លោកុប្បត្តិ 33:1-11
លោកុប្បត្តិ 33:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបងើបមុខឡើង មើលទៅឃើញលោកអេសាវកំពុងមក មានទាំងមនុស្សបួនរយនាក់មកជាមួយផង រួចលោកចែកកូនឲ្យនាងលេអា នាងរ៉ាជែល និងស្រីបម្រើទាំងពីរនាក់។ លោកដាក់ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងឲ្យដើរមុខគេ បន្ទាប់មក នាងលេអា និងកូនរបស់នាង រួចនាងរ៉ាជែល និងយ៉ូសែប ដើរក្រោយគេបង្អស់។ ខ្លួនលោកផ្ទាល់ដើរមុខគេ ហើយឱនក្រាបចុះដល់ដីប្រាំពីរដង រហូតទាល់តែចូលជិតដល់បងរបស់លោក។ លោកអេសាវរត់មកជួប ហើយឱបថើប រួចយំជាមួយគ្នាទាំងពីរនាក់។ លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា៖ «តើអ្នកទាំងនេះដែលមកជាមួយឯង ជាអ្នកណា?» លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះបានប្រទានមកខ្ញុំ ជាអ្នកបម្រើរបស់បង»។ ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា។ បន្ទាប់មក នាងលេអា និងកូនរបស់នាងក៏ចូលមកឱនក្រាបចុះ ហើយជាចុងក្រោយ យ៉ូសែប និងនាងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ។ លោកអេសាវសួរថា៖ «តើឯងឲ្យពួកទាំងនោះដែលបងឃើញអម្បាញ់មិញមកធ្វើអ្វី?» លោកយ៉ាកុបជម្រាបថា៖ «ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណរបស់បង»។ ប៉ុន្ដែ លោកអេសាវឆ្លើយថា៖ «ប្អូនអើយ បងមានបរិបូរហើយ ចូរឯងទុករបស់ឯងវិញចុះ»។ លោកយ៉ាកុបតបថា៖ «ទេ បើខ្ញុំប្រកបដោយគុណរបស់បង នោះសូមទទួលជំនូនពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង ទុកដូចជាឃើញព្រះភក្ត្រនៃព្រះដែរ ហើយបងបានទទួលខ្ញុំដោយស្រួល។ សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ»។ ដូច្នេះ លោកយ៉ាកុបចេះតែបង្ខំ លោកអេសាវក៏ទទួលយក។
លោកុប្បត្តិ 33:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាកុបងើបមុខឡើង ឃើញលោកអេសាវមកដល់ ដោយមានគ្នាបួនរយនាក់មកជាមួយផង លោកក៏ចែកកូនឲ្យលោកស្រីលេអា លោកស្រីរ៉ាជែល និងស្ត្រីបម្រើទាំងពីរ។ លោកដាក់ស្ត្រីបម្រើទាំងពីរ និងកូនរបស់នាង ឲ្យដើរមុខគេ បន្ទាប់មក លោកស្រីលេអា និងកូនរបស់គាត់ ហើយលោកស្រីរ៉ាជែល និងយ៉ូសែប ដើរក្រោយគេ។ រីឯខ្លួនលោកផ្ទាល់ លោកដើរមុខគេបង្អស់ ហើយលោកក្រាបសំពះដល់ដីប្រាំពីរដង រហូតទៅជិតដល់លោកអេសាវ។ លោកអេសាវរត់មកជួបលោក រួចឱបលោកទៀតផង។ គាត់ឱបកលោក ថើបលោក ហើយទាំងពីរនាក់ក៏នាំគ្នាយំ។ លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ លោកសួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំប្របាទ»។ ស្ត្រីបម្រើក៏នាំគ្នាចូលមកជាមួយកូនៗរបស់នាង រួចក្រាបសំពះលោកអេសាវ។ លោកស្រីលេអា និងកូនៗរបស់គាត់ ក៏ចូលមកក្រាបសំពះ ហើយយ៉ូសែប និងលោកស្រីរ៉ាជែល នាំគ្នាចូលមកក្រាបសំពះដែរ។ លោកអេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មានដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។ លោកអេសាវតបថា៖ «ប្អូនអើយ បងមានច្រើនបរិបូណ៌ហើយ ចូររក្សាទុកអ្វីៗដែលជារបស់ប្អូនទៅ»។ លោកយ៉ាកុបឆ្លើយវិញថា៖ «ទេ ប្រសិនបើលោកបងយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមទទួលយកជំនូននេះពីដៃខ្ញុំផ្ទាល់ទៅ។ ពេលខ្ញុំឃើញមុខលោកបង ក៏ដូចជាបានឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ដូច្នោះដែរ ព្រោះលោកបងបានទទួលខ្ញុំយ៉ាងរាក់ទាក់។ ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតព្រះជាម្ចាស់បានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយលោកយ៉ាកុបចេះតែបង្ខំខ្លាំងពេក លោកអេសាវក៏យល់ព្រមទទួល។
លោកុប្បត្តិ 33:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាកុប គាត់ងើបភ្នែកឡើង មើលទៅឃើញអេសាវកំពុងមក មានទាំងមនុស្ស៤០០នាក់មកជាមួយផង រួចគាត់ចែកកូនឲ្យដល់លេអា រ៉ាជែល ហើយនឹងបាវស្រីទាំង២នាក់ គាត់ឲ្យបាវស្រីទាំង២នឹងកូនគេដើរទៅមុន បន្ទាប់មកលេអានឹងកូននាង រួចរ៉ាជែល នឹងយ៉ូសែបជាខាងក្រោយបង្អស់ ខ្លួនគាត់ក៏ដើរទៅខាងមុខ ហើយឱនក្រាបចុះដល់ដី៧ដង ទាល់តែជិតដល់បង អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់ នោះអេសាវងើបភ្នែកឡើងឃើញពួកស្រីៗ នឹងកូនក្មេងទាំងនោះ ក៏សួរថា អ្នកទាំងនេះដែលនៅនឹងឯង តើជាអ្នកណា យ៉ាកុបឆ្លើយថា នោះគឺជាកូន ដែលព្រះទ្រង់បានប្រទានមកខ្ញុំ ជាអ្នកបំរើរបស់បង។ បាវស្រីទាំង២នឹងកូនគេក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា បន្ទាប់មក លេអា នឹងកូននាងក៏ចូលមកឱនក្រាបចុះ ក្រោយនោះយ៉ូសែបនឹងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ គាត់សួរយ៉ាកុបថា ឯងឲ្យពួកទាំងនោះដែលអញឃើញអម្បាញ់មិញមកធ្វើអ្វី យ៉ាកុបជំរាបថា នោះប្រយោជន៍ឲ្យខ្ញុំបានប្រកបដោយគុណរបស់បង តែអេសាវឆ្លើយថា ប្អូនអើយ អញមានបរិបូរហើយ ចូរឯងទុករបស់ផងឯងចុះ តែយ៉ាកុបប្រកែកថា ទេ បើខ្ញុំប្រកបដោយគុណរបស់បង នោះសូមទទួលជំនូនពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង ទុកដូចជាឃើញព្រះភក្ត្រនៃព្រះដែរ ហើយបងបានទទួលខ្ញុំដោយស្រួល សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ រួចអេសាវទទួលយកដោយគាត់បង្ខំ