លោកុប្បត្តិ 40
40
1ក្រោយនោះមក អ្នកពិសេសថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ នឹងអ្នកដុតនំថ្វាយទ្រង់ គេធ្វើបង្អាក់ព្រះទ័យនៃស្តេចជាម្ចាស់គេ 2ផារ៉ោនក៏ខ្ញាល់នឹងអ្នកបំរើទ្រង់ទាំង២នោះ គឺនឹងនាយពិសេសថ្វាយពែង ហើយនឹងមេពួកអ្នកដុតនំ 3ទ្រង់ឃុំគេទុកក្នុងគុករបស់មេក្រុមរក្សាអង្គ ជាកន្លែងដែលយ៉ូសែបជាប់នៅនោះដែរ 4ឯមេក្រុមរក្សាស្តេច លោកប្រគល់គេទៅឲ្យយ៉ូសែបត្រួតត្រាមើល គាត់ក៏បំរើគេ ហើយគេនៅជាប់ឃុំជាយូរថ្ងៃ 5មានកាល១យប់នោះ នាយពិសេសថ្វាយពែង នឹងមេដុតនំថ្វាយស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក គេបានយល់សប្តិទាំង២នាក់ ដែលសប្តិនោះមានសំរាយផ្សេងពីគ្នារៀងខ្លួន 6ដល់ព្រឹកឡើង យ៉ូសែបចូលទៅឯគេ ឃើញគេមានទឹកមុខព្រួយ 7ក៏សួរដល់មេរបស់ផារ៉ោនទាំង២នោះ ដែលជាប់ឃុំជាមួយគ្នានៅក្នុងគុករបស់ចៅហ្វាយគាត់ថា ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ 8គេឆ្លើយថា យើងបានយល់សប្តិ តែគ្មានអ្នកណាអាចនឹងកាត់ស្រាយឲ្យបានសោះ នោះយ៉ូសែបគាត់និយាយទៅគេថា សេចក្ដីសំរាយស្រេចនៅព្រះទេតើ សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល។
9នោះនាយពិសេសថ្វាយពែងក៏រ៉ាយរ៉ាប់សប្តិប្រាប់យ៉ូសែបថា ឯក្នុងសប្តិខ្ញុំ ឃើញមានដើមទំពាំងបាយជូរនៅត្រង់មុខខ្ញុំ 10ដើមនោះមានខ្នែង៣ មើលទៅដូចជាពន្លក ហើយផ្កាក៏រីក រួចកើតមានចង្កោមផ្លែទុំ 11ពែងរបស់ផារ៉ោនក៏នៅក្នុងដៃខ្ញុំ នោះខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន យកទៅថ្វាយដល់ព្រះហស្តទ្រង់ 12ឯយ៉ូសែបក៏ស្រាយដូច្នេះថា សប្តិនោះមានន័យយ៉ាងនេះ ចំណែកខ្នែង៣ នោះគឺជា៣ថ្ងៃ 13នៅ៣ថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ទាំងតាំងឲ្យធ្វើក្នុងដំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តទ្រង់ទៀត ដូចលោកធ្លាប់ធ្វើពីកាលនៅបំរើថ្វាយពែងទ្រង់ពីដើម 14កាលណាលោកបានសុខសាន្តហើយ នោះសូមនឹកចាំពីខ្ញុំផង ហើយសូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ ក៏សូមដំណាលពីខ្ញុំទូលផារ៉ោន ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង 15ពីព្រោះគេបានលួចខ្ញុំពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។
16កាលមេពួកដុតនំបានឃើញថា សេចក្ដីសំរាយនោះស្រួលល្អ នោះគាត់និយាយប្រាប់យ៉ូសែបថា ខ្ញុំក៏បានយល់សប្តិដែរ មើល ខ្ញុំមានទូលនំបុ័ងស៣កញ្ច្រែង 17ក្នុងកញ្ច្រែងលើបង្អស់មាននំគ្រប់មុខសំរាប់ថ្វាយផារ៉ោន តែសត្វហើរមកចឹកស៊ីនំក្នុងកញ្ច្រែង ដែលនៅលើក្បាលខ្ញុំទាំងអស់ទៅ 18យ៉ូសែបស្រាយថា សប្តិនេះមានន័យដូច្នេះ ឯកញ្ច្រែង៣ នោះគឺជា៣ថ្ងៃ 19នៅ៣ថ្ងៃទៀត ផារ៉ោននឹងចងកលោកព្យួរនៅជាប់លើឈើ នោះសត្វហើរនឹងចឹកស៊ីសាច់លោកទៅ។
20ក្រោយ៣ថ្ងៃមក ជាថ្ងៃបុណ្យចំរើនព្រះជន្មផារ៉ោន នោះទ្រង់រៀបជប់លៀងដល់ពួកនាម៉ឺនទាំងប៉ុន្មាន ហើយទ្រង់ហៅនាយពិសេសថ្វាយពែង នឹងមេពួកដុតនំមកនៅកណ្តាលពួកនាម៉ឺនទាំងនោះ 21ទ្រង់ក៏តាំងនាយពិសេសថ្វាយពែងក្នុងដំណែងដើមឡើងវិញ ហើយគាត់ក៏ថ្វាយពែងដល់ព្រះហស្តផារ៉ោនតទៅ 22តែឯមេពួកដុតនំ ទ្រង់បានចងព្យួរវិញ ដូចជាយ៉ូសែបបានកាត់សេចក្ដីឲ្យ 23ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 40: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.