ហេព្រើរ 2:7-13

ហេព្រើរ 2:7-13 គកស១៦

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​មួយ​រយៈ​ទេ ក៏​បាន​ប្រទាន​សិរី​ល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ។ ឥឡូវ​នេះ យើង​មិន​ទាន់​ឃើញ​ថា​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ តែ​យើង​ឃើញ​ព្រះ‌យេស៊ូវ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ដោយ​ព្រះ‌អង្គ​បាន​រង​ទុក្ខ និង​សុគត ឥឡូវ​នេះ ព្រះ‌អង្គ​បាន​ទទួល​សិរី​ល្អ និង​ព្រះ​កិត្តិ‌នាម​ទុក​ជា​មកុដ។ ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ ដែល​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់។ អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង​ដោយ​សារ​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌អង្គ​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក។ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​ញែក​ជា​បរិសុទ្ធ និង​អស់​អ្នក​ដែល​ព្រះ‌អង្គ​ញែក​ជា​បរិសុទ្ធ សុទ្ធ​តែ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង‌ប្អូន​ឡើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទូល​បង្គំ​នឹង​ប្រកាស​ពី​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ដល់​ពួក​បង‌ប្អូន​ទូល​បង្គំ ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ នៅ​កណ្តាល​ក្រុម​ជំនុំ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ទូល​បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ» ហើយ​ថា «មើល៍ ទូល‌បង្គំ​នៅ​ជាមួយ​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូល‌បង្គំ» ។

អាន ហេព្រើរ 2