លោកុ‌ប្បត្តិ 4:2-12

លោកុ‌ប្បត្តិ 4:2-12 គកស១៦

គាត់​ក៏​បង្កើត​បាន​អេបិល​ជា​ប្អូន​ទៀត ហើយ​អេបិល​ជា​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។ លុះ​ដល់​រដូវ​ប្រមូល​ផល កាអ៊ីន​បាន​យក​ភោគ‌ផល​ដែល​កើត​ពី​ដី​មក​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អេបិល​ក៏​យក​កូន​ដំបូង​មួយ​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់​របស់​វា​ដែរ។ ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់ តែ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ ដូច្នេះ កាអ៊ីន​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​ឡើង​ទឹក​មុខ​ក្រញូវ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ខឹង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ? ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​ល្អ តើនឹង​មិន​បាន​រីក‌រាយ​ទេ​ឬ? ហើយ​បើ​អ្នក​ប្រព្រឹត្ត​មិន​ល្អ​ទេ បាប​កំពុង​តែ​ក្រាប​នៅ​មាត់​ទ្វារ​ស្រាប់ ហើយ​វា​ប្រាថ្នា​ចង់​បាន​អ្នក តែ​អ្នក​ត្រូវ​តែ​មាន​អំណាច​លើ​វា​វិញ»។ កាអ៊ីន​បាន​បបួល​អេបិល​ជា​ប្អូន​ថា៖ «តោះ​យើង ចេញ​ទៅ​ឯ​ចម្ការ» ហើយ​កាល​គេ​នៅ​ឯ​ចម្ការ កាអ៊ីន​ក៏​ស្ទុះ​ទៅ​សម្លាប់​អេបិល​ជា​ប្អូន ឲ្យ​ស្លាប់​ទៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «តើ​អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ថា៖ «ទូល‌បង្គំ​មិន​ដឹង​ទេ តើ​ទូល‌បង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​ឬ?» ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? សូរ​សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី ឡើង​មក​ដល់​យើង។ ឥឡូវ​នេះ អ្នក​ត្រូវ​បាន​ដី​ដាក់​បណ្ដា‌សា​ហើយ ដោយ​សារ​ដី​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក​ពី​ដៃ​របស់​អ្នក។ ពេល​ណា​អ្នក​ធ្វើ​ស្រែ​ចម្ការ ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​អ្នក​ពេញ​កម្លាំង​ទៀត​ទេ អ្នក​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែន‌ដី»។