ហាកាយ 1:12-14
ហាកាយ 1:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងសំណល់នៃបណ្ដាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោកឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាចនៅចំពោះព្រះយេហូវ៉ា នោះហោរាហាកាយ ជាទូតរបស់ព្រះយេហូវ៉ា លោកប្រាប់ដល់បណ្ដាជន តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបង្គាប់មក គឺព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនៅជាមួយឯងរាល់គ្នា»។ ខណៈនោះ ព្រះយេហូវ៉ាដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់សម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងចិត្តរបស់សំណល់នៃបណ្ដាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង
ហាកាយ 1:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោក ឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាច នៅចំពោះព្រះយេហូវ៉ា នោះហាកាយ ជាទូតរបស់ព្រះយេហូវ៉ា លោកប្រាប់ដល់បណ្តាជន តាមព្រះបន្ទូលដែលព្រះយេហូវ៉ា ទ្រង់បង្គាប់មក គឺព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនៅជាមួយនឹងឯងរាល់គ្នា ខណៈនោះ ព្រះយេហូវ៉ា ទ្រង់ដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់យេសួរ ជាកូនយ៉ូសាដាក ដ៏ជាសង្ឃធំ ព្រមទាំងចិត្តរបស់សំណល់នៃបណ្តាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង
ហាកាយ 1:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះអម្ចាស់។ លោកហាកាយ ដែលព្រះអម្ចាស់ចាត់ឲ្យមកមានប្រសាសន៍ទៅកាន់ប្រជាជន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់ដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយព្រះអង្គក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ពួកគេ