ហេប្រឺ 2:7-13

ហេប្រឺ 2:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​មួយ​រយៈ​ទេ ក៏​បាន​ប្រទាន​សិរី​ល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ។ ឥឡូវ​នេះ យើង​មិន​ទាន់​ឃើញ​ថា​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ តែ​យើង​ឃើញ​ព្រះ‌យេស៊ូវ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ដោយ​ព្រះ‌អង្គ​បាន​រង​ទុក្ខ និង​សុគត ឥឡូវ​នេះ ព្រះ‌អង្គ​បាន​ទទួល​សិរី​ល្អ និង​ព្រះ​កិត្តិ‌នាម​ទុក​ជា​មកុដ។ ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ ដែល​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់។ អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង​ដោយ​សារ​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌អង្គ​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក។ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​ញែក​ជា​បរិសុទ្ធ និង​អស់​អ្នក​ដែល​ព្រះ‌អង្គ​ញែក​ជា​បរិសុទ្ធ សុទ្ធ​តែ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង‌ប្អូន​ឡើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទូល​បង្គំ​នឹង​ប្រកាស​ពី​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ដល់​ពួក​បង‌ប្អូន​ទូល​បង្គំ ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ នៅ​កណ្តាល​ក្រុម​ជំនុំ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ទូល​បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ» ហើយ​ថា «មើល៍ ទូល‌បង្គំ​នៅ​ជាមួយ​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូល‌បង្គំ» ។

ចែក​រំលែក
អាន ហេប្រឺ 2

ហេប្រឺ 2:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាង ទេវតា​តែ​មួយ​រយៈ​ប៉ុណ្ណោះ ព្រះអង្គ​ប្រទាន​សិរី‌រុងរឿង និង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ ព្រះអង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ នៅ​ក្រោម​ជើង​របស់​គេ» ។ ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឥត​ទុក​ឲ្យ​មាន​អ្វី​មួយ​នៅ​សល់ ដែល​ពុំ​បាន​ចុះ​ចូល​នោះ​ឡើយ។ ប៉ុន្តែ នៅ​ពេល​នេះ យើង​ពុំ​ឃើញ​ថា អ្វីៗ​សព្វ​សារ‌ពើ​សុទ្ធ​តែ​បាន​ចុះ​ចូល​នឹង​អំណាច​របស់​មនុស្ស​ហើយ​នោះ​ទេ តែ​យើង​ឃើញ​ថា ព្រះ‌យេស៊ូ​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ព្រោះ​ព្រះអង្គ​បាន​រង‌ទុក្ខ និង​សោយ​ទិវង្គត​នោះ ឥឡូវ​នេះ ព្រះអង្គ​ទទួល​សិរី‌រុងរឿង និង​ព្រះ‌កិត្តិនាម​ទុក​ជា​មកុដ​រាជ្យ។ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។ អ្វីៗ​ទាំង​អស់​មាន​ជីវិត​ដោយ‌សារ​ព្រះ‌ជាម្ចាស់ និង​សម្រាប់​ព្រះអង្គ ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​នាំ​បុត្រ‌ធីតា​ជា​ច្រើន​ឲ្យ​ទទួល​សិរី‌រុងរឿង ដូច្នេះ គួរ​គប្បី​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះ បាន​គ្រប់​លក្ខណៈ ដោយ​រង‌ទុក្ខ​លំបាក។ ព្រះ‌យេស៊ូ​ដែល​ប្រោស​មនុស្ស​ឲ្យ​វិសុទ្ធ* និង​មនុស្ស​ដែល​ព្រះអង្គ​ប្រោស​ឲ្យ​វិសុទ្ធ​នោះ ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូ មិន​ខ្មាស​នឹង​ហៅ​គេ​ថា​ជា​បងប្អូន​របស់​ព្រះអង្គ​ឡើយ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទូលបង្គំ​នឹង​ផ្សាយ​ដំណឹង​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ» ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ» ហើយ​ថា«ខ្ញុំ​នៅ​ឯ​នេះ​រួម​ជា​មួយ​នឹង​កូន​ចៅ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ» ។

ចែក​រំលែក
អាន ហេប្រឺ 2

ហេប្រឺ 2:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេ ក៏​បាន​បំពាក់​សិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ ទ្រង់​បាន​តាំង​ឡើង​ឲ្យ​ត្រួត‌ត្រា​លើ​អស់​ទាំង​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់ ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ហើយ​ដែល​ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នោះ​គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ តែ​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​ឃើញ​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ តែ​យើង​ឃើញ​ព្រះ‌យេស៊ូវ​វិញ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​បន្តិច ទ្រង់​ពាក់​សិរី‌ល្អ នឹង​ល្បី​ព្រះ‌នាម ទុក​ជា​មកុដ ដោយ​ព្រោះ​ទ្រង់​បាន​រង​ទុក្ខ​សុគត ដើម្បី​នឹង​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់ ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ ដ្បិត​ឯ​ព្រះ ដែល​គ្រប់​របស់​ទាំង​អស់​សំរាប់​ទ្រង់ ហើយ​ដោយ‌សារ​ទ្រង់ កាល​ទ្រង់​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មេ​នៃ​សេចក្ដី​សង្គ្រោះ​គេ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក ពី​ព្រោះ​ព្រះ‌អង្គ ដែល​ញែក​ជា​បរិសុទ្ធ នឹង​ពួក​អ្នក​ដែល​ទ្រង់​ញែក​ជា​បរិសុទ្ធ នោះ​សុទ្ធ​តែ​កើត​មក​ពី​ព្រះ​តែ​១ បាន​ជា​ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ ទ្រង់​មាន​បន្ទូល​ថា «ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ» ហើយ​១​ទៀត​ថា «ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់» ហើយ​១​ទៀត​ថា «មើល ទូលបង្គំ​នេះ នឹង​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូលបង្គំ»

ចែក​រំលែក
អាន ហេប្រឺ 2