លោកុប្បត្តិ 42:17-38

លោកុប្បត្តិ 42:17-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ក៏​យក​ពួក‌គេ​ទាំង​អស់​គ្នា​ទៅ​ឃុំ​ឃាំង​អស់​រយៈ​ពេល​បី​ថ្ងៃ។ នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ចូរ​ធ្វើ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់ ព្រោះ​ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​របស់​ពួក​ឯង ឲ្យ​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​គុក​នេះ​សិន ហើយ​អ្នក​ឯ​ទៀត​ៗ​ត្រូវ​យក​ស្រូវ​ទៅ​ឲ្យ​អ្នក​ផ្ទះ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ រួច​ត្រូវ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។ គេ​ក៏​យល់​ព្រម​ធ្វើ​ដូច្នោះ។ គេ​និយាយ​គ្នា​ថា៖ «ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ‌វេទនា​របស់​វា នៅ​ពេល​ដែល​វា​អង្វរ​យើង តែ​យើង​មិន​បាន​ស្តាប់​វា​សោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​វិញ»។ ពេល​នោះ រូបេន​ឆ្លើយ​ឡើង​ថា៖ «តើ​បង​មិន​បាន​ហាម​ឯង​រាល់​គ្នា​ទេ​ឬ​ថា កុំ​ឲ្យ​ធ្វើ​បាប​វា? តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​សោះ មើល៍ ឥឡូវនេះ វា​បាន​ទារ​ឈាម​វា​វិញ​ហើយ»។ គេ​មិន​ដឹង​ថា លោក​យ៉ូសែប​ស្តាប់​បាន​ទេ ព្រោះ​មាន​អ្នក​បក​ប្រែ​ជូន។ ពេល​នោះ លោក​ងាក​ចេញ​ពីពួក​គេ ហើយ​យំ រួច​លោក​វិល​មក​និយាយ​ជាមួយ​ពួក‌គេ​វិញ។ លោក​យក​ស៊ីម្មាន​ចេញ​ពី​ចំណោម​ពួក‌គេ ហើយ​ចង​គាត់​នៅ​មុខ​ពួក​គេ។ លោក​យ៉ូសែប​បាន​បញ្ជា​ឲ្យ​គេ​ច្រក​ស្រូវ​បំ​ពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​របស់​គេ ចូល​ទៅ​ក្នុង​បាវ​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​អាហារ​សម្រាប់​បរិ‌ភោគ​តាម​ផ្លូវ​ទៀត​ផង។ ការ​នេះ​ក៏​បាន​ធ្វើ​សម្រេច​ដល់​ពួក‌គេ​ដូច្នោះ។ បន្ទាប់​មក គេ​បាន​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា ហើយ​ចេញ​ដំណើរ។ លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​តាម​ផ្លូវ មាន​ពួក‌គេ​ម្នាក់​បាន​ស្រាយ​បាវ យក​ចំណីឲ្យ​លា​ស៊ី ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ។ គាត់​ក៏​ប្រាប់​បង‌ប្អូន​ថា៖ «គេ​បាន​ដាក់​ប្រាក់​របស់​ខ្ញុំ​មក​វិញ មើល​នែ៎ នៅ​ក្នុង​មាត់​បាវ​របស់​ខ្ញុំ!»។ ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​តក់‌ស្លុត​ជា​ខ្លាំង ក៏​ងាក​បែរ​រក​គ្នា​ទាំង​ភ័យ​ញ័រ ហើយ​ពោល​ថា៖ «តើ​ព្រះ​បាន​ធ្វើ​អ្វី​ចំពោះ​យើង​ដូច្នេះ?»។ កាល​គេ​បាន​មក​ជួប​លោក​យ៉ាកុប ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​ពី​គ្រប់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​មាន​ដល់​គេ​ថា៖ «លោក​ដែល​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​ចោទ​ថា​យើង​ជា​អ្នក​ស៊ើប‌ការណ៍​ស្រុក​នោះ។ ប៉ុន្ដែ យើង​ខ្ញុំ​បាន​ជម្រាប​លោក​ថា "យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​អ្នក​សង្កេត​ការណ៍​ទេ។ យើង​ខ្ញុំ​មាន​បង‌ប្អូន​ដប់ពីរ​នាក់ ជា​កូន​របស់​ឪពុក​តែ​មួយ កូន​មួយ​មិន​នៅ​ទៀត​ទេ រី​ឯ​កូន​ពៅ សព្វ‌ថ្ងៃ​នេះ​នៅ​ជា‌មួយ​ឪពុក​របស់​យើង​ខ្ញុំ នៅ​ស្រុក​កាណាន"។ ពេល​នោះ លោក​ដែល​ជា​ចៅ‌ហ្វាយ​នៃ​ស្រុក​នោះ មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា "ធ្វើ​យ៉ាង​នេះ​ទើប​ខ្ញុំ​ដឹង​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់ គឺ​ត្រូវ​ទុក​បង‌ប្អូន​ពួក​ឯង​ម្នាក់​ឲ្យ​នៅ​ជាមួយ​ខ្ញុំ រួច​យក​ស្រូវ​សម្រាប់​ក្រុម​គ្រួសារ​ឯង​រាល់​គ្នា​ដែល​អត់​ឃ្លាន​នោះ ហើយ​ចេញ​ទៅ។ ត្រូវ​នាំ​យក​ប្អូន​ពៅ​ពួក​ឯង​មក​ជួប​ខ្ញុំ នោះ​ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ គឺ​ជា​មនុស្ស​ទៀង​ត្រង់​មែន។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​បង‌ប្អូន​របស់​ពួក​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រក​ស៊ី​លក់​ដូរ​ក្នុង​ស្រុក​នេះ"»។ កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់​ៗ​បាន​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ៗខ្លួន​នៅ​ក្នុង​បាវ។ កាល​គេ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ ពួក‌គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ញ័រ​ជា​ខ្លាំង។ លោក​យ៉ាកុប​ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ពុក​បាត់​កូន​អស់​ហើយ គឺ​យ៉ូសែប​មិន​នៅ ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​នេះ ឯង​ចង់​យក​បេនយ៉ាមីន​ទៅ​ទៀត! ការ​ទាំង​នេះ​បាន​មក​ទាស់​នឹង​ពុក​ហើយ»។ ពេល​នោះ រូបេន​ឆ្លើយ​ទៅ​ឪពុក​ថា៖ «បើ​ខ្ញុំ​មិន​នាំ​វា​មក​ជួប​លោក​ឪពុក​វិញ​ទេ សូម​សម្លាប់​កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​ចុះ សូម​ឲ្យ​វា​មក​ខ្ញុំ ខ្ញុំ​នឹង​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។ ប៉ុន្ដែ លោក​យ៉ាកុប​ប្រកែក​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ឪពុក​ចុះ​ទៅ​ជា‌មួយ​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​ទុក្ខ​ព្រួយ​មិន​ខាន»។

លោកុប្បត្តិ 42:17-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ឲ្យ​គេ​ឃុំ‌ឃាំង​បងៗ អស់​រយៈ​ពេល​បី​ថ្ងៃ។ នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​ថា៖ «ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ បើ​ពួក​ឯង​ចង់​បាន​រួច​ជីវិត ត្រូវ​ធ្វើ​ដូច​ត​ទៅ: ប្រសិន​បើ​ឯង​រាល់​គ្នា​ពិត​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​របស់​ពួក​ឯង ឲ្យ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ​សិន រីឯ​អ្នក​ឯ​ទៀតៗ​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ។ បន្ទាប់​មក ត្រូវ​នាំ​ប្អូន​របស់​ឯង​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​មើល​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ។ ដូច្នេះ ឯង​រាល់​គ្នា​មិន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ»។ គេ​ក៏​យល់​ស្រប​ធ្វើ​តាម ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ឃើញ​ទេ យើង​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​វា នៅ​ពេល​ដែល​វា​ទទូច​អង្វរ​យើង តែ​យើង​ពុំ​បាន​ស្ដាប់​វា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​កើត​ទុក្ខ​លំបាក​ដូច្នោះ​ដែរ»។ លោក​រូបេន​ពោល​ថា៖ «បង​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ​ថា កុំ​សម្លាប់​ប្អូន​យើង​ឲ្យ​សោះ តែ​ឯង​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់​ទេ។ ឥឡូវ​នេះ យើង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​យើង​បាន​បង្ហូរ​ឈាម​ប្អូន​របស់​យើង»។ ពួក​គេ​ពុំ​ដឹង​ថា លោក​យ៉ូសែប​ស្ដាប់​បាន​ទាំង​អស់​ទេ ដ្បិត​ពេល​លោក​និយាយ​ជា​មួយ​ពួក​គេ មាន​អ្នក​បក​ប្រែ​ជូន។ លោក​យ៉ូសែប​ចេញ​ពី​ពួក​គេ​បន្តិច ដើម្បី​ទៅ​ពួន​យំ រួច​លោក​វិល​មក​និយាយ​ជា​មួយ​ពួក​គេ​វិញ។ លោក​យ៉ូសែប​បាន​យក​លោក​ស៊ីម្មាន​ចេញ​ពី​ចំណោម​បងៗ ទៅ​ដាក់​គុក​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ លោក​យ៉ូសែប​បញ្ជា​អ្នក​បម្រើ​ឲ្យ​ច្រក​ស្រូវ​បំពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​ទៅ​ក្នុង​ថង់​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​សម្រាប់​បរិភោគ​តាម​ផ្លូវ​ទៀត​ផង។ លោក​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​បងៗ។ ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។ លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ យក​ស្មៅ​ឲ្យ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។ គាត់​ក៏​ប្រាប់​បងប្អូន​ថា៖ «គេ​សង​ប្រាក់​ខ្ញុំ​វិញ​ហើយ មើល​នែ៎ ប្រាក់​ខ្ញុំ​នៅ​ក្នុង​បាវ!»។ ពេល​នោះ គេ​ភាំង​ស្មារតី តក់‌ស្លុត​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មិន​ដឹង​ជា​ព្រះ‌ជាម្ចាស់​ចង់​ធ្វើ​យ៉ាង​ណា​ចំពោះ​យើង​ទេ!»។ ពេល​ពួក​គេ​បាន​ទៅ​ជួប‌ជុំ​នឹង​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​កើត​មាន​ដល់​ពួក​គេ។ ពួក​គេ​ជម្រាប​ឪពុក​ថា៖ «លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​បាន​និយាយ​មក​ពួក​កូន​យ៉ាង​តឹង‌រ៉ឹង ព្រម​ទាំង​ចោទ​ពួក​កូន​ថា ជា​អ្នក​ស៊ើប‌ការណ៍​ទៀត​ផង។ ពួក​កូន​បាន​ឆ្លើយ​វិញ​ថា “យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ។ យើង​ខ្ញុំ​មាន​បងប្អូន​ដប់‌ពីរ​នាក់ ឪពុក​តែ​មួយ ប្អូន​យើង​ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ប្អូន​ពៅ​នៅ​ជា​មួយ​ឪពុក នៅ​ស្រុក​កាណាន”។ លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​នោះ មាន​ប្រសាសន៍​មក​ពួក​កូន​វិញ​ថា “តោង​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា ឯង​រាល់​គ្នា​ពិត​ជា​និយាយ​ត្រង់​មែន​ឬ​យ៉ាង​ណា គឺ​ទុក​ម្នាក់​ឲ្យ​នៅ​ទី​នេះ​ជា​មួយ​ខ្ញុំ​សិន ហើយ​អ្នក​ឯ​ទៀតៗ​យក​ស្រូវ​តាម​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ ដែល​កំពុង​អត់​ឃ្លាន រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។ ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។ លោក​យ៉ាកុប ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ពុក​បាត់​កូន​ទាំង​អស់​ហើយ គឺ​យ៉ូសែប​ក៏​បាត់ ស៊ីម្មាន​ក៏​បាត់ ឥឡូវ​នេះ ឯង​រាល់​គ្នា​ចង់​យក​បេន‌យ៉ាមីន​ទៅ​ទៀត! ការ​ទាំង​នេះ​ធ្វើ​ឲ្យ​ពុក​ខ្លោច‌ផ្សា​ខ្លាំង​ណាស់»។ លោក​រូបេន​ជម្រាប​ឪពុក​ថា៖ «ប្រសិន​បើ​កូន​មិន​នាំ​បេន‌យ៉ាមីន​មក​ជូន​លោក​ឪពុក​វិញ​ទេ​នោះ សូម​សម្លាប់​កូន​ប្រុស​ទាំង​ពីរ​របស់​កូន​ទៅ! កូន​សូម​ធានា​ខុស​ត្រូវ​ទាំង​ស្រុង គឺ​កូន​មុខ​ជា​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។ លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ពុក​ទៅ​ជា​មួយ​កូន​ទាំង​អស់​គ្នា​ជា​ដាច់​ខាត! បង​វា​ស្លាប់​បាត់​ទៅ​ហើយ គឺ​នៅ​សល់​តែ​វា​ម្នាក់​ប៉ុណ្ណោះ។ ប្រសិន​បើ​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា នៅ​តាម​ផ្លូវ​ដែល​កូនៗ​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​នោះ កូនៗ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​ឪពុក​ដែល​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន»។

លោកុប្បត្តិ 42:17-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​គាត់​ឃុំ​គេ​ទុក​នៅ​អស់​៣​ថ្ងៃ។ លុះ​ដល់​៣​ថ្ងៃ​ក្រោយ​មក នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា ចូរ​ធ្វើ​ដូច្នេះ​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ដ្បិត​អញ​ជា​អ្នក​គោរព​កោត‌ខ្លាច​ដល់​ព្រះ បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន នោះ​ចូរ​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នៅ​ជាប់​ចំណង​ក្នុង​គុក​នេះ​សិន តែ​ឯង​រាល់​គ្នា​ឯ​ទៀត​ត្រូវ​នាំ​យក​ស្រូវ​ទៅ​ឲ្យ​ពួក​ផ្ទះ​ឯង​ដែល​អត់​ចុះ រួច​ឲ្យ​នាំ​ប្អូន​ពៅ​ឯង​មក​ឯ​អញ​កុំ​ខាន យ៉ាង​នោះ​នឹង​បាន​ដឹង​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ផង គេ​ក៏​ធ្វើ​ដូច្នោះ រួច​គេ​និយាយ​គ្នា​គេ​ថា ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​យើង​ហើយ ពី​ព្រោះ​យើង​បាន​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​វា ក្នុង​កាល​ដែល​វា​អង្វរ​ដល់​យើង​នោះ តែ​យើង​មិន​បាន​ស្តាប់​តាម​វា​សោះ គឺ​ដោយ​ហេតុ​នោះ​ឯង បាន​ជា​សេចក្ដី​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​រាល់​គ្នា​វិញ នោះ​រូបេន​ឆ្លើយ​ឡើង​ថា តើ​អញ​មិន​បាន​ហាម​ឯង​រាល់​គ្នា​ទេ​ឬ​អី​ថា កុំ​ឲ្យ​ធ្វើ​បាប​វា​ឡើយ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​សោះ មើល‌ន៏ ឥឡូវ​ឈាម​វា​បាន​ទារ​វិញ​ហើយ គេ​មិន​ដឹង​ថា​យ៉ូសែប​ស្តាប់​បាន​ទេ ពី​ព្រោះ​មាន​អ្នក​បក​ភាសា​ឲ្យ គាត់​ក៏​ងាក​បែរ​ចេញ​ពី​គេ​ទៅ​យំ រួច​ត្រឡប់​មក​និយាយ​នឹង​គេ​វិញ ទើប​យក​ស៊ីម្មាន​ពី​ពួក​គេ​មក​ចង​នៅ​មុខ​គេ។ យ៉ូសែប​គាត់​បង្គាប់​ឲ្យ​ច្រក​ស្រូវ​ឲ្យ​ពេញ​បាវ​គេ ហើយ​ដាក់​ប្រាក់​គេ​ចុះ​ទៅ​ក្នុង​បាវ​រៀង​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​អាហារ​សំរាប់​បរិភោគ​តាម​ផ្លូវ​ផង នោះ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ដូច្នោះ គេ​ផ្ទុក​ស្រូវ​លើ​លា​ចេញ​ពី​នោះ​ទៅ លុះ​កាល​អ្នក​ម្នាក់​បាន​ស្រាយ​បាវ នឹង​យក​ស្រូវ​ឲ្យ​លា​ស៊ី នៅ​ត្រង់​ផ្ទះ​សំណាក់ នោះ​ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ គាត់​ក៏​ប្រាប់​ដល់​បង​ប្អូន​ថា ប្រាក់​ខ្ញុំ​គេ​បាន​ប្រគល់​មក​វិញ​ហើយ មើល មាន​នៅ​ក្នុង​បាវ​ខ្ញុំ​ឯ​ណេះ គេ​មាន​សេចក្ដី​តក់‌ស្លុត​គ្រប់​គ្នា ក៏​ងាក​បែរ​មើល​គ្នា​ទាំង​ភ័យ​ញ័រ ហើយ​និយាយ​ថា តើ​ព្រះ​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ។ លុះ​គេ​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ នោះ​ក៏​រ៉ាយ‌រ៉ាប់​ជំរាប​គាត់​ពី​គ្រប់​ទាំង​ការ​ដែល​បាន​កើត​ឡើង​ដល់​គេ​ថា អ្នក​ដែល​ជា​ចៅហ្វាយ​នៅ​ស្រុក​នោះ លោក​បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​បាន​ទុក​យើង​ជា​ពួក​លប​សង្កេត​ស្រុក យើង​ខ្ញុំ​បាន​ជំរាប​លោក​ថា យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ទេ ហើយ​ថា យើង​ខ្ញុំ​មាន​បង​ប្អូន​១២​នាក់​ជា​កូន​នៃ​ឪពុក​តែ​១ កូន​១​មិន​នៅ​ទៀត​ទេ ហើយ​កូន​ពៅ​វា​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ នៅ​ស្រុក​កាណាន​សព្វ​ថ្ងៃ​នេះ តែ​អ្នក​ដែល​ជា​ចៅហ្វាយ​នៃ​ស្រុក​នោះ លោក​និយាយ​មក​យើង​ខ្ញុំ​ថា គឺ​យ៉ាង​នេះ​ដែល​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ឲ្យ​ទុក​បង​ប្អូន​ឯង​ម្នាក់​នៅ​នឹង​អញ​សិន រួច​នាំ​យក​ស្រូវ​សំរាប់​ពួក​គ្រួ​ឯង​រាល់​គ្នា​ដែល​អត់​នោះ​ចេញ​ទៅ​ចុះ ហើយ​នាំ​ប្អូន​ឯង​មក​ឯ​អញ នោះ​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ឡើយ គឺ​ជា​មនុស្ស​ទៀង​ត្រង់​ពិត រួច​សឹម​អញ​នឹង​លែង​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ព្រម​ទាំង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ចូល​បាន​ក្នុង​ស្រុក​នេះ​ផង។ កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​ទៅ នោះ​ក៏​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ខ្លួន​នៅ​ក្នុង​បាវ រួច​គេ​នឹង​ឪពុក​គេ​មាន​សេចក្ដី​ភ័យ​ញ័រ ដោយ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ យ៉ាកុប​ជា​ឪពុក​និយាយ​ថា ឯង​រាល់​គ្នា​បាន​បំបាត់​កូន​អញ​ទៅ គឺ​យ៉ូសែប​មិន​នៅ​ទៀត ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​ឯង​ចង់​យក​បេន‌យ៉ាមីន​ទៅ​ទៀត​ឬ សេចក្ដី​ទាំង​នេះ​ជា​ទំនាស់​នឹង​អញ​ហើយ រូបេន​ឆ្លើយ​ទៅ​ឪពុក​ថា បើ​ខ្ញុំ​មិន​នាំ​វា​មក​វិញ នោះ​សូម​សំឡាប់​កូន​ប្រុស​ខ្ញុំ​ទាំង​២​ចុះ សូម​ឲ្យ​វា​មក​ខ្ញុំៗ​នឹង​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ជា​មិន​ខាន តែ​យ៉ាកុប​ប្រកែក​ថា កូន​អញ​មិន​ត្រូវ​ចុះ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​វា​១​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​អញ ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ទុក្ខ​ព្រួយ​ហើយ។