ហេប្រឺ 10:30-39

ហេប្រឺ 10:30-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា «ការ​សង‌សឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ» ។ គ្មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ វិនិច្ឆ័យ​ទោស​ឡើយ!។ ក៏​ប៉ុន្តែ សូម​នឹក​ចាំ​ពី​គ្រា​ដំបូង ដែល​បងប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះ‌ជាម្ចាស់​ថ្មីៗ។ ពេល​នោះ បងប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បងប្អូន​ក៏​បាន​រង‌ទុក្ខ​លំបាក​ជា​ច្រើន ពេល​ខ្លះ បងប្អូន​ត្រូវ​គេ​ប្រមាថ​មើល‌ងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បងប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។ បងប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង បងប្អូន​សុខ​ចិត្ត​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បងប្អូន ដោយ​រីក‌រាយ ដ្បិត​បងប្អូន​ដឹង​ថា បងប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត‌ស្ថេរ​រហូត។ ហេតុ​នេះ សូម​បងប្អូន​កុំ​លះ‌បង់​ចិត្ត​រឹង‌ប៉ឹង ដែល​នឹង​ធ្វើ​ឲ្យ​បងប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ គឺ​ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ និង​ទទួល​ផល តាម​ព្រះ‌បន្ទូល​សន្យា ដ្បិត​នៅ​តែ​បន្តិច​ទៀត គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ព្រះអង្គ​ដែល​ត្រូវ​យាង​មក ទ្រង់​នឹង​យាង​មក​ដល់​ជា​មិន​ខាន ព្រះអង្គ​មិន​បង្អង់​ឡើយ។ «រីឯ​អ្នក​សុចរិត​ជា​កូន​ចៅ​របស់​យើង​វិញ គេ​នឹង​មាន​ជីវិត​រស់​ដោយ‌សារ​ជំនឿ តែ​បើ​គេ​ថយ​ក្រោយ យើង​លែង​ពេញ​ចិត្ត​នឹង​គេ​ហើយ» ។ ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​ឲ្យ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ ដើម្បី​សង្គ្រោះ​ជីវិត ។

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:30-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​សង​សឹក​ជា​របស់​យើង យើង​នឹង​សង​ដល់​គេ» ហើយ​មួយ​ទៀត​ថា «ព្រះ‌អម្ចាស់​នឹង​ជំនុំ​ជម្រះ​ប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ» ។ ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ នោះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។ ប៉ុន្ដែ ចូរ​នឹក​ចាំ​ពីគ្រា​ដំបូង ជា​គ្រា​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ អ្នក​រាល់​គ្នា​បាន​ទ្រាំ​ទ្រ​នឹង​ទុក្ខ​លំបាក​ជា​ខ្លាំង ពេល​ខ្លះ អ្នក​រាល់​គ្នា​ត្រូវ​គេ​ប្រមាថ​មើល​ងាយ និង​ធ្វើ​ទុក្ខ​បៀត​បៀន​នៅ​ទី​ប្រជុំ​ជន ហើយ​ពេល​ខ្លះ​ទៀត អ្នក​រាល់​គ្នា​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​យ៉ាង​នោះ​ទៀត​ផង។ ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អាសូរ​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង ក៏​ទ្រាំ​ឲ្យ​គេរឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដោយ​អំណរ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត​ស្ថេរ​រហូត។ ហេតុ​នេះ សូម​កុំ​បោះ​បង់​ចោល​ចិត្ត​ជឿ​ជាក់​របស់​អ្នក​រាល់​គ្នា ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ។ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​មាន​ចិត្តស៊ូ​ទ្រាំ ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​រួច​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​តាម​ព្រះ‌បន្ទូល​សន្យា។ «ដ្បិត​នៅ​តែ​បន្តិច​ទៀត ព្រះ‌អង្គ​ដែល​ត្រូវយាង​មក ព្រះ‌អង្គ​នឹង​យាង​មក​មែន ឥត​បង្អង់​ឡើយ រីឯ​មនុស្ស​សុចរិត​របស់​យើង គេ​នឹង​រស់​នៅ​ដោយ​សារ​ជំនឿ តែ​បើ​អ្នក​ណា​ដក​ថយ​ទៅ​វិញ ចិត្ត​យើង​គ្មាន​អំណរ​នឹង​អ្នក​នោះ​ឡើយ» ។ ប៉ុន្ដែ យើង​មិន​មែន​ជា​ពួក​អ្នក​ដែល​ដក​ថយ​ទៅ​វិញ ហើយ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​ជំនឿ ហើយ​រក្សា​ព្រលឹង​របស់​ខ្លួន​វិញ។

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:30-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​ទ្រង់​មាន​បន្ទូល​ថា «សេចក្ដី​សង‌សឹក​ជា​របស់​ផង​អញ អញ​នឹង​សង​គេ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះ‌អម្ចាស់» ហើយ​១​ទៀត​ថា «ព្រះ‌អម្ចាស់​ទ្រង់​នឹង​ជំនុំ​ជំរះ​រាស្ត្រ​ទ្រង់» រីឯ​ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ នោះ​គួរ​ស្ញែង​ខ្លាច​ណាស់។ ចូរ​នឹក​ចាំ​ពី​ជាន់​មុន គឺ​ពី​កាល​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ​ឡើង នោះ​ក៏​ទ្រាំ​នឹង​ទុក្ខ​លំបាក ទាំង​តតាំង​ជា​ខ្លាំង​ដែរ ដោយ‌សារ​គេ​យក​អ្នក​រាល់​គ្នា​ទុក​ជា​ល្បែង​មើល​លេង ទាំង​ត្មះ‌តិះដៀល ហើយ​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា​នោះ​ម្យ៉ាង ហើយ​មួយ​ទៀត ដោយ​អ្នក​រាល់​គ្នា​បាន​ភប់‌ប្រសព្វ​នឹង​ពួក​អ្នក ដែល​ត្រូវ​ទុក្ខ​លំបាក​ដូច្នោះ​ម្យ៉ាង​ផង ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ខ្លួន​មាន​ទ្រព្យ​សម្បត្តិ ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់‌លាប់​ផង នៅ​ឯ​ស្ថាន‌សួគ៌ ដូច្នេះ កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្ដី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្ដី​អត់‌ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ ពី​ព្រោះ​នៅ​តែ​បន្តិច​ទៀត «នោះ​ព្រះ‌អង្គ​ដែល​ត្រូវ​មក ទ្រង់​នឹង​យាង​មក​មែន ឥត​បង្អង់​ឡើយ តែ​ពួក​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ បើ​អ្នក​ណា​ថយ​ទៅ​វិញ នោះ​ចិត្ត​អញ​គ្មាន​សេចក្ដី​អំណរ​ចំពោះ​អ្នក​នោះ​ទេ» តែ​យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក ដែល​ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ។

ចែក​រំលែក
អាន ហេប្រឺ 10