ហេប្រឺ 12:18-29
ហេប្រឺ 12:18-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ដ្បិតគេមិនអាចទ្រាំទ្រនឹងព្រះបញ្ជានោះបានទេ គឺថា៖ «សូម្បីតែសត្វណាដែលពាល់ភ្នំនោះ ក៏ត្រូវចោលសម្លាប់នឹងថ្មដែរ» ។ ហេតុការណ៍នោះពិតជាគួរឲ្យស្ញែងខ្លាចមែន បានជាលោកម៉ូសេមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង» ។ ប៉ុន្ដែ អ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូន មកដល់ទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៅស្ថានសួគ៌ ហើយមកដល់ទេវតាទាំងសល់សែនកំពុងជួបជុំយ៉ាងអរសប្បាយ មកដល់ក្រុមជំនុំនៃពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ មកដល់ព្រះ ដែលជាចៅក្រមនៃមនុស្សទាំងអស់ មកដល់វិញ្ញាណនៃពួកសុចរិតដែលបានគ្រប់លក្ខណ៍ មកដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី មកដល់ព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិត ដែលនិយាយពាក្យមួយប្រសើរជាងឈាមរបស់លោកអេបិល។ ចូរប្រយ័ត្ន ក្រែងអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះអង្គដែលកំពុងមានព្រះបន្ទូល ដ្បិតប្រសិនបើអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមអ្នកដែលទូន្មានគេនៅលើផែនដី មិនអាចគេចផុតទៅហើយ នោះចំណង់បើយើងដែលមិនព្រមស្ដាប់ព្រះអង្គ ដែលទូន្មានពីស្ថានសួគ៌មក នោះនឹងរឹតតែពុំអាចគេចផុតយ៉ាងណាទៅទៀត! នៅពេលនោះ ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យផែនដីកក្រើក តែឥឡូវនេះ ព្រះអង្គបានសន្យាថា «យើងនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ។ ពាក្យថា «ម្តងទៀត» បង្ហាញឲ្យឃើញថា អ្វីៗដែលត្រូវកក្រើក ត្រូវរើចេញ នោះគឺ អ្វីៗដែលព្រះបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកបានធន់នៅ។ ហេតុនេះ ដោយយើងទទួលបាននគរមួយដែលមិនចេះកក្រើក នោះត្រូវឲ្យយើងដឹងគុណ ហើយគោរពបម្រើព្រះ តាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចព្រះអង្គទៅ ដ្បិតព្រះរបស់យើង ទ្រង់ជាភ្លើងដែលឆេះបន្សុស។
ហេប្រឺ 12:18-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនពុំបានចូលមកជិតភ្នំមួយ ដែលអាចពាល់បាន ជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុង មានខ្យល់ព្យុះនោះឡើយ ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮព្រះសូរសៀងដែរ។ ពេលជនជាតិអ៊ីស្រាអែលឮ គេបានអង្វរសុំកុំឲ្យព្រះអង្គមានព្រះបន្ទូលទៀត ព្រោះគេពុំអាចទ្រាំទ្រនឹងព្រះបញ្ជានេះទេ គឺថាៈ «នរណាប៉ះភ្នំនេះ សូម្បីតែសត្វក៏ដោយ ក៏ត្រូវតែយកដុំថ្មគប់សម្លាប់ចោលដែរ» ។ នេះជាអព្ភូតហេតុមួយគួរឲ្យស្ញែងខ្លាចណាស់ បានជាលោកម៉ូសេមានប្រសាសន៍ថាៈ «ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង» ។ ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ ដែលមានទេវតា*រាប់លានរាប់កោដិ និងមានក្រុមជំនុំរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ កំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណៈ បងប្អូនចូលមកជិតព្រះយេស៊ូ ដែលជាស្ពាននៃសម្ពន្ធមេត្រី*ថ្មី ហើយចូលមកជិតព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរ ប្រសើរជាងលោហិតរបស់លោកអេបិលទៅទៀត។ ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់ បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសឡើយ។ ពីដើម ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាថាៈ «ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ» ។ ពាក្យ«ម្ដងនេះទៀត»បង្ហាញឲ្យឃើញច្បាស់ថា អ្វីៗដែលព្រះជាម្ចាស់បង្កើតមកនឹងត្រូវកក្រើក ហើយរលាយសូន្យអស់ទៅ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេ ដែលនៅសល់។ ដោយយើងបានទទួលព្រះរាជ្យ*មួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបម្រើព្រះជាម្ចាស់ តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ ដោយចិត្តគោរពប្រណិប័តន៍ និងគោរពកោតខ្លាចព្រះអង្គ ដ្បិតព្រះរបស់យើងដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ។
ហេប្រឺ 12:18-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នករាល់គ្នាមិនមែនមកដល់ភ្នំ ដែលនឹងពាល់បាន ហើយដែលមានភ្លើងឆេះនោះទេ ឬដល់សេចក្ដីងងឹត ឬស្រអាប់ ឬខ្យល់ព្យុះ ឬសូរផ្លុំត្រែ ឬព្រះសៀងនៃព្រះ ដែលមានបន្ទូលមក ជាសូរសៀង ដែលពួកអ្នកឮ ក៏អង្វរកុំឲ្យព្រះបន្ទូលបានមកដល់ខ្លួនទៀតឡើយ ដ្បិតគេទ្រាំនឹងសេចក្ដីដែលបង្គាប់មកមិនបាន គឺជាសេចក្ដីថា «សូម្បីសត្វណាដែលពាល់ភ្នំ នោះនឹងត្រូវចោលនឹងថ្ម ឬបាញ់ទំលុះដោយព្រួញ» ហើយការដែលគេឃើញនោះ ក៏គួរស្ញែងខ្លាចណាស់ ដល់ម៉្លេះបានជាម៉ូសេ លោកមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង» គឺអ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូនវិញ ជាទីក្រុងនៃព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៃស្ថានសួគ៌ ហើយដល់ពួកទេវតាទាំងសល់សែន ដល់ទីប្រជុំរបស់មនុស្សទាំងឡាយ នឹងជំនុំពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ ដល់ព្រះដ៏ជាចៅក្រមនៃមនុស្សទាំងអស់ ដល់អស់ទាំងវិញ្ញាណនៃពួកសុចរិត ដែលបានគ្រប់លក្ខណ៍ហើយ ដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី ហើយដល់ព្រះលោហិត ដែលសំរាប់នឹងប្រោះ ជាព្រះលោហិតដែលសំដែងពីសេចក្ដីប្រសើរ ជាជាងឈាមរបស់អេបិលទៅទៀតផង។ ចូរប្រយ័ត កុំឲ្យប្រកែកមិនព្រមស្តាប់តាមព្រះអង្គ ដែលទ្រង់មានបន្ទូលឡើយ ដ្បិតបើសិនជាអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមលោកម៉ូសេ ក្នុងកាលដែលលោកសំដែងព្រះបន្ទូល ឲ្យស្តាប់នៅផែនដី គេមិនបានរួចទោសទៅហើយ នោះចំណង់បើយើងរាល់គ្នា ដែលងាកបែរចេញពីព្រះ ដែលមានបន្ទូលពីស្ថានសួគ៌មក តើតឹងជាងយ៉ាងណាទៅ សំឡេងទ្រង់បានធ្វើឲ្យផែនដីកក្រើករញ្ជួយនៅវេលានោះ តែឥឡូវនេះ ទ្រង់សន្យាថា «អញនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» រីឯពាក្យដែលថា «ម្តងទៀត» នោះសំដែងថា របស់ដែលត្រូវកក្រើក នោះត្រូវរើចេញ ទុកដូចជារបស់ដែលបានធ្វើហើយ ដើម្បីឲ្យរបស់ដែលមិនបានកក្រើកទាំងប៉ុន្មាន បានធន់នៅវិញ ដូច្នេះ ដែលទទួលនគរ១ដ៏កក្រើករញ្ជួយពុំបាន នោះត្រូវឲ្យយើងដឹងគុណ ដែលដោយសារសេចក្ដីនោះ យើងនឹងបំរើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចដល់ទ្រង់ ដ្បិតព្រះនៃយើងរាល់គ្នា ទ្រង់ជាភ្លើងដែលឆេះបន្សុស។