ហេប្រឺ 11:1-19
ហេប្រឺ 11:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។ ដ្បិតមនុស្សពីចាស់បុរាណមានជំនឿហ្នឹងហើយ បានជាគេទទួលបានការសរសើរ។ ដោយសារជំនឿ យើងយល់ថា ពិភពលោកបានកើតមកដោយសារព្រះបន្ទូលរបស់ព្រះ ដូច្នេះ អ្វីៗដែលមើលឃើញ មិនមែនកើតចេញពីរបស់ដែលមើលឃើញនោះឡើយ។ ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងតង្វាយរបស់លោកកាអ៊ីន ហើយដោយសារយញ្ញបូជានោះ មានការសរសើរពីគាត់ថា គាត់ជាមនុស្សសុចរិត ទាំងមានព្រះសរសើរពីតង្វាយរបស់គាត់ ហើយដោយសារជំនឿរបស់គាត់ ទោះបើគាត់ស្លាប់ក៏ដោយ ក៏គាត់នៅតែនិយាយ ។ ដោយសារជំនឿ លោកហេណុកត្រូវព្រះលើកឡើងទៅស្ថានសួគ៌ មិនឲ្យគាត់ជួបសេចក្តីស្លាប់ ហើយគេរកគាត់មិនឃើញទៀតឡើយ ព្រោះព្រះបានយកគាត់ទៅ ។ មុនពេលព្រះលើកយកគាត់ទៅ មានគេសរសើរពីគាត់ថា ព្រះសព្វព្រះហឫទ័យនឹងគាត់។ ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។ ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ កាលព្រះបានត្រាស់ហៅលោកឲ្យបានចេញទៅកន្លែងមួយ ដែលលោកត្រូវទទួលជាមត៌ក។ លោកបានចេញទៅ ដោយមិនដឹងថាត្រូវទៅទីណាទេ។ ដោយសារជំនឿ លោកបានស្នាក់នៅក្នុងស្រុកដែលព្រះអង្គបានសន្យា ទុកដូចជានៅប្រទេសដទៃ ក៏រស់នៅក្នុងជំរំជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នកស្នងសេចក្ដីសន្យារួមជាមួយលោក ទុកជាមត៌ក។ ដ្បិតលោកទន្ទឹងរង់ចាំក្រុងមួយ ដែលមានគ្រឹះរឹងមាំ ដែលព្រះជាអ្នកគូរប្លង់ និងជាជាងសង់។ ដោយសារជំនឿ លោកស្រីសារ៉ាបានទទួលអំណាចនឹងមានគភ៌បាន ទោះជាគាត់ហួសអាយុនឹងមានកូនក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថា ទ្រង់ស្មោះត្រង់។ ហេតុនេះហើយបានជាមានមនុស្សជាច្រើន ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនអស់ បានកើតចេញមកពីមនុស្សតែម្នាក់ ដែលលោកទុកដូចជាស្លាប់ទៅហើយ។ អ្នកទាំងអស់នេះបានស្លាប់ទៅ ទាំងមានជំនឿ ឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែអ្នកទាំងនោះបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងបានទទួលស្គាល់ថា ខ្លួនគេជាអ្នកដទៃ និងជាអ្នកស្នាក់នៅ លើផែនដីនេះប៉ុណ្ណោះ។ ដ្បិតមនុស្សដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេកំពុងតែស្វែងរកស្រុកកំណើតមួយ។ ប្រសិនបើគេរឭកស្រុកដែលគេទើបនឹងចេញមក គេមុខជាមានឱកាសត្រឡប់ទៅវិញបាន។ ប៉ុន្ដែ តាមពិត គេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង គឺជាស្រុកមួយនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះទ្រង់មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថាជាព្រះរបស់គេនោះឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់គេរួចហើយ។ ដោយសារជំនឿ នៅពេលព្រះល្បងល លោកអ័ប្រាហាំបានថ្វាយអ៊ីសាក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាននោះ លោកបានថ្វាយកូនតែមួយរបស់លោក ដែលព្រះទ្រង់មានព្រះបន្ទូលពីដំណើរកូននោះថា «ពូជពង្សរបស់អ្នកនឹងមានឈ្មោះតាមរយៈអ៊ីសាក» ។ លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូននោះឲ្យរស់ពីស្លាប់ឡើងវិញបាន ហើយលោកក៏បានទទួលកូនមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ។
ហេប្រឺ 11:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជំនឿធ្វើឲ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និងធ្វើឲ្យស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។ ដូច្នេះ ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ។ ដោយសារជំនឿ យើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។ ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ ជាយញ្ញបូជាប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន។ ដោយសារជំនឿហ្នឹងហើយបានជាព្រះជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហឫទ័យ នឹងតង្វាយរបស់លោក ហើយដោយសារជំនឿ ទោះបីលោកអេបិលស្លាប់បាត់ទៅហើយក្ដី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។ ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខ រួចផុតពីសេចក្ដីស្លាប់ ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើកលោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោក។ បើគ្មានជំនឿ គ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់អំពីហេតុការណ៍ ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿ លោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។ ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។ ដោយសារជំនឿ លោកបានមករស់នៅជាអាណិកជន ក្នុងស្រុក ដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានឲ្យ គឺលោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និងលោកយ៉ាកុប ដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយលោក តាមព្រះបន្ទូលសន្យាដដែល។ លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគម្រោង និងសង់ឡើង។ ដោយសារជំនឿ លោកស្រីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វីដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថា បើព្រះជាម្ចាស់សន្យាយ៉ាងណា ព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។ ហេតុនេះហើយបានជាមានមនុស្សច្រើន ឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ កើតចេញមកពីមនុស្សតែម្នាក់ ដែលចាស់ជិតស្លាប់ទៅហើយនោះផង។ បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថា ពួកលោកគ្រាន់តែជាជនបរទេស ដែលធ្វើដំណើរ លើផែនដីនេះប៉ុណ្ណោះ។ អ្នកណានិយាយដូច្នេះបង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកមាតុភូមិមួយ។ ប្រសិនបើបុព្វបុរសទាំងនោះនឹកស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។ តាមពិត ពួកលោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅស្ថានបរមសុខ*ឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថា ជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយ សម្រាប់ពួកលោករួចទៅហើយ។ ដោយសារជំនឿ លោកអប្រាហាំបានយកអ៊ីសាកទៅថ្វាយជាយញ្ញបូជា នៅពេលព្រះជាម្ចាស់ល្បងលមើលចិត្តលោក។ លោកថ្វាយកូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យា ហើយថ្វីដ្បិតតែព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកថា «អ៊ីសាកនឹងបន្ដពូជពង្សឲ្យអ្នក»ក៏ដោយ។ លោកយល់ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន។ ហេតុនេះ លោកក៏បានទទួលកូនមកវិញ ដែលជានិមិត្តរូបមួយ។
ហេប្រឺ 11:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ ព្រះទ្រង់បានធ្វើបន្ទាល់ពីមនុស្សចាស់បុរាណ ដោយព្រោះគេមានសេចក្ដីជំនឿនោះឯង យើងរាល់គ្នាក៏យល់ដោយសារសេចក្ដីជំនឿនោះថា លោកីយបានកើតមក ដោយសារបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំងប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ។ ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្ដីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត ទាំងមានព្រះធ្វើបន្ទាល់ពីដង្វាយគាត់ផង បានជាទោះបើគាត់ស្លាប់ក៏ដោយ គង់តែនៅមាននិយាយទៅទៀត ដោយសារដង្វាយនោះឯង។ ដោយសារសេចក្ដីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្ដីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ នោះមានសេចក្ដីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់ តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។ ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្ដីសុចរិត ដែលត្រូវខាងសេចក្ដីជំនឿ ទុកជាមរដកដែរ។ ដោយសារសេចក្ដីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ ដោយសារសេចក្ដីជំនឿ នោះលោកបានស្នាក់នៅក្នុងស្រុក ដែលទ្រង់សន្យាឲ្យ ដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាល ជាមួយនឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាអ្នកគ្រងសេចក្ដីសន្យាដដែល ទុកជាមរដកជាមួយគ្នា ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។ ដោយសារសេចក្ដីជំនឿ នោះនាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់ ដូច្នេះ ក៏មានមនុស្ស១ហ្វូង ដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនចេះអស់ បានកើតមកអំពីមនុស្សតែម្នាក់ ដែលអ្នកនោះក៏ទុកដូចជាស្លាប់ហើយដែរ។ ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ ពួកអ្នកដែលនិយាយដូច្នោះ នោះសំដែងច្បាស់ថា គេជាអ្នករកស្រុកសំរាប់ខ្លួនគេពិត ហើយបើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន តែឥឡូវនេះ គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ បានជាព្រះទ្រង់គ្មានសេចក្ដីខ្មាស ដោយគេហៅទ្រង់ជាព្រះនៃគេនោះឡើយ ដ្បិតទ្រង់បានរៀបចំទីក្រុង១ឲ្យគេហើយ។ ដោយសារសេចក្ដីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក ក្នុងកាលដែលទ្រង់ល្បងលលោក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាន លោកបានថ្វាយកូនលោកតែមួយ ដែលមានសេចក្ដីចែងទុកពីដំណើរកូននោះថា «ពូជឯងនឹងបានរាប់តាមអ៊ីសាក» លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង ហើយលោកបានទទួលវាមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ។