ហេប្រឺ 3:1-19
ហេប្រឺ 3:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនដ៏វិសុទ្ធ*អើយ ព្រះជាម្ចាស់ក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីព្រះយេស៊ូ ជាទូតដែលព្រះជាម្ចាស់បានចាត់ឲ្យមក និងជាមហាបូជាចារ្យ*ដែលនាំឲ្យយើងមានជំនឿដូចយើងប្រកាស នោះទៅ។ ព្រះយេស៊ូមានព្រះហឫទ័យស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ ដូចលោកម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងព្រះដំណាក់ដែរ។ អ្នកសង់ផ្ទះមានកិត្តិយសប្រសើរលើសផ្ទះយ៉ាងណា ព្រះយេស៊ូក៏គួរនឹងទទួលសិរីរុងរឿងប្រសើរលើសលោកម៉ូសេយ៉ាងនោះដែរ ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។ ចំពោះលោកម៉ូសេ លោកមានចិត្តស្មោះត្រង់នឹងកិច្ចការក្នុងព្រះដំណាក់ទាំងមូល ក្នុងឋានៈលោកជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីព្រះបន្ទូលដែលព្រះជាម្ចាស់នឹងថ្លែង។ រីឯព្រះគ្រិស្តវិញ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ក្នុងឋានៈជាព្រះបុត្រា ដែលគ្រប់គ្រងលើព្រះដំណាក់ផ្ទាល់របស់ព្រះអង្គ គឺយើងទាំងអស់គ្នាហ្នឹងហើយជាព្រះដំណាក់របស់ព្រះអង្គ ប្រសិនបើយើងនៅកាន់ចិត្តរឹងប៉ឹង និងពឹងផ្អែក លើសេចក្ដីសង្ឃឹមរបស់យើង ជាប់ជានិច្ចមែននោះ។ ហេតុនេះ ដូចព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលថា៖ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលព្រះអង្គ នៅវាលរហោស្ថាននោះឡើយ បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។ ហេតុនេះហើយបានជាយើងទាស់ចិត្តនឹង មនុស្សនៅជំនាន់នោះណាស់ ហើយយើងបានពោលថា: ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញា ថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត» ។ ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា«ថ្ងៃនេះ!» នៅឡើយ ដើម្បីកុំឲ្យបងប្អូនណាម្នាក់ប្រកាន់ចិត្តរឹងរូស ដោយចាញ់បោកបាប*។ ប្រសិនបើយើងរក្សាជំហររឹងប៉ឹង ដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយព្រះគ្រិស្តហើយ ព្រោះក្នុងគម្ពីរមានចែងថា «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ នោះឡើយ»។ តើនរណាខ្លះបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបែរជានាំគ្នាបះបោរ? អស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីបមកនោះឬ? ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងនរណាខ្លះ? ព្រះអង្គទ្រង់ព្រះពិរោធនឹងអស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ? តើព្រះអង្គបានប្ដេជ្ញាថាមិនឲ្យនរណាខ្លះចូលមកសម្រាកជាមួយព្រះអង្គ? គឺអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ព្រះអង្គនោះឬ? ដូច្នេះ យើងឃើញថាពួកគេពុំបានចូលទៅសម្រាកមកពីពួកគេគ្មានជំនឿ។
ហេប្រឺ 3:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បងប្អូនដ៏បរិសុទ្ធ ដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌អើយ ចូរពិចារណាមើលអំពីព្រះយេស៊ូវ ជាសាវក និងជាសម្តេចសង្ឃនៃជំនឿដែលយើងប្រកាសនោះទៅ ព្រះអង្គស្មោះត្រង់ចំពោះព្រះដែលតែងតាំងព្រះអង្គ ដូចលោកម៉ូសេមានចិត្តស្មោះត្រង់ ក្នុងដំណាក់ទាំងមូលរបស់ព្រះដែរ។ អ្នកសង់ផ្ទះមានកិត្តិយសលើសជាងផ្ទះយ៉ាងណា ព្រះយេស៊ូវក៏គួរនឹងទទួលសិរីល្អ លើសជាងលោកម៉ូសេយ៉ាងនោះដែរ។ (ដ្បិតគ្រប់ផ្ទះតែងមានគេធ្វើ តែអ្នកដែលបានធ្វើអ្វីៗទាំងអស់ គឺជាព្រះ)។ លោកម៉ូសេស្មោះត្រង់នៅក្នុងដំណាក់ព្រះអង្គទាំងមូល ក្នុងនាមជាអ្នកបម្រើ ដើម្បីធ្វើបន្ទាល់ពីសេចក្តីដែលនឹងត្រូវថ្លែងមកតាមក្រោយ។ ប៉ុន្តែ ព្រះគ្រីស្ទស្មោះត្រង់ ក្នុងឋានៈជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ព្រះអង្គ ហើយប្រសិនបើយើងកាន់ចិត្តមោះមុត និងអាងលើសេចក្តីសង្ឃឹមនេះយ៉ាងខ្ជាប់ខ្ជួន រហូតដល់ចុងបំផុត គឺយើងនេះហើយជាដំណាក់របស់ព្រះអង្គ។ ហេតុនេះ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរនៅថ្ងៃដែលមានការល្បងល នៅទីរហោស្ថាន ជាកន្លែងដែលបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ហើយគេឃើញកិច្ចការដែលយើងធ្វើ អស់រយៈពេលសែសិបឆ្នាំ។ ហេតុនេះហើយបានជាយើងខឹងនឹងមនុស្សជំនាន់នោះ ហើយថា "ពួកគេចេះតែមានចិត្តវង្វេងជាដរាប គេមិនស្គាល់ផ្លូវរបស់យើងសោះ"។ ដូច្នេះ យើងស្បថទាំងកំហឹងថា "ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ"» ។ ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអាក្រក់បែរចេញពីព្រះដ៏មានព្រះជន្មរស់។ ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ក្នុងកាលដែលនៅតែមានពាក្យថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។ ប្រសិនបើយើងកាន់ខ្ជាប់តាមចិត្តជឿជាក់ដែលយើងមានតាំងពីដំបូង រហូតដល់ចុងបំផុតមែន នោះយើងពិតជាមានចំណែកជាមួយព្រះគ្រីស្ទហើយ ព្រោះមានសេចក្តីចែងថា៖ «នៅថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ»។ ដ្បិតតើអ្នកណាដែលបានឮ ហើយបះបោរនោះ? តើមិនមែនជាអស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទមកនោះទេឬ? តើព្រះអង្គក្រោធនឹងអ្នកណា ក្នុងរយៈសែសិបឆ្នាំនោះ? តើមិនមែនជាអ្នកដែលបានប្រព្រឹត្តអំពើបាប ហើយសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬ? តើព្រះអង្គបានស្បថនឹងអ្នកណាថា ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គ? តើមិនមែននឹងអស់អ្នកដែលមិនព្រមស្តាប់បង្គាប់ទេឬ? ដូច្នេះ យើងឃើញថា អ្នកទាំងនោះពុំអាចចូលទៅបាន ដោយព្រោះគេមិនជឿ។
ហេប្រឺ 3:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវ ជាសាវក នឹងជាសំដេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ គឺដែលទ្រង់ស្មោះត្រង់ដល់ព្រះដែលតាំងទ្រង់ ដូចជាលោកម៉ូសេក៏ស្មោះត្រង់ ក្នុងដំណាក់នៃព្រះទាំងមូលដែរ ដ្បិតដែលមនុស្សសង់ផ្ទះតែងមានកេរ្តិ៍ឈ្មោះ លើសជាងផ្ទះនោះយ៉ាងណា នោះទ្រង់ក៏បានរាប់ជាគួរនឹងសិរីល្អ លើសជាងលោកម៉ូសេយ៉ាងនោះដែរ ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ ហើយលោកម៉ូសេក៏ស្មោះត្រង់ នៅក្នុងដំណាក់នៃទ្រង់ទាំងមូលមែន ទុកដូចជាអ្នកបំរើ សំរាប់ជាទីបន្ទាល់ ពីការដែលត្រូវថ្លែងប្រាប់មកតាមក្រោយ តែព្រះគ្រីស្ទ ទ្រង់ស្មោះត្រង់ ទុកដូចជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ទ្រង់វិញ គឺយើងរាល់គ្នានេះជាដំណាក់នោះ បើយើងកាន់ចិត្តមោះមុត នឹងសេចក្ដីអំនួត ចំពោះសេចក្ដីសង្ឃឹមនេះ យ៉ាងខ្ជាប់ខ្ជួនដរាបដល់ចុងបំផុតមែន។ ដូច្នេះ ចូរប្រយ័តបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ ដូចជាព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរ នៅថ្ងៃដែលមានសេចក្ដីល្បួង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ ទាំងសាកអញមើល ហើយក៏ឃើញការអញធ្វើ នៅរវាង៤០ឆ្នាំផងនោះ ដូច្នេះ អញក៏គ្នាន់ក្នាញ់នឹងមនុស្សដំណនោះ ហើយនិយាយថា វារាល់គ្នាចេះតែមានចិត្តវង្វេងជាដរាប ហើយមិនបានស្គាល់ផ្លូវរបស់អញសោះ បានជាអញស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្ដីបញ្ឆោតរបស់អំពើបាប ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ កំពុងដែលនៅមានសេចក្ដីថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ» ចុះតើអ្នកណាដែលឮ រួចកើតបះបោរនោះ តើមិនមែនជាអស់អ្នក ដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទទេឬអី តើទ្រង់គ្នាន់ក្នាញ់នឹងអ្នកណា នៅរវាង៤០ឆ្នាំនោះ តើមិនមែននឹងអស់អ្នកដែលបានធ្វើបាប ដែលសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬអី ហើយតើទ្រង់បានស្បថនឹងអ្នកណាថា «វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» បើមិនមែននឹងអស់អ្នក ដែលមិនស្តាប់បង្គាប់ទេ ដូច្នេះ យើងឃើញថា អ្នកទាំងនោះពុំអាចនឹងចូលបានទេ ដោយព្រោះគេមិនជឿ។