដល់​សក្ខីភាព​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​នឹង​ថ្លែង។ រីឯ​ព្រះ‌គ្រិស្ត​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌បុត្រា ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​ផ្ទាល់​របស់​ព្រះអង្គ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ត​រឹង‌ប៉ឹង និង​ពឹង​ផ្អែកលើ​សេចក្ដី​សង្ឃឹម​របស់​យើង​ជាប់​ជានិច្ច​មែន​នោះ។ ហេតុ​នេះ ដូច​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​មាន​ព្រះ‌បន្ទូល​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ ក្នុង​ថ្ងៃ​ដែល​គេ​ល្បង‌ល​ព្រះអង្គ នៅ​វាល​រហោ​ស្ថាន​នោះ​ឡើយ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង ដើម្បី​សាក​មើល​យើង ហើយ​គេ​ឃើញ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាស់​ចិត្ត​នឹង មនុស្ស​នៅ​ជំនាន់​នោះ​ណាស់ ហើយ​យើង​បាន​ពោល​ថា: ចិត្ត​របស់​ពួក​គេ​ចេះ​តែ​វង្វេង​រហូត​ទៅ គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក ជា​មួយ​យើង​ជា​ដាច់​ខាត» ។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​លោក​ម៉ូសេ​ក៏​ស្មោះ‌ត្រង់ នៅ​ក្នុង​ដំណាក់​នៃ​ទ្រង់​ទាំង​មូល​មែន ទុក​ដូច​ជា​អ្នក​បំរើ សំរាប់​ជា​ទី​បន្ទាល់ ពី​ការ​ដែល​ត្រូវ​ថ្លែង​ប្រាប់​មក​តាម​ក្រោយ តែ​ព្រះ‌គ្រីស្ទ ទ្រង់​ស្មោះ‌ត្រង់ ទុក​ដូច​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ទ្រង់​វិញ គឺ​យើង​រាល់​គ្នា​នេះ​ជា​ដំណាក់​នោះ បើ​យើង​កាន់​ចិត្ត​មោះ‌មុត នឹង​សេចក្ដី​អំនួត ចំពោះ​សេចក្ដី​សង្ឃឹម​នេះ យ៉ាង​ខ្ជាប់‌ខ្ជួន​ដរាប​ដល់​ចុង​បំផុត​មែន។ ដូច្នេះ ចូរ​ប្រយ័ត​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដូច​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ នៅ​ថ្ងៃ​ដែល​មាន​សេចក្ដី​ល្បួង នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ពួក​ឰយុកោ​ឯង​រាល់​គ្នា​បាន​ល្បង​អញ ទាំង​សាក​អញ​មើល ហើយ​ក៏​ឃើញ​ការ​អញ​ធ្វើ នៅ​រវាង​៤០​ឆ្នាំ​ផង​នោះ ដូច្នេះ អញ​ក៏​គ្នាន់‌ក្នាញ់​នឹង​មនុស្ស​ដំណ​នោះ ហើយ​និយាយ​ថា វា​រាល់​គ្នា​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប ហើយ​មិន​បាន​ស្គាល់​ផ្លូវ​របស់​អញ​សោះ

ចែក​រំលែក
អាន ហេប្រឺ 3