ហេប្រឺ 1:6-14
ហេប្រឺ 1:6-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ម្យ៉ាងទៀត ពេលព្រះប្រទានព្រះរាជបុត្រាមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឲ្យទេវតារបស់ព្រះទាំងអស់ថ្វាយបង្គំព្រះរាជបុត្រា» ។ ព្រះទ្រង់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គ ធ្វើជាខ្យល់ ហើយពួកអ្នកបម្រើព្រះអង្គធ្វើជាអណ្តាតភ្លើង» ។ ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលអំពីព្រះរាជបុត្រាវិញថា៖ «ព្រះអង្គអើយ បល្ល័ង្កព្រះអង្គនៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ឯដំបងសុចរិត ជាដំបងរាជរបស់ព្រះអង្គ។ ព្រះអង្គស្រឡាញ់សេចក្តីសុចរិត ហើយស្អប់អំពើទុច្ចរិត ហេតុនេះបានជាព្រះ គឺជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងថ្វាយព្រះអង្គ ជាប្រេងនៃសេចក្តីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះអង្គ» ហើយថា «ព្រះអម្ចាស់អើយ កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ របស់ទាំងនោះនឹងសាបសូន្យទៅ តែព្រះអង្គនៅតែដដែល របស់ទាំងអស់នឹងចាស់ទៅដូចជាសម្លៀកបំពាក់ ព្រះអង្គនឹងមូររបស់ទាំងនោះដូចជាមូរអាវ ហើយរបស់ទាំងនោះក៏នឹងត្រូវផ្លាស់ប្តូរដូចសម្លៀកបំពាក់ តែព្រះអង្គមិនប្រែប្រួលឡើយ ហើយព្រះជន្មព្រះអង្គក៏មិនចេះផុតដែរ» ។ ប៉ុន្តែ តើព្រះធ្លាប់មានព្រះបន្ទូលទៅកាន់ទេវតាណាមួយថា៖ «ចូរអង្គុយខាងស្តាំយើង ទាល់តែយើងដាក់ខ្មាំងសត្រូវ ទុកជាកំណល់កល់ជើងអ្នក» ឬទេ? តើទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់ឲ្យមកបម្រើ សម្រាប់អស់អ្នកដែលត្រូវទទួលការសង្គ្រោះជាមត៌កទេឬ?
ហេប្រឺ 1:6-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងឲ្យមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា៖ «ទេវតា*ទាំងអស់របស់ព្រះជាម្ចាស់ ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា» ។ ព្រះជាម្ចាស់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គបានយកពួកទេវតាធ្វើជាខ្យល់ និងយកពួកអ្នកបម្រើរបស់ព្រះអង្គ ធ្វើជាអណ្ដាតភ្លើង» ។ ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ។ ព្រះអង្គសព្វព្រះហឫទ័យតែនឹងសេចក្ដីសុចរិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ។ ហេតុនេះ ព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកព្រះអង្គ ឲ្យមានអំណរសប្បាយដ៏លើសលុប គឺឲ្យព្រះអង្គបានប្រសើរជាង មិត្តភក្ដិរបស់ព្រះអង្គ» ។ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដី តាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ ព្រះអង្គដែរ។ ផែនដី និងផ្ទៃមេឃមុខជារលាយបាត់ទៅ តែព្រះអង្គនៅស្ថិតស្ថេររហូត។ ផែនដី និងផ្ទៃមេឃមុខជាចាស់ទៅ ដូចសម្លៀកបំពាក់ ព្រះអង្គនឹងបត់ទាំងផែនដី ទាំងផ្ទៃមេឃទុក ដូចគេបត់អាវធំ ផែនដី និងផ្ទៃមេឃនឹងរេចរឹលទៅ ដូចសម្លៀកបំពាក់ ចំពោះព្រះអង្គវិញ ព្រះអង្គមិនប្រែប្រួលឡើយ ហើយព្រះជន្មាយុរបស់ព្រះអង្គ ក៏មិនចេះអស់ដែរ ។ មួយវិញទៀត ព្រះជាម្ចាស់ក៏មិនដែលមានព្រះបន្ទូលទៅកាន់ទេវតាណាម្នាក់ថា៖ «សូមគង់នៅខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ» ។ ទេវតាទាំងនោះសុទ្ធតែជាវិញ្ញាណដែលនៅបម្រើព្រះជាម្ចាស់ ព្រះអង្គចាត់ពួកលោកឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!។
ហេប្រឺ 1:6-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយម្តងទៀត កាលទ្រង់ឲ្យព្រះរាជបុត្រាមកក្នុងលោកីយ នោះទ្រង់មានបន្ទូលថា «ចូរឲ្យអស់ទាំងទេវតានៃព្រះថ្វាយបង្គំចុះ» ខាងឯពួកទេវតា នោះទ្រង់មានបន្ទូលថា «ទ្រង់យកពួកទេវតារបស់ទ្រង់ ធ្វើជាវិញ្ញាណ ហើយពួកអ្នកបំរើទ្រង់ធ្វើជាអណ្តាតភ្លើង» តែខាងឯព្រះរាជបុត្រាវិញ នោះទ្រង់មានបន្ទូលថា «ឱព្រះអើយ បល្ល័ង្កទ្រង់នៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទទឹងច្បាប់ ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់» ហើយថា «ឱព្រះអម្ចាស់អើយ កាលដើមដំបូង ទ្រង់បានបង្កឫសផែនដី ហើយផ្ទៃមេឃក៏ជាការដែលព្រះហស្តទ្រង់ធ្វើដែរ ឯរបស់ទាំងនោះនឹងសាបសូន្យទៅ តែទ្រង់នឹងគង់នៅជាប់ដដែល របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់ ទ្រង់នឹងឆ្មូលទៅដូចជាអាវ ហើយរបស់ទាំងនោះក៏នឹងប្រែក្លាយទៅ តែទ្រង់នៅតែដដែល ព្រះជន្មទ្រង់មិនចេះផុតឡើយ» តើទ្រង់ដែលមានបន្ទូលទៅទេវតាណាមួយថា «ចូរអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ទុកជាកំណល់កល់ជើងឯង»ដូច្នេះឬទេ តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណបំរើ ដែលទ្រង់បានចាត់មក សំរាប់ការងារជួយ ដល់ពួកដែលត្រូវទទួលសេចក្ដីសង្គ្រោះជាមរដកទេឬអី។