ហាបាគូក 2:4-6
ហាបាគូក 2:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍! ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារជំនឿរបស់ខ្លួន មួយទៀត ដែលស្រាទំពាំងបាយជូរ ជាគ្រឿងបញ្ឆោតយ៉ាងណា មនុស្សអំនួតក៏មិនចេះនៅផ្ទះខ្លួនដូច្នោះដែរ គេពង្រីកសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ឲ្យធំដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏ដូចជាសេចក្ដីស្លាប់ ដែលមិនចេះឆ្អែតឆ្អន់ គឺគេកៀរប្រមូលអស់ទាំងសាសន៍មកខាងខ្លួន ក៏បង្រួមជនជាតិទាំងឡាយទុកសម្រាប់ខ្លួនដែរ»។ តើពួកទាំងនោះ មិននិយាយពាក្យប្រៀបធៀប និងពាក្យប្រស្នាដែលបញ្ឈឺចិត្តទេឬ ដោយពាក្យថា «វេទនាដល់មនុស្សដែលចម្រើនរបស់ទ្រព្យ ដែលមិនមែនជារបស់ខ្លួន ហើយផ្ទុកដោយរបស់ដែលទទួលបញ្ចាំផង» តើនឹងនៅដូច្នេះដល់កាលណាទៀត?
ហាបាគូក 2:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាស រីឯមនុស្សសុចរិតនឹងរស់ដោយសារជំនឿ។ ទ្រព្យសម្បត្តិ រមែងនាំឲ្យខកចិត្ត មនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេ គេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់ គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្ត គេវាយលុកប្រជាជាតិទាំងអស់ ហើយប្រមូលជាតិសាសន៍ទាំងអស់ ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។ ប៉ុន្តែ ប្រជាជាតិទាំងនោះនាំគ្នានិយាយផ្លែផ្កា ប្រមាថមាក់ងាយពួកគេ ដោយពោលថា: អ្នកមុខជាត្រូវវេទនាពុំខាន ព្រោះអ្នកប្រមូលទ្រព្យអ្នកដទៃ យកមកធ្វើជាទ្រព្យរបស់ខ្លួន! តើអ្នកប្រព្រឹត្តដូច្នេះដល់កាលណាទៀត? អ្នកជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ
ហាបាគូក 2:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន ១ទៀត ដែលស្រាទំពាំងបាយជូរជាគ្រឿងបញ្ឆោតយ៉ាងណា មនុស្សអំនួតក៏មិនចេះនៅផ្ទះខ្លួនដូច្នោះដែរ គេពង្រីកសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនឲ្យធំដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏ដូចជាសេចក្ដីស្លាប់ ដែលមិនចេះឆ្អែតឆ្អន់ គឺគេកៀរប្រមូលអស់ទាំងសាសន៍មកឯខ្លួន ក៏បំព្រួមជនជាតិទាំងឡាយទុកសំរាប់ខ្លួនដែរ ឯពួកទាំងនោះ តើមិនចាប់ផ្តើមនិយាយពាក្យប្រៀបធៀប នឹងពាក្យប្រស្នាដែលបញ្ឈឺចិត្តទេឬអី ដោយពាក្យថា វេទនាដល់មនុស្សដែលចំរើនរបស់ទ្រព្យ ដែលមិនមែនជារបស់ខ្លួនទេ ហើយផ្ទុកខ្លួនដោយរបស់ដែលទទួលបញ្ចាំផង តើនឹងបានដូច្នេះដល់កាលណាទៅ