លោកុ‌ប្បត្តិ 33:1-11

លោកុ‌ប្បត្តិ 33:1-11 គកស១៦

លោក​យ៉ាកុប​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​លោក​អេសាវ​កំពុង​មក មាន​ទាំង​មនុស្ស​បួន​រយ​នាក់​មក​ជា‌មួយ​ផង រួច​លោក​ចែក​កូន​ឲ្យ​នាង​លេអា នាង​រ៉ាជែល និង​ស្រី​បម្រើ​ទាំង​ពីរ​នាក់។ លោក​ដាក់​ស្រី​បម្រើ​ទាំង​ពីរ និង​កូន​រប​ស់​ពួក​នាង​ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក នាង​លេអា និង​កូន​របស់​នាង រួចនាង​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ​បង្អស់។ ខ្លួន​លោក​ផ្ទាល់​ដើរ​មុខ​គេ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​ប្រាំពីរ​ដង រហូត​ទាល់​តែ​ចូល​ជិត​ដល់​បង​របស់​លោក។ លោក​អេសាវ​រត់​មក​ជួប ហើយ​ឱប​ថើប រួច​យំ​ជា‌មួយ​គ្នា​ទាំង​ពីរ​នាក់។ លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​ដែល​មក​ជា‌មួយ​ឯង ជា​អ្នក​ណា?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​បង»។ ស្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​ពួក​នាង​ក៏​ចូល​មក​ឱន​ក្រាប​ចុះ​ទាំង​អស់​គ្នា។ បន្ទាប់​មក នាង​លេអា និង​កូន​របស់​នាង​ក៏​ចូល​មក​ឱន​ក្រាប​ចុះ ហើយ​ជា​ចុង​ក្រោយ យ៉ូសែប និង​នាង​រ៉ាជែល​ក៏​ចូល​មក​ឱន​ក្រាប​ចុះ​ដែរ។ លោក​អេសាវ​សួរ​ថា៖ «តើ​ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​បង​ឃើញ​អម្បាញ់​មិញ​មក​ធ្វើ​អ្វី?» លោក​យ៉ាកុប​ជម្រាប​ថា៖ «ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង»។ ប៉ុន្ដែ លោក​អេសាវ​ឆ្លើយ​ថា៖ «ប្អូន​អើយ បង​មាន​បរិបូរ​ហើយ ចូរ​ឯង​ទុក​របស់​ឯង​វិញ​ចុះ»។ លោក​យ៉ាកុប​តប​ថា៖ «ទេ បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​របស់​បង នោះ​សូម​ទទួល​ជំនូន​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង ទុក​ដូច​ជា​ឃើញ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​ដែរ ហើយ​បង​បាន​ទទួល​ខ្ញុំ​ដោយ​ស្រួល។ សូម​ទទួល​ជំនូន​របស់​ខ្ញុំ​ដែល​គេ​បាន​នាំ​មក​ជូន​ចុះ ដ្បិត​ព្រះ‌ទ្រង់​បាន​ប្រទាន​ពរ​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​គ្រប់‌គ្រាន់​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ចេះ​តែ​បង្ខំ លោក​អេសាវ​ក៏​ទទួល​យក។