លោកុ‌ប្បត្តិ 35:1-12

លោកុ‌ប្បត្តិ 35:1-12 គកស១៦

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ាកុប​ថា៖ «ចូរ​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ។ ត្រូវ​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ​ដែល​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​ចេញ​ពី​អេសាវ​ជា​បង​របស់​អ្នក»។ ដូច្នេះ លោក​យ៉ាកុប​ប្រាប់​ក្រុម​គ្រួសារ​របស់​លោក និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​បោះ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាចេញ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។ ចូរ​យើង​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ​ដែល​បាន​តប​ឆ្លើយ​មក​ខ្ញុំ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ហើយ​ក៏​បាន​គង់​ជា‌មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដែរ»។ ដូច្នេះ គេ​ក៏​យក​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ក្រវិល​ដែល​នៅ​ត្រចៀក​របស់​គេ មក​ប្រគល់​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​យក​ទៅ​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់ ដែល​នៅ​ជិត​ក្រុង​ស៊ីគែម។ កាល​គេ​ធ្វើ​ដំណើរ​ទៅ ព្រះ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​តាម​ទី​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ​វិញ​គេ មាន​សេចក្ដី​ស្ញែង‌ខ្លាច មិន​ហ៊ាន​ដេញ​តាម​ពួក​កូន​ចៅ​លោក​យ៉ាកុប​ឡើយ។ លោក​យ៉ាកុប និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​លោក ក៏​បាន​មក​ដល់​លូស (គឺ​បេត-អែល) ដែល​នៅ​ក្នុង​ស្រុក​កាណាន។ លោក​បាន​សង់​អាស‌នា​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា "អែល-បេត-អែល" ព្រោះ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌ទ្រង់​បាន​លេច​មក​ឲ្យ​លោក​ឃើញ នៅ​ពេល​លោក​រត់​គេច​ចេញ​ពី​បង​របស់​លោក។ នៅ​គ្រា​នោះ នាង​ដេបូរ៉ា ជា​មេដោះ​របស់​នាង​រេបិកា​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ក្រោម​ដើម​ម៉ៃសាក់ ខាង​ក្រោម​បេត-អែល។ ដូច្នេះ គេ​ហៅ​កន្លែង​នោះ​ថា "អាឡុន-បាគូថ" ។ ព្រះ‌ទ្រង់​បាន​លេច​មក​ឲ្យ​លោក​យ៉ាកុប​ឃើញ​ម្តង​ទៀត នៅ​ពេល​លោក​បាន​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​វិញ ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ពរ​លោក។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អ្នក​ឈ្មោះ​យ៉ាកុប ហើយ​ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា​អ៊ីស្រា‌អែល​វិញ»។ ដូច្នេះ ព្រះ‌អង្គ​បាន​ដាក់​ឈ្មោះ​លោក​ថា អ៊ីស្រា‌អែល ។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​បង្កើត​កូន​ឲ្យ​បាន​ចម្រើន​ជា​ច្រើន​ឡើង។ ជាតិ​សាសន៍​មួយ និង​ជាតិ​សាសន៍​ជា​ច្រើន​ទៀត​នឹង​កើត​ចេញ​ពី​អ្នក ហើយ​ស្តេច​ជា​ច្រើន​ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។ ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ័ប្រា‌ហាំ និង​អ៊ីសាក យើង​នឹង​ប្រគល់​ឲ្យ​អ្នក ហើយ​យើង​នឹង​ប្រគល់​ស្រុក​នោះ ឲ្យ​កូន​ចៅ​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ»។