ហេព្រើរ 10:30-39

ហេព្រើរ 10:30-39 គកស១៦

ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​សង​សឹក​ជា​របស់​យើង យើង​នឹង​សង​ដល់​គេ» ហើយ​មួយ​ទៀត​ថា «ព្រះ‌អម្ចាស់​នឹង​ជំនុំ​ជម្រះ​ប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ» ។ ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ នោះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។ ប៉ុន្ដែ ចូរ​នឹក​ចាំ​ពីគ្រា​ដំបូង ជា​គ្រា​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ អ្នក​រាល់​គ្នា​បាន​ទ្រាំ​ទ្រ​នឹង​ទុក្ខ​លំបាក​ជា​ខ្លាំង ពេល​ខ្លះ អ្នក​រាល់​គ្នា​ត្រូវ​គេ​ប្រមាថ​មើល​ងាយ និង​ធ្វើ​ទុក្ខ​បៀត​បៀន​នៅ​ទី​ប្រជុំ​ជន ហើយ​ពេល​ខ្លះ​ទៀត អ្នក​រាល់​គ្នា​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​យ៉ាង​នោះ​ទៀត​ផង។ ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អាសូរ​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង ក៏​ទ្រាំ​ឲ្យ​គេរឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដោយ​អំណរ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត​ស្ថេរ​រហូត។ ហេតុ​នេះ សូម​កុំ​បោះ​បង់​ចោល​ចិត្ត​ជឿ​ជាក់​របស់​អ្នក​រាល់​គ្នា ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ។ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​មាន​ចិត្តស៊ូ​ទ្រាំ ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​រួច​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​តាម​ព្រះ‌បន្ទូល​សន្យា។ «ដ្បិត​នៅ​តែ​បន្តិច​ទៀត ព្រះ‌អង្គ​ដែល​ត្រូវយាង​មក ព្រះ‌អង្គ​នឹង​យាង​មក​មែន ឥត​បង្អង់​ឡើយ រីឯ​មនុស្ស​សុចរិត​របស់​យើង គេ​នឹង​រស់​នៅ​ដោយ​សារ​ជំនឿ តែ​បើ​អ្នក​ណា​ដក​ថយ​ទៅ​វិញ ចិត្ត​យើង​គ្មាន​អំណរ​នឹង​អ្នក​នោះ​ឡើយ» ។ ប៉ុន្ដែ យើង​មិន​មែន​ជា​ពួក​អ្នក​ដែល​ដក​ថយ​ទៅ​វិញ ហើយ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​ជំនឿ ហើយ​រក្សា​ព្រលឹង​របស់​ខ្លួន​វិញ។

អាន ហេព្រើរ 10