លោកុប្បត្តិ 35:1-12
លោកុប្បត្តិ 35:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ។ ត្រូវសង់អាសនាមួយថ្វាយព្រះដែលបានលេចមកឲ្យអ្នកឃើញ នៅពេលអ្នករត់ចេញពីអេសាវជាបងរបស់អ្នក»។ ដូច្នេះ លោកយ៉ាកុបប្រាប់ក្រុមគ្រួសាររបស់លោក និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរបោះចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ទៅ។ ចូរយើងរៀបចំឡើងទៅឯបេត-អែល នៅទីនោះ ខ្ញុំនឹងសង់អាសនាមួយថ្វាយព្រះដែលបានតបឆ្លើយមកខ្ញុំ នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ហើយក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំបានធ្វើដំណើរដែរ»។ ដូច្នេះ គេក៏យកព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងក្រវិលដែលនៅត្រចៀករបស់គេ មកប្រគល់ឲ្យលោកយ៉ាកុប ហើយលោកក៏យកទៅកប់ចោលនៅក្រោមដើមម៉ៃសាក់ ដែលនៅជិតក្រុងស៊ីគែម។ កាលគេធ្វើដំណើរទៅ ព្រះបានធ្វើឲ្យមនុស្សនៅតាមទីក្រុងទាំងឡាយដែលនៅជុំវិញគេ មានសេចក្ដីស្ញែងខ្លាច មិនហ៊ានដេញតាមពួកកូនចៅលោកយ៉ាកុបឡើយ។ លោកយ៉ាកុប និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយលោក ក៏បានមកដល់លូស (គឺបេត-អែល) ដែលនៅក្នុងស្រុកកាណាន។ លោកបានសង់អាសនាមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា "អែល-បេត-អែល" ព្រោះនៅទីនោះហើយដែលព្រះទ្រង់បានលេចមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។ នៅគ្រានោះ នាងដេបូរ៉ា ជាមេដោះរបស់នាងរេបិកាបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅក្រោមដើមម៉ៃសាក់ ខាងក្រោមបេត-អែល។ ដូច្នេះ គេហៅកន្លែងនោះថា "អាឡុន-បាគូថ" ។ ព្រះទ្រង់បានលេចមកឲ្យលោកយ៉ាកុបឃើញម្តងទៀត នៅពេលលោកបានត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ ហើយព្រះអង្គបានប្រទានពរលោក។ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកឈ្មោះយ៉ាកុប ហើយឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ»។ ដូច្នេះ ព្រះអង្គបានដាក់ឈ្មោះលោកថា អ៊ីស្រាអែល ។ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកបង្កើតកូនឲ្យបានចម្រើនជាច្រើនឡើង។ ជាតិសាសន៍មួយ និងជាតិសាសន៍ជាច្រើនទៀតនឹងកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។ ស្រុកដែលយើងបានប្រគល់ឲ្យអ័ប្រាហាំ និងអ៊ីសាក យើងនឹងប្រគល់ឲ្យអ្នក ហើយយើងនឹងប្រគល់ស្រុកនោះ ឲ្យកូនចៅរបស់អ្នកដែលកើតមកតាមក្រោយដែរ»។
លោកុប្បត្តិ 35:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយថ្វាយព្រះជាម្ចាស់ ដែលបានយាងមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។ លោកយ៉ាកុបមានប្រសាសន៍ទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មាន ដែលអ្នករាល់គ្នាមានបោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* ហើយផ្លាស់សម្លៀកបំពាក់ទៅ។ យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយព្រះអង្គក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរដែរ»។ គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនលោកយ៉ាកុប។ លោកយ៉ាកុបក៏យករបស់ទាំងនោះទៅកប់ក្រោមដើមពោធិ នៅជិតក្រុងស៊ីគែម។ បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ ព្រះជាម្ចាស់បានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាននៅជិតៗនោះ ភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបឡើយ។ លោកយ៉ាកុប និងអស់អ្នកដែលនៅជាមួយបានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។ លោកបានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “ព្រះនៃបេតអែល” ព្រោះនៅកន្លែងនោះហើយដែលព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។ នៅគ្រានោះ លោកស្រីដេបូរ៉ា ដែលត្រូវជាមេដោះរបស់លោកស្រីរេបិកា បានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។ ក្រោយពេលដែលលោកយ៉ាកុបត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញសាជាថ្មី ហើយព្រះអង្គប្រទានពរលោក។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកឈ្មោះយ៉ាកុប តែគេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺអ្នកនឹងមានឈ្មោះថាអ៊ីស្រាអែលវិញ»។ ដូច្នេះ ព្រះអង្គក៏ដាក់ឈ្មោះលោកថា អ៊ីស្រាអែល ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ចូរអ្នកបង្កើតកូនចៅ ឲ្យបានចំនួនកើនឡើងជាច្រើន។ ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀត នឹងកើតចេញពីអ្នក ហើយក៏នឹងមានស្ដេចជាច្រើនអង្គកើតចេញពី ពូជពង្សរបស់អ្នកដែរ។ រីឯស្រុកដែលយើងបានប្រគល់ឲ្យ អប្រាហាំ និងអ៊ីសាកនោះ យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ»។
លោកុប្បត្តិ 35:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមកព្រះទ្រង់មានបន្ទូលនឹងយ៉ាកុបថា ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ ត្រូវស្អាងអាសនា១ថ្វាយព្រះដែលបានលេចមកឯឯង ក្នុងកាលដែលឯងរត់ចេញពីអេសាវបងឯង នោះយ៉ាកុបគាត់ប្រាប់ដល់ពួកគ្រួគាត់ នឹងអស់អ្នកដែលនៅជាមួយថា ចូរចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងពួកឯងរាល់គ្នាចេញ រួចសំអាតខ្លួន ហើយផ្លាស់សំលៀកបំពាក់ឯងចុះ ចូរយើងរៀបចំឡើងទៅឯបេត-អែល នៅទីនោះ អញនឹងស្អាងអាសនា១ថ្វាយព្រះ ដែលទ្រង់បានឆ្លើយមកអញ ក្នុងកាលដែលអញមានសេចក្ដីវេទនា ហើយបានគង់ជាមួយនឹងអញតាមផ្លូវដែលអញដើរដំណើរមក នោះគេក៏ប្រគល់ព្រះដទៃទាំងប៉ុន្មានដែលនៅដៃគេ ព្រមទាំងកាវទាំងអស់ដែលនៅត្រចៀកគេដល់យ៉ាកុប រួចគាត់កប់ចោលនៅក្រោមដើមម៉ៃសាក់ដែលនៅជិតស៊ីគែម គេក៏ធ្វើដំណើរទៅ ឯគ្រប់ទាំងទីក្រុងនៅជុំវិញទាំងឡាយ ក៏កើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង គេមិនបានដេញតាមពួកកូនយ៉ាកុបទេ។ យ៉ាកុប នឹងពួកអ្នកទាំងប៉ុន្មាន ដែលនៅជាមួយនឹងគាត់ ក៏ទៅដល់លូស ដែលនៅក្នុងស្រុកកាណាន គឺជាបេត-អែល នៅទីនោះ គាត់ស្អាងអាសនា១ រួចដាក់ឈ្មោះទីនោះថា អែល-បេត-អែល ដ្បិតគឺនៅទីនោះហើយ ដែលព្រះទ្រង់បានលេចមកឯគាត់ ក្នុងកាលដែលគាត់រត់ពីបងទៅ គ្រានោះ ដេបូរ៉ាជាមេនំរេបិកាក៏ស្លាប់ ហើយគេកប់នាងនៅក្រោមដើមម៉ៃសាក់ខាងក្រោមបេត-អែល ដែលគេហៅថា ដើមម៉ៃសាក់ទឹកភ្នែក។ កាលយ៉ាកុបបានត្រឡប់មកពីប៉ាដាន់-អើរ៉ាមហើយ នោះព្រះទ្រង់លេចមកឯគាត់ម្តងទៀត ព្រមទាំងប្រទានពរដល់គាត់ ទ្រង់មានបន្ទូលថា ឯងមានឈ្មោះថា យ៉ាកុប តែមិនត្រូវហៅថា យ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ដូច្នេះទ្រង់បានដាក់ឈ្មោះថា អ៊ីស្រាអែលឲ្យគាត់ រួចទ្រង់មានបន្ទូលនឹងគាត់ថា អញជាព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ចូរឯងបង្កើតកូនចំរើនជាច្រើនឡើង នឹងមានសាសន៍១ គឺសាសន៍ជាច្រើនរួមគ្នាតែ១កើតពីឯងមក ក៏នឹងមានស្តេចជាច្រើនចេញពីឯងដែរ ឯស្រុកដែលអញបានឲ្យដល់អ័ប្រាហាំ នឹងអ៊ីសាក នោះអញនឹងឲ្យដល់ឯង គឺអញនឹងឲ្យស្រុកនោះដល់ពួកឯងតរៀងទៅ