លោកុប្បត្តិ 4:2-12

លោកុប្បត្តិ 4:2-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នាង​សម្រាល​បាន​កូន​មួយ​ទៀត គឺ​អេបិល ជា​កូន​ប្អូន។ ក្រោយ​មក លោក​អេបិល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​លោក​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។ លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ លោក​កាអ៊ីន​ក៏​យក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​គាត់​មក​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​អេបិល​ក៏​បាន​នាំ​យក​កូន​សត្វ ដែល​កើត​មុន​គេ​បង្អស់​ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់ ​របស់​វា​មក​ថ្វាយ​ដែរ។ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់ តែ​ព្រះអង្គ​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ លោក​កាអ៊ីន​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រពុល‌មុខ​ទៀត​ផង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ក្ដៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុល‌មុខ​ដូច្នេះ? ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីក‌រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។ លោក​កាអ៊ីន​បាន​បបួល​លោក​អេបិល​ជា​ប្អូន​ទៅ​ចម្ការ លុះ​ដល់​ហើយ គាត់​ក៏​ស្ទុះ​ទៅ​ប្រហារ​ប្អូន​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។ ព្រះ‌អម្ចាស់​សួរ​លោក​កាអ៊ីន​ថា៖ «អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​មិន​ដឹង​ទេ! តើ​ទូលបង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ទូលបង្គំ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ម្ដេច​ក៏​អ្នក​ប្រព្រឹត្ត​ដូច្នេះ? សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី​ឡើង​មក​ដល់​យើង។ ឥឡូវ​នេះ អ្នក​ត្រូវ​បណ្ដាសា​ហើយ អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ដី​ដែល​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក ជា​ឈាម​ដែល​អ្នក​បាន​បង្ហូរ​ដោយ​ផ្ទាល់​ដៃ។ ពេល​ណា​អ្នក​ភ្ជួរ​រាស់​ដី ដី​នឹង​លែង​ឲ្យ​ភោគ‌ផល​ដល់​អ្នក​ទៀត​ហើយ អ្នក​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់‌ព្រាត់​នៅ​លើ​ផែនដី»។

លោកុប្បត្តិ 4:2-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គាត់​ក៏​បង្កើត​បាន​អេបិល​ជា​ប្អូន​ទៀត ហើយ​អេបិល​ជា​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។ លុះ​ដល់​រដូវ​ប្រមូល​ផល កាអ៊ីន​បាន​យក​ភោគ‌ផល​ដែល​កើត​ពី​ដី​មក​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អេបិល​ក៏​យក​កូន​ដំបូង​មួយ​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់​របស់​វា​ដែរ។ ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់ តែ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ ដូច្នេះ កាអ៊ីន​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​ឡើង​ទឹក​មុខ​ក្រញូវ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ខឹង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ? ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​ល្អ តើនឹង​មិន​បាន​រីក‌រាយ​ទេ​ឬ? ហើយ​បើ​អ្នក​ប្រព្រឹត្ត​មិន​ល្អ​ទេ បាប​កំពុង​តែ​ក្រាប​នៅ​មាត់​ទ្វារ​ស្រាប់ ហើយ​វា​ប្រាថ្នា​ចង់​បាន​អ្នក តែ​អ្នក​ត្រូវ​តែ​មាន​អំណាច​លើ​វា​វិញ»។ កាអ៊ីន​បាន​បបួល​អេបិល​ជា​ប្អូន​ថា៖ «តោះ​យើង ចេញ​ទៅ​ឯ​ចម្ការ» ហើយ​កាល​គេ​នៅ​ឯ​ចម្ការ កាអ៊ីន​ក៏​ស្ទុះ​ទៅ​សម្លាប់​អេបិល​ជា​ប្អូន ឲ្យ​ស្លាប់​ទៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «តើ​អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ថា៖ «ទូល‌បង្គំ​មិន​ដឹង​ទេ តើ​ទូល‌បង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​ឬ?» ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? សូរ​សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី ឡើង​មក​ដល់​យើង។ ឥឡូវ​នេះ អ្នក​ត្រូវ​បាន​ដី​ដាក់​បណ្ដា‌សា​ហើយ ដោយ​សារ​ដី​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក​ពី​ដៃ​របស់​អ្នក។ ពេល​ណា​អ្នក​ធ្វើ​ស្រែ​ចម្ការ ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​អ្នក​ពេញ​កម្លាំង​ទៀត​ទេ អ្នក​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែន‌ដី»។

លោកុប្បត្តិ 4:2-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នាង​ក៏​បង្កើត​បាន អេបិល​ជា​ប្អូន​ទៀត ឯ​អេបិល​ជា​អ្នក​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចំការ​វិញ កន្លង​ក្រោយ​មក កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី មក​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អេបិល​ក៏​ធ្វើ​ដូច​គ្នា គឺ​គាត់​យក​កូន​ជា​ដំបូង​១​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់វា​ផង រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​អេបិល នឹង​ដង្វាយ​របស់​គាត់ តែ​មិន​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​ដង្វាយ​របស់​កាអ៊ីន​ទេ នោះ​កាអ៊ីន​ក៏​ក្តៅ​ក្រហាយ ហើយ​ឡើង​ទឹក​មុខ​ក្រញូវ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​កាអ៊ីន​ថា ឯង​ខឹង​ធ្វើ​អី ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ បើ​ឯង​ធ្វើ​ល្អ តើ​មិន​បាន​ទឹក​មុខ​រីក‌រាយ​វិញ​ទេ​ឬ​អី បើ​ឯង​ធ្វើ​មិន​ល្អ នោះ​មាន​ដង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្តោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ។ កាអ៊ីន​ក៏​ដំណាល​ប្រាប់​ដល់​អេបិល​ជា​ប្អូន រួច​មាន​កាល​១​ថ្ងៃ​កំពុង​ដែល​គេ​នៅ​ឯ​វាល នោះ​ស្រាប់​តែ​កាអ៊ីន​ក្រោក​ឡើង​សំឡាប់​អេបិល​ជា​ប្អូន​ទៅ ព្រះ‌យេហូវ៉ា​ក៏​មាន​បន្ទូល​សួរ​កាអ៊ីន​ថា អេបិល​ប្អូន​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​មិន​ដឹង​ទេ តើ​ទូលបង្គំ​ជា​អ្នក​ថែ​រក្សា​ប្អូន​ឬ​អី នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា ឯង​បាន​ធ្វើ​អ្វី​ដូច្នេះ ពី​ព្រោះ​ឮ​សូរ​សំរែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ ឥឡូវ​នេះ ឯង​ត្រូវ​ដី​ដាក់​បណ្តាសា ដោយ​បាន​ទទួល​ឈាម​នៃ​ប្អូន​ពី​ដៃ​ឯង កាល​ណា​ឯង​ធ្វើ​ស្រែ​ចំការ នោះ​ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​ឯង​ដ៏​ពេញ​កំឡាំង​ទៀត​ទេ ឯង​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែនដី​វិញ