ហេប្រឺ 11:1-7

ហេប្រឺ 11:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជំនឿ​ធ្វើ​ឲ្យ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន និង​ធ្វើ​ឲ្យ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។ ដូច្នេះ ព្រោះ​តែ​ជំនឿ​ហ្នឹង​ហើយ​បាន​ជា​ចាស់ៗ​នៅ​ជំនាន់​ដើម​បាន​ទទួល​កេរ្តិ៍‌ឈ្មោះ​ល្អ។ ដោយ‌សារ​ជំនឿ យើង​យល់​ថា ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ពិភព​លោក​មក។ ដូច្នេះ អ្វីៗ​ដែល​យើង​មើល​ឃើញ មិន​មែន​កើត​ចេញ​មក​ពី​អ្វីៗ​ដែល​មាន​រូប‌រាង​នោះ​ឡើយ។ ដោយ‌សារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​មួយ​ទៅ​ព្រះ‌ជាម្ចាស់ ជា​យញ្ញ‌បូជា​ប្រសើរ​ជាង​យញ្ញ‌បូជា​របស់​លោក​កាអ៊ីន។ ដោយ‌សារ​ជំនឿ​ហ្នឹង​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ផ្ដល់​សក្ខីភាព​ថា លោក​ជា​មនុស្ស​សុចរិត។ ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​តង្វាយ​របស់​លោក ហើយ​ដោយ‌សារ​ជំនឿ ទោះ​បី​លោក​អេបិល​ស្លាប់​បាត់​ទៅ​ហើយ​ក្ដី ក៏​លោក​នៅ​តែ​មាន​ប្រសាសន៍​នៅ​ឡើយ។ ដោយ‌សារ​ជំនឿ លោក​ហេណុក​ត្រូវ​ព្រះ‌ជាម្ចាស់​លើក​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ផុត​ពី​សេចក្ដី​ស្លាប់ ហើយ​គ្មាន​នរណា​រក​លោក​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះអង្គ​បាន​លើក​លោក​ឡើង​ទៅ។ មុន​ពេល​ព្រះអង្គ​លើក​លោក​ឡើង​ទៅ​នោះ លោក​បាន​ទទួល​សក្ខីភាព​ថា ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក។ បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់​ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ‌ជាម្ចាស់​មែន ហើយ​ជឿ​ថា​ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។ ដោយ‌សារ​ជំនឿ លោក​ណូអេ​បាន​ទទួល​ដំណឹង​ពី​ព្រះ‌ជាម្ចាស់​អំពី​ហេតុ‌ការណ៍ ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ លោក​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិ‌ប័តន៍ គឺ​លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដូច្នេះ ដោយ‌សារ​ជំនឿ លោក​បាន​ដាក់​ទោស​ពិភព​លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ។ ដ្បិត​មនុស្ស​ពី​ចាស់​បុរាណ​មាន​ជំនឿ​ហ្នឹង​ហើយ បាន​ជា​គេ​ទទួល​បាន​ការ​សរសើរ។ ដោយ​សារ​ជំនឿ យើង​យល់​ថា ពិភព‌លោក​បាន​កើត​មក​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ ដូច្នេះ អ្វី​ៗ​ដែល​មើល​ឃើញ មិន​មែន​កើត​ចេញ​ពី​របស់​ដែល​មើល​ឃើញ​នោះ​ឡើយ។ ដោយ​សារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​តង្វាយ​របស់​លោក​កាអ៊ីន ហើយ​ដោយ​សារ​យញ្ញ‌បូជា​នោះ មានការ​សរសើរ​ពី​គាត់​ថា គាត់​ជា​មនុស្ស​សុចរិត ទាំង​មាន​ព្រះ​សរសើរ​ពី​តង្វាយ​របស់​គាត់ ហើយ​ដោយ​សារ​ជំនឿ​របស់​គាត់ ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ ក៏​គាត់​នៅ​តែ​និយាយ ។ ដោយ​សារ​ជំនឿ លោក​ហេ‌ណុក​ត្រូវ​ព្រះ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ មិន​ឲ្យគាត់​ជួប​សេចក្តី​ស្លាប់ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ។ មុន​ពេលព្រះ​លើក​យក​គាត់​ទៅ មាន​គេ​សរសើរ​ពី​គាត់​ថា ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គាត់។ ប៉ុន្ដែ បើ​ឥត​មាន​ជំនឿ​ទេ នោះ​មិន​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ​មែន ហើយ​ថា ព្រះ‌អង្គ​ប្រទាន​រង្វាន់ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។ ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​សេចក្ដី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ ព្រះ‌ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​មនុស្ស​ចាស់​បុរាណ ដោយ​ព្រោះ​គេ​មាន​សេចក្ដី​ជំនឿ​នោះ​ឯង យើង​រាល់​គ្នា​ក៏​យល់​ដោយ‌សារ​សេចក្ដី​ជំនឿ​នោះ​ថា លោកីយ​បាន​កើត​មក ដោយ‌សារ​បន្ទូល​នៃ​ព្រះ បាន​ជា​របស់​ដែល​មើល​ឃើញ​ទាំង​ប៉ុន្មាន នោះ​មិន​មែន​កើត​អំពី​របស់​ដែល​មើល​ឃើញ​ទេ។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​ដង្វាយ​របស់​កាអ៊ីន ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់ ដោយ​ព្រោះ​យញ្ញ‌បូជា​នោះ​ថា គាត់​សុចរិត ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ពី​ដង្វាយ​គាត់​ផង បាន​ជា​ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ គង់​តែ​នៅ​មាន​និយាយ​ទៅ​ទៀត ដោយ‌សារ​ដង្វាយ​នោះ​ឯង។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ហេណុក​បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្ដី​ស្លាប់​ឡើយ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ដ្បិត​កាល​មុន​ដែល​លើក​យក​គាត់​ទៅ នោះ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់​ថា ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​គាត់​ណាស់ តែ​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ‌ហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។ ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត‌ខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្ដី​សុចរិត ដែល​ត្រូវ​ខាង​សេចក្ដី​ជំនឿ ទុក​ជា​មរដក​ដែរ។

ចែក​រំលែក
អាន ហេប្រឺ 11

ហេប្រឺ 11:1-7

ហេប្រឺ 11:1-7 គខបហេប្រឺ 11:1-7 គខបហេប្រឺ 11:1-7 គខបហេប្រឺ 11:1-7 គខបហេប្រឺ 11:1-7 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ