លោកុប្បត្តិ 40:20-23

លោកុប្បត្តិ 40:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បី​ថ្ងៃ​ក្រោយ​មក ជា​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​ផារ៉ោន ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​សម្រាប់​ពួក​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច ហើយ​ស្ដេច​ក៏​ដោះ​លែង​មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ ឲ្យ​មក​ឈរ​ក្នុង​ចំណោម​មន្ត្រី​របស់​ស្ដេច។ ស្ដេចបាន​តាំង​មេ​ថ្វាយ​ពែង​ក្នុង​តំណែង​ដើម​របស់​គាត់​ឡើង​វិញ ហើយ​គាត់​ក៏​ថ្វាយ​ពែង​ដល់​ព្រះ‌ហស្ត​ផារ៉ោន​ត​ទៅ​ទៀត តែ​ស្ដេច​ព្យួរ​ក​មេ​ដុត​នំ ដូច​លោក​យ៉ូសែប​បាន​កាត់​ស្រាយ​ប្រាប់​មែន។ ប៉ុន្ដែ មេ​ថ្វាយ​ពែង​មិន​បាន​នឹក​នា​ដល់​លោក​យ៉ូសែប​សោះ គឺ​គាត់​ភ្លេច​ឈឹង។

លោកុប្បត្តិ 40:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បី​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​ព្រះចៅ​ផារ៉ោន ស្ដេច​បាន​ជប់‌លៀង​ក្រុម​មន្ត្រី​របស់​ស្ដេច។ ពេល​នោះ ស្ដេច​បាន​ឲ្យ​គេ​ដោះ​លែង​មហា‌តលិក​ទាំង​ពីរ​នៅ​មុខ​មន្ត្រី​ទាំង​អស់។ ព្រះ‌រាជា​បាន​តែង‌តាំង​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា​ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន​ឡើង​វិញ។ ប៉ុន្តែ ស្ដេច​បញ្ជា​ឲ្យ​គេ​យក​មហា‌តលិក​ថ្វាយ​នំប៉័ង​ទៅ​ព្យួរ-ក ស្រប​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បក​ស្រាយ​ប្រាប់។ រីឯ​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា​មិន​បាន​នឹក​នា​ដល់​លោក​យ៉ូសែប​ទេ គាត់​ភ្លេច​សូន្យ‌ឈឹង។