ហេប្រឺ 3:1-14

ហេប្រឺ 3:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ បង‌ប្អូនដ៏​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​មើល​អំ​ពី​ព្រះ‌យេស៊ូវ ជា​សាវក និង​ជា​សម្តេច​សង្ឃ​នៃ​ជំនឿ​ដែល​យើង​ប្រកាស​នោះ​ទៅ ព្រះ‌អង្គ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដែល​តែង​តាំង​ព្រះ‌អង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ដំណាក់​ទាំង​មូល​របស់​ព្រះ​ដែរ។ អ្នក​សង់​ផ្ទះ​មាន​កិត្តិ‌យស​លើស​ជាង​ផ្ទះ​យ៉ាង​ណា ព្រះ‌យេស៊ូវ​ក៏​គួរ​នឹង​ទទួល​សិរីល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ។ (ដ្បិត​គ្រប់​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​អ្នក​ដែល​បាន​ធ្វើ​អ្វីៗ​ទាំង​អស់ គឺ​ជា​ព្រះ)។ លោក​ម៉ូសេ​ស្មោះ​ត្រង់​នៅ​ក្នុង​ដំណាក់​ព្រះ‌អង្គ​ទាំង​មូល ក្នុង​នាម​ជា​អ្នក​បម្រើ ដើម្បី​ធ្វើ​បន្ទាល់​ពី​សេចក្តី​ដែល​នឹង​ត្រូវ​ថ្លែង​មក​តាម​ក្រោយ។ ប៉ុន្តែ ព្រះ‌គ្រីស្ទ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ព្រះ‌អង្គ ហើយ​ប្រសិន‌បើ​យើង​កាន់​ចិត្ត​មោះ‌មុត និង​អាង​លើ​សេចក្តី​សង្ឃឹម​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បំផុត គឺ​យើង​នេះ​ហើយ​ជា​ដំណាក់​របស់​ព្រះ‌អង្គ។ ហេតុនេះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ​នៅ​ថ្ងៃ​ដែល​មាន​ការ​ល្បង​ល នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង​ល​យើង ហើយ​គេ​ឃើញ​កិច្ច‌ការ​ដែល​យើង​ធ្វើ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខឹង​នឹង​មនុស្សជំនាន់​នោះ ហើយ​ថា "ពួក​គេ​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប គេ​មិន​ស្គាល់​ផ្លូវ​របស់​យើង​សោះ"។ ដូច្នេះ យើង​ស្បថ​ទាំង​កំហឹង​ថា "ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ"» ។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​មាន​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អាក្រក់​បែរ​ចេញ​ពី​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់។ ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​កាលដែល​នៅ​តែ​មាន​ពាក្យ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។ ប្រសិន‌បើ​យើង​កាន់​ខ្ជាប់​តាម​ចិត្ត​ជឿ​ជាក់​ដែល​យើង​មានតាំង​ពី​ដំបូង រហូត​ដល់​ចុង​បំផុត​មែន នោះ​យើង​ពិត​ជា​មាន​ចំណែក​ជា​មួយ​ព្រះ‌គ្រីស្ទ​ហើយ

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ដ៏វិសុទ្ធ*​អើយ ព្រះ‌ជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​បងប្អូន​ដែរ! ចូរ​គិត​ពិចារណា​មើល អំពី​ព្រះ‌យេស៊ូ ជា​ទូត​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក និង​ជា​មហា​បូជា‌ចារ្យ*​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាស នោះ​ទៅ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌ជាម្ចាស់ ដែល​បាន​តែង‌តាំង​ព្រះអង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​ដែរ។ អ្នក​សង់​ផ្ទះ​មាន​កិត្តិយស​ប្រសើរ​លើស​ផ្ទះ​យ៉ាង​ណា ព្រះ‌យេស៊ូ​ក៏​គួរ​នឹង​ទទួល​សិរី‌រុងរឿង​ប្រសើរ​លើស​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ ដ្បិត​ផ្ទះ​ទាំង‌ឡាយ​សុទ្ធ​តែ​មាន​គេ​បាន​សង់​ឡើង រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​បាន​សង់​គ្រប់​អ្វីៗ​ទាំង​អស់។ ចំពោះ​លោក​ម៉ូសេ លោក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​ទាំង​មូល ក្នុង​ឋានៈ​លោក​ជា​អ្នក​បម្រើ ដើម្បី​ផ្ដល់​សក្ខីភាព​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​នឹង​ថ្លែង។ រីឯ​ព្រះ‌គ្រិស្ត​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌បុត្រា ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​ផ្ទាល់​របស់​ព្រះអង្គ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ត​រឹង‌ប៉ឹង និង​ពឹង​ផ្អែក លើ​សេចក្ដី​សង្ឃឹម​របស់​យើង ​ជាប់​ជានិច្ច​មែន​នោះ។ ហេតុ​នេះ ដូច​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​មាន​ព្រះ‌បន្ទូល​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ ក្នុង​ថ្ងៃ​ដែល​គេ​ល្បង‌ល​ព្រះអង្គ នៅ​វាល​រហោ​ស្ថាន​នោះ​ឡើយ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង ដើម្បី​សាក​មើល​យើង ហើយ​គេ​ឃើញ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាស់​ចិត្ត​នឹង មនុស្ស​នៅ​ជំនាន់​នោះ​ណាស់ ហើយ​យើង​បាន​ពោល​ថា: ចិត្ត​របស់​ពួក​គេ​ចេះ​តែ​វង្វេង​រហូត​ទៅ គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក ជា​មួយ​យើង​ជា​ដាច់​ខាត» ។ ដូច្នេះ បងប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បងប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ផ្ទុយ​ទៅ​វិញ ចូរ​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ គឺ​គ្រប់​ពេល​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ថា«ថ្ងៃ​នេះ!» នៅ​ឡើយ ដើម្បី​កុំ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រកាន់​ចិត្ត​រឹង‌រូស ដោយ​ចាញ់​បោក​បាប*។ ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹង‌ប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ហើយ

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ‌ងារ​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះ‌យេស៊ូវ ជា​សាវក នឹង​ជា​សំដេច​សង្ឃ ដែល​យើង​ថា យើង​ជឿ​តាម​នោះ​ចុះ គឺ​ដែល​ទ្រង់​ស្មោះ‌ត្រង់​ដល់​ព្រះ​ដែល​តាំង​ទ្រង់ ដូច​ជា​លោក​ម៉ូសេ​ក៏​ស្មោះ‌ត្រង់ ក្នុង​ដំណាក់​នៃ​ព្រះ​ទាំង​មូល​ដែរ ដ្បិត​ដែល​មនុស្ស​សង់​ផ្ទះ​តែង​មាន​កេរ្តិ៍​ឈ្មោះ លើស​ជាង​ផ្ទះ​នោះ​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​រាប់​ជា​គួរ​នឹង​សិរី‌ល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯ​អ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ នោះ​គឺ​ជា​ព្រះ​វិញ ហើយ​លោក​ម៉ូសេ​ក៏​ស្មោះ‌ត្រង់ នៅ​ក្នុង​ដំណាក់​នៃ​ទ្រង់​ទាំង​មូល​មែន ទុក​ដូច​ជា​អ្នក​បំរើ សំរាប់​ជា​ទី​បន្ទាល់ ពី​ការ​ដែល​ត្រូវ​ថ្លែង​ប្រាប់​មក​តាម​ក្រោយ តែ​ព្រះ‌គ្រីស្ទ ទ្រង់​ស្មោះ‌ត្រង់ ទុក​ដូច​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ទ្រង់​វិញ គឺ​យើង​រាល់​គ្នា​នេះ​ជា​ដំណាក់​នោះ បើ​យើង​កាន់​ចិត្ត​មោះ‌មុត នឹង​សេចក្ដី​អំនួត ចំពោះ​សេចក្ដី​សង្ឃឹម​នេះ យ៉ាង​ខ្ជាប់‌ខ្ជួន​ដរាប​ដល់​ចុង​បំផុត​មែន។ ដូច្នេះ ចូរ​ប្រយ័ត​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដូច​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ នៅ​ថ្ងៃ​ដែល​មាន​សេចក្ដី​ល្បួង នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ពួក​ឰយុកោ​ឯង​រាល់​គ្នា​បាន​ល្បង​អញ ទាំង​សាក​អញ​មើល ហើយ​ក៏​ឃើញ​ការ​អញ​ធ្វើ នៅ​រវាង​៤០​ឆ្នាំ​ផង​នោះ ដូច្នេះ អញ​ក៏​គ្នាន់‌ក្នាញ់​នឹង​មនុស្ស​ដំណ​នោះ ហើយ​និយាយ​ថា វា​រាល់​គ្នា​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប ហើយ​មិន​បាន​ស្គាល់​ផ្លូវ​របស់​អញ​សោះ បាន​ជា​អញ​ស្បថ​ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង‌រូស ដោយ​សេចក្ដី​បញ្ឆោត​របស់​អំពើ​បាប ដ្បិត​បើ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​ជំនឿ​ដើម ដរាប​ដល់​ចុង​បំផុត​មែន នោះ​ពិត​ជា​យើង​បាន​ត្រឡប់​ជា​អ្នក​មាន​ចំណែក​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ហើយ

ចែក​រំលែក
អាន ហេប្រឺ 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ