អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ដ្បិតគេមិនអាចទ្រាំទ្រនឹងព្រះបញ្ជានោះបានទេ គឺថា៖ «សូម្បីតែសត្វណាដែលពាល់ភ្នំនោះ ក៏ត្រូវចោលសម្លាប់នឹងថ្មដែរ» ។ ហេតុការណ៍នោះពិតជាគួរឲ្យស្ញែងខ្លាចមែន បានជាលោកម៉ូសេមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង» ។ ប៉ុន្ដែ អ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូន មកដល់ទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៅស្ថានសួគ៌ ហើយមកដល់ទេវតាទាំងសល់សែនកំពុងជួបជុំយ៉ាងអរសប្បាយ មកដល់ក្រុមជំនុំនៃពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ មកដល់ព្រះ ដែលជាចៅក្រមនៃមនុស្សទាំងអស់ មកដល់វិញ្ញាណនៃពួកសុចរិតដែលបានគ្រប់លក្ខណ៍ មកដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី មកដល់ព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិត ដែលនិយាយពាក្យមួយប្រសើរជាងឈាមរបស់លោកអេបិល។ ចូរប្រយ័ត្ន ក្រែងអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះអង្គដែលកំពុងមានព្រះបន្ទូល ដ្បិតប្រសិនបើអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមអ្នកដែលទូន្មានគេនៅលើផែនដី មិនអាចគេចផុតទៅហើយ នោះចំណង់បើយើងដែលមិនព្រមស្ដាប់ព្រះអង្គ ដែលទូន្មានពីស្ថានសួគ៌មក នោះនឹងរឹតតែពុំអាចគេចផុតយ៉ាងណាទៅទៀត! នៅពេលនោះ ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យផែនដីកក្រើក តែឥឡូវនេះ ព្រះអង្គបានសន្យាថា «យើងនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ។ ពាក្យថា «ម្តងទៀត» បង្ហាញឲ្យឃើញថា អ្វីៗដែលត្រូវកក្រើក ត្រូវរើចេញ នោះគឺ អ្វីៗដែលព្រះបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកបានធន់នៅ។ ហេតុនេះ ដោយយើងទទួលបាននគរមួយដែលមិនចេះកក្រើក នោះត្រូវឲ្យយើងដឹងគុណ ហើយគោរពបម្រើព្រះ តាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចព្រះអង្គទៅ ដ្បិតព្រះរបស់យើង ទ្រង់ជាភ្លើងដែលឆេះបន្សុស។
អាន ហេព្រើរ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហេព្រើរ 12:18-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ