លោកក៏យកពួកគេទាំងអស់គ្នាទៅឃុំឃាំងអស់រយៈពេលបីថ្ងៃ។ នៅថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «ចូរធ្វើដូច្នេះ នោះអ្នករាល់គ្នានឹងបានរស់ ព្រោះខ្ញុំជាអ្នកគោរពកោតខ្លាចព្រះ បើឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវទុកម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកឯង ឲ្យនៅជាប់ឃុំឃាំងក្នុងគុកនេះសិន ហើយអ្នកឯទៀតៗត្រូវយកស្រូវទៅឲ្យអ្នកផ្ទះ ដែលកំពុងតែអត់ឃ្លាននោះចុះ រួចត្រូវនាំប្អូនពៅរបស់ពួកឯងមកជួបខ្ញុំ ដើម្បីបញ្ជាក់ថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។ គេក៏យល់ព្រមធ្វើដូច្នោះ។ គេនិយាយគ្នាថា៖ «ប្រាកដជាយើងមានទោសដោយព្រោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខវេទនារបស់វា នៅពេលដែលវាអង្វរយើង តែយើងមិនបានស្តាប់វាសោះ។ ហេតុនេះហើយបានជាទុក្ខព្រួយនេះបានធ្លាក់មកលើយើងវិញ»។ ពេលនោះ រូបេនឆ្លើយឡើងថា៖ «តើបងមិនបានហាមឯងរាល់គ្នាទេឬថា កុំឲ្យធ្វើបាបវា? តែឯងរាល់គ្នាមិនព្រមស្តាប់សោះ មើល៍ ឥឡូវនេះ វាបានទារឈាមវាវិញហើយ»។ គេមិនដឹងថា លោកយ៉ូសែបស្តាប់បានទេ ព្រោះមានអ្នកបកប្រែជូន។ ពេលនោះ លោកងាកចេញពីពួកគេ ហើយយំ រួចលោកវិលមកនិយាយជាមួយពួកគេវិញ។ លោកយកស៊ីម្មានចេញពីចំណោមពួកគេ ហើយចងគាត់នៅមុខពួកគេ។ លោកយ៉ូសែបបានបញ្ជាឲ្យគេច្រកស្រូវបំពេញបាវរបស់បងៗ ហើយដាក់ប្រាក់របស់គេ ចូលទៅក្នុងបាវរបស់គេរៀងៗខ្លួនវិញ ព្រមទាំងឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវទៀតផង។ ការនេះក៏បានធ្វើសម្រេចដល់ពួកគេដូច្នោះ។ បន្ទាប់មក គេបានលើកស្រូវដាក់លើខ្នងលា ហើយចេញដំណើរ។ លុះទៅដល់កន្លែងឈប់សម្រាកតាមផ្លូវ មានពួកគេម្នាក់បានស្រាយបាវ យកចំណីឲ្យលាស៊ី ស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ។ គាត់ក៏ប្រាប់បងប្អូនថា៖ «គេបានដាក់ប្រាក់របស់ខ្ញុំមកវិញ មើលនែ៎ នៅក្នុងមាត់បាវរបស់ខ្ញុំ!»។ ឃើញដូច្នេះ គេមានចិត្តតក់ស្លុតជាខ្លាំង ក៏ងាកបែររកគ្នាទាំងភ័យញ័រ ហើយពោលថា៖ «តើព្រះបានធ្វើអ្វីចំពោះយើងដូច្នេះ?»។ កាលគេបានមកជួបលោកយ៉ាកុប ជាឪពុកនៅស្រុកកាណានហើយ គេក៏រៀបរាប់ប្រាប់លោកពីគ្រប់ទាំងហេតុការណ៍ដែលបានកើតមានដល់គេថា៖ «លោកដែលជាចៅហ្វាយនៅស្រុកនោះ បាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយចោទថាយើងជាអ្នកស៊ើបការណ៍ស្រុកនោះ។ ប៉ុន្ដែ យើងខ្ញុំបានជម្រាបលោកថា "យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាអ្នកសង្កេតការណ៍ទេ។ យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនរបស់ឪពុកតែមួយ កូនមួយមិននៅទៀតទេ រីឯកូនពៅ សព្វថ្ងៃនេះនៅជាមួយឪពុករបស់យើងខ្ញុំ នៅស្រុកកាណាន"។ ពេលនោះ លោកដែលជាចៅហ្វាយនៃស្រុកនោះ មានប្រសាសន៍មកយើងខ្ញុំថា "ធ្វើយ៉ាងនេះទើបខ្ញុំដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់ គឺត្រូវទុកបងប្អូនពួកឯងម្នាក់ឲ្យនៅជាមួយខ្ញុំ រួចយកស្រូវសម្រាប់ក្រុមគ្រួសារឯងរាល់គ្នាដែលអត់ឃ្លាននោះ ហើយចេញទៅ។ ត្រូវនាំយកប្អូនពៅពួកឯងមកជួបខ្ញុំ នោះខ្ញុំនឹងដឹងថា ឯងរាល់គ្នាមិនមែនជាអ្នកស៊ើបការណ៍ទេ គឺជាមនុស្សទៀងត្រង់មែន។ បន្ទាប់មក ខ្ញុំនឹងដោះលែងបងប្អូនរបស់ពួកឯងម្នាក់នេះដល់ឯងវិញ ដើម្បីឲ្យឯងរាល់គ្នាបានរកស៊ីលក់ដូរក្នុងស្រុកនេះ"»។ កាលគេបានចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញកញ្ចប់ប្រាក់របស់គេរៀងៗខ្លួននៅក្នុងបាវ។ កាលគេឃើញកញ្ចប់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យញ័រជាខ្លាំង។ លោកយ៉ាកុបជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាបានធ្វើឲ្យពុកបាត់កូនអស់ហើយ គឺយ៉ូសែបមិននៅ ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវនេះ ឯងចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះបានមកទាស់នឹងពុកហើយ»។ ពេលនោះ រូបេនឆ្លើយទៅឪពុកថា៖ «បើខ្ញុំមិននាំវាមកជួបលោកឪពុកវិញទេ សូមសម្លាប់កូនប្រុសរបស់ខ្ញុំទាំងពីរចុះ សូមឲ្យវាមកខ្ញុំ ខ្ញុំនឹងនាំវាមកជូនលោកឪពុកវិញមិនខាន»។ ប៉ុន្ដែ លោកយ៉ាកុបប្រកែកថា៖ «ពុកមិនឲ្យកូនពៅរបស់ឪពុកចុះទៅជាមួយឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែម្នាក់ឯងប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងទុក្ខព្រួយមិនខាន»។
អាន លោកុប្បត្តិ 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 42:17-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ