ហេប្រឺ 1

1
សេចក្ដី​ផ្ដើម
1នៅ​ជំនាន់​ដើម ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ​បុរស*​យើង​ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ព្យាការី*។ 2គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​តាម​រយៈ​ព្រះ‌បុត្រា។ ព្រះអង្គ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ព្រះ‌បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​ព្រះ‌បុត្រា​ដែរ។ 3ព្រះ‌បុត្រា​នេះ​ជា​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​មាន​លក្ខណៈ​ដូច​ព្រះអង្គ​បេះ​បិទ។ ព្រះ‌បុត្រា​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​បរិសុទ្ធ*​ផុត​ពី​បាប*​រួច​ហើយ ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម​នា​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ 4ព្រះ‌បុត្រា​បាន​ទទួល​ព្រះ‌នាម ប្រសើរ​លើស​ពួក​ទេវតា*​យ៉ាង​ណា ព្រះអង្គ​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។
ព្រះ‌យេស៊ូ​គ្រិស្ត​មាន​ឋានៈ​ធំ​ជាង​ពួក​ទេវតា
5 ព្រះ‌ជាម្ចាស់​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖
«ព្រះអង្គ​ជា​បុត្រ​របស់​យើង
គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន​ទទួល​ព្រះអង្គ
ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ»
ឬ​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ
ហើយ​ព្រះអង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើង»
សោះ​ឡើយ។
6 មួយ​វិញ​ទៀត នៅ​ពេល​ព្រះ‌ជាម្ចាស់​ចាត់​បុត្រ​ច្បង​ឲ្យ​មក​ផែនដី​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖
«ទេវតា*​ទាំង​អស់​របស់​ព្រះ‌ជាម្ចាស់
ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បុត្រា»
7 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖
«ព្រះអង្គ​បាន​យក​ពួក​ទេវតា​ធ្វើ​ជា​ខ្យល់
និង​យក​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ
ធ្វើ​ជា​អណ្ដាត​ភ្លើង»
8 ចំពោះ​ព្រះ‌បុត្រា​វិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច
ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌
9 ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​សេចក្ដី​សុចរិត
ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ។
ហេតុ​នេះ ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ
បាន​ចាក់​ប្រេង​អភិសេក​ព្រះអង្គ
ឲ្យ​មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប
គឺ​ឲ្យ​ព្រះអង្គ​បាន​ប្រសើរ​ជាង
មិត្ត‌ភក្ដិ​របស់​ព្រះអង្គ»
10 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖
បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​បង្កើត​ផែនដី
តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ
ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ​របស់
ព្រះអង្គ​ដែរ។
11 ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅ
តែ​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត។
ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅ
ដូច​សម្លៀក‌បំពាក់
12 ព្រះអង្គ​នឹង​បត់​ទាំង​ផែនដី ទាំង​ផ្ទៃ​មេឃ​ទុក
ដូច​គេ​បត់​អាវ​ធំ
ផែនដី និង​ផ្ទៃ​មេឃ​នឹង​រេច‌រឹល​ទៅ
ដូច​សម្លៀក‌បំពាក់
ចំពោះ​ព្រះអង្គ​វិញ ព្រះអង្គ​មិន​ប្រែ‌ប្រួល​ឡើយ
ហើយ​ព្រះ‌ជន្មាយុ​របស់​ព្រះអង្គ
ក៏​មិន​ចេះ​អស់​ដែរ
13 មួយ​វិញ​ទៀត ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖
«សូម​គង់​នៅ​ខាង​ស្ដាំ​យើង
ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ»
14ទេវតា​ទាំង​នោះ​សុទ្ធ​តែ​ជា​វិញ្ញាណ​ដែល​នៅ​បម្រើ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ចាត់​ពួក​លោក​ឲ្យ​មក​បំពេញ​មុខងារ ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មត៌ក!។

ទើបបានជ្រើសរើសហើយ៖

ហេប្រឺ 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ