លោកុប្បត្តិ 32:1-28

លោកុប្បត្តិ 32:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ាកុប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់​មក​ជួប​លោក។ ពេល​ឃើញ​ទេវតា​ទាំង​នោះ លោក​យ៉ាកុប​ក៏​ពោល​ឡើង​ថា៖ «ទី​នេះ ពិត​ជា​ព្រះ‌ពន្លា​របស់​ព្រះ‌ជាម្ចាស់!»។ លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ម៉ាហា‌ណែម» ។ លោក​យ៉ាកុប​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​លោក ដើម្បី​ជួប​នឹង​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​តំបន់​អេដុម។ លោក​បាន​ផ្ដែផ្ដាំ​អ្នក​នាំ​សារ​ទាំង​នោះ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​ខ្ញុំ​ដូច​ត​ទៅ: យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក សូម​ជម្រាប​ថា “ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក​អ៊ំ​ឡាបាន់​រហូត​មក​ទល់​ពេល​នេះ។ ខ្ញុំ​មាន​គោ លា ចៀម និង​មាន​អ្នក​បម្រើ​ប្រុស​ស្រី​ជា​ច្រើន។ ខ្ញុំ​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ជា​ដំណឹង ដើម្បី​សូម​សេចក្ដី​សន្តោស​មេត្តា​ពី​លោក​ម្ចាស់”»។ អ្នក​នាំ​សារ​បាន​វិល​មក​ជួប​លោក​យ៉ាកុប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ ជា​បង​របស់​លោក​ហើយ។ លោក​អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​លោក​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។ លោក​យ៉ាកុប​ភ័យ​ខ្លាច និង​តប់‌ប្រមល់​យ៉ាង​ខ្លាំង លោក​ក៏​ចែក​ពួក​លោក​ជា​ពីរ​ជំរំ ហើយ​ចែក​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ ជា​ពីរ​ហ្វូង​ដែរ ព្រោះ​លោក​គិត​ថា ប្រសិន​បើ​លោក​អេសាវ​មក​វាយ​ប្រហារ​ជំរំ​មួយ ជំរំ​មួយ​ទៀត​អាច​រត់​រួច​បាន។ បន្ទាប់​មក លោក​យ៉ាកុប​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​លោក​អប្រាហាំ ដែល​ជា​ជីតា​របស់​ទូលបង្គំ ជា​ព្រះ​នៃ​លោក​អ៊ីសាក​ដែល​ជា​ឪពុក​របស់​ទូលបង្គំ​អើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា “ចូរ​វិល​ទៅ​ស្រុក​អ្នក វិល​ទៅ​រក​ញាតិ‌សន្ដាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​ឲ្យ​អ្នក​បាន​សុខ‌ដុម‌រមនា!” ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ មិន​សម​ឲ្យ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​ទូលបង្គំ​ដល់​កម្រិត​នេះ​ឡើយ។ កាល​ទូលបង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ ទូលបង្គំ​មាន​តែ​ដំបង​មួយ​ទេ ប៉ុន្តែ ឥឡូវ​នេះ ទូលបង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ។ សូម​ព្រះអង្គ​មេត្តា​ប្រោស​ទូលបង្គំ​ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​អេសាវ ជា​បង​ប្រុស​របស់​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​ខ្លាច​គាត់​មក​ដល់ សម្លាប់​រង្គាល​ទូលបង្គំ និង​គ្រួសារ​ទូលបង្គំ ទាំង​ស្រី​ទាំង​ក្មេង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា “យើង​នឹង​ឲ្យ​អ្នក​បាន​សុខ‌ដុម‌រមនា ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ឥត​គណនា ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ”»។ យប់​នោះ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​កន្លែង​នោះ។ លោក​បាន​យក​សត្វ​មួយ​ចំនួន ដែល​លោក​មាន​មក​ធ្វើ​ជា​ជំនូន ដល់​លោក​អេសាវ​ជា​បង គឺ​ពពែ​ញី​ពីរ​រយ​ក្បាល ពពែ​ឈ្មោល​ម្ភៃ​ក្បាល ចៀម​ញី​ពីរ​រយ​ក្បាល ចៀម​ឈ្មោល​ម្ភៃ​ក្បាល អូដ្ឋ​ញី​សាម‌សិប​ក្បាល ព្រម​ទាំង​កូន​វា​ដែល​នៅ​បៅ​ដោះ គោ​ញី​សែ‌សិប​ក្បាល គោ​បា​ដប់​ក្បាល លា​ញី​ម្ភៃ​ក្បាល និង​លា​ឈ្មោល​ដប់​ក្បាល។ លោក​បាន​ប្រគល់​សត្វ​ទាំង​នោះ​ឲ្យ​ពួក​អ្នក​បម្រើ តាម​ហ្វូង​របស់​វា ទី‌ទៃៗ​ពី​គ្នា រួច​លោក​ប្រាប់​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​មុន​ខ្ញុំ ហើយ​ឲ្យ​ហ្វូង​សត្វ​នៅ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។ លោក​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​នៅ​មុខ​គេ​ថា៖ «បើ​លោក​អេសាវ​ជា​បង​របស់​ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា “អ្នក​ណា​ជា​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា? តើ​អ្នក​ទៅ​ណា​មក​ណា? ហ្វូង​សត្វ​ដែល​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​ជា​របស់​នរណា?” នោះ​អ្នក​ត្រូវ​តប​វិញ​ថា “ហ្វូង​សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក គាត់​សូម​ផ្ញើ​សត្វ​នេះ​មក​ជូន​លោក​អេសាវ​ជា​ម្ចាស់។ រីឯ​គាត់​វិញ គាត់​កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ”»។ លោក​យ៉ាកុប​បាន​បង្គាប់​អ្នក​ដែល​នៅ​បន្ទាប់​ពី​អ្នក​ដើរ​ខាង​មុខ និង​អ្នក​ទី​បី ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ដើរ​តាម​ហ្វូង​សត្វ​ដូចៗ​គ្នា​ទាំង​អស់។ លោក​បង្គាប់​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​ជួប​លោក​អេសាវ ជា​ម្ចាស់ ត្រូវ​ជម្រាប​លោក​ដូច្នេះ គឺ​ជម្រាប​លោក​ថា “យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ”»។ លោក​យ៉ាកុប​ធ្វើ​ដូច្នេះ ព្រោះ​លោក​គិត​ថា «ជំនូន​ដែល​ខ្ញុំ​ចាត់​ឲ្យ​គេ​នាំ​ទៅ​មុន​នេះ មុខ​ជា​ធ្វើ​ឲ្យ​គាត់​បាន​ស្ងប់​ចិត្ត​មិន​ខាន។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ជួប​មុខ​គាត់​ផ្ទាល់ ប្រហែល​ជា​គាត់​ទទួល​ខ្ញុំ​ដោយ​រាក់‌ទាក់​ផង​មើល​ទៅ»។ គេ​ក៏​នាំ​សត្វ​ទាំង‌ឡាយ​ដែល​លោក​ផ្ញើ​ជា​ជំនូន​នោះ​ទៅ​មុន តែ​យប់​នោះ លោក​យ៉ាកុប​ស្នាក់​នៅ​ក្នុង​ជំរំ។ នៅ​យប់​ដដែល​នោះ លោក​បាន​ក្រោក​ឡើង នាំ​ភរិយា​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​ដប់​មួយ​នាក់​ឆ្លង​អូ​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។ កាល​លោក​ឲ្យ​ក្រុម​គ្រួសារ​ឆ្លង​ទឹក​រួច​ហើយ លោក​ក៏​ឲ្យ​គេ​ចម្លង​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ដែរ។ លោក​យ៉ាកុប​នៅ​តែ​ម្នាក់​ឯង។ ពេល​នោះ មាន​បុរស​ម្នាក់​មក​បោក‌ចំបាប់​ជា​មួយ​លោក​រហូត​ដល់​ភ្លឺ។ កាល​បុរស​នោះ​ឃើញ​ថា​ពុំ​អាច​ឈ្នះ​លោក​យ៉ាកុប​បាន ក៏​វាយ​លោក​ចំ​ចង្កេះ។ លោក​យ៉ាកុប​ក៏​ថ្លោះ​ចង្កេះ នៅ​ពេល​បោក‌ចំបាប់​គ្នា​នោះ។ បុរស​នោះ​ពោល​ថា៖ «ទុក​ឲ្យ​ខ្ញុំ​ចេញ​ទៅ​វិញ ដ្បិត​ភ្លឺ​ហើយ»។ លោក​តប​វិញ​ថា៖ «ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​ឲ្យ​ពរ​ខ្ញុំ​សិន»។ បុរស​នោះ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​អី?»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​យ៉ាកុប»។ បុរស​នោះ​ពោល​ទៀត​ថា៖ «គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកុប​ទៀត​ហើយ គឺ​គេ​នឹង​ហៅ​អ្នក​ថា​អ៊ីស្រា‌អែល​វិញ ដ្បិត​អ្នក​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់ និង​ជា​មួយ​មនុស្ស ហើយ​អ្នក​មាន​ជ័យ‌ជម្នះ»។

លោកុប្បត្តិ 32:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​លោក។ កាល​លោក​យ៉ាកុប​បាន​ឃើញ​ទេវតា​ទាំង​នោះ លោក​ពោល​ថា៖ «នេះ​ពិត​ជា​ជំរំ​របស់​ព្រះ​ហើយ!»។ លោក​ក៏​ហៅ​កន្លែង​នោះ​ថា "ម៉ាហា‌ណែម" ។ លោក​យ៉ាកុប​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន ដើម្បី​ជួប​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​ទឹក​ដី​អេដុម ដោយ​ផ្ដាំ​អ្នក​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ​ថា "យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​ស្នាក់​នៅ​ជា‌មួយ​លោក​ឡាបាន់​រហូត​មក​ដល់​ឥឡូវ​នេះ។ ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​អ្នក​បម្រើ​ប្រុស​ស្រី។ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​ពី​លោក​ម្ចាស់"»។ ពួក​អ្នក​នាំ​សារ​ក៏​ត្រឡប់​មក​ជម្រាប​លោក​យ៉ាកុប​វិញ​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ​ជា​បង​របស់​លោក​ហើយ ហើយ​លោក​ក៏​អញ្ជើញ​មក​ជួប​លោក​ដែរ ទាំង​មាន​មនុស្ស​បួនរយ​នាក់​មក​ជា‌មួយ​ផង»។ ពេល​នោះ លោក​យ៉ាកុប​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ថប់​ព្រួយ​ក្នុង​ចិត្ត លោក​ក៏​បំបែក​មនុស្ស​ដែល​នៅ​ជាមួយ​លោក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ​ជា​ពីរ​ជំរំ ដោយ​គិត​ថា «ប្រសិន​បើ​អេសាវ​មក​វាយ​ជំរំ​មួយ នោះ​ជំរំ​មួយ​ទៀត​នឹង​រត់​រួច​បាន»។ លោក​យ៉ាកុប​ទូល​ថា៖ «ឱ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជីតា​ទូល‌បង្គំ និង​ជា​ព្រះ​របស់​លោក​អ៊ីសាក​ឪពុក​ទូល‌បង្គំ! ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ​ថា "ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​របស់​អ្នក នៅ​ស្រុក​របស់​អ្នក​វិញ​ទៅ នោះ​យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក" ទូល‌បង្គំ​មិន​សម​ឲ្យ​បាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​អស់​ទាំង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ឡើយ ដ្បិត​កាល​ទូល‌បង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ​ហើយ។ សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​កណ្ដាប់​ដៃ​អេសាវ គឺ​ពី​បង​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ម្តាយ ទាំង​កូន។ ក៏​ប៉ុន្ដែ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក​ជា​ប្រាកដ ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​គ្នា​ច្រើន​ឥត​គណនា ដូច​ខ្សាច់​នៅ​សមុទ្រ"»។ យប់​នោះ លោក​ស្នាក់​នៅ​ទី​នោះ រួច​ក៏​យក​របស់​ទ្រព្យ​ខ្លះ​ដែល​លោក​មាន​ជា​ជំនូន​ជូន​ដល់​លោក​អេសាវ​ជា​បង គឺ​ពពែ​ញី​ពីររយ​ក្បាល ពពែ​ឈ្មោល​ម្ភៃ​ក្បាល ចៀម​ញី​ពីរ​រយ​ក្បាល ចៀម​ឈ្មោល​ម្ភៃ​ក្បាល អូដ្ឋ​ញី​ដែល​បំបៅ​កូន​សាម​សិប​ក្បាល ព្រម​ទាំង​កូន​របស់​វា គោ​ញី​សែសិប​ក្បាល គោ​ឈ្មោល​ដប់​ក្បាល លា​ញី​ម្ភៃ​ក្បាល និង​កូន​លា​ដប់​ក្បាល។ លោក​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​ពួក​អ្នក​បម្រើ​របស់​លោក ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​ឆ្លង​ទៅ​មុន​ខ្ញុំ ហើយ​ដើរ​ឲ្យ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។ លោក​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​មុន​គេ​ថា៖ «កាល​ណា​លោក​អេសាវ​ជា​បង​របស់​ខ្ញុំ​មក​ជួប​អ្នក ហើយ​សួរ​អ្នក​ថា "អ្នក​រាល់​គ្នា​ជា​មនុស្ស​របស់​អ្នក​ណា? តើ​អ្នក​រាល់​គ្នា​ទៅ​ឯ​ណា? តើ​ហ្វូង​សត្វ​នៅ​មុខ​អ្នក​រាល់​គ្នា​ទាំង​នេះ​ជា​របស់​អ្នក​ណា?" នោះ​ត្រូវ​ជម្រាប​ថា "សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក គឺ​ជា​ជំនូន​ផ្ញើ​មក​ជូន​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ ហើយ​មើល៍ លោក​ក៏​អញ្ជើញ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ"»។ លោក​បង្គាប់​ទៅ​អ្នក​ទី​ពីរ ព្រម​ទាំង​អ្នក​ទី​បី និង​អស់​អ្នក​ដែល​ដើរ​តាម​ហ្វូង​សត្វ​ទាំង​អស់​ដូច​ៗ​គ្នា​ថា៖ «កាល​ណា​ជួប​លោក​អេសាវ ត្រូវ​និយាយ​តាម​ពាក្យ​នេះ​ដូច​គ្នា គឺ​ត្រូវ​ជម្រាប​លោក​ថា "យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ"»។ ដ្បិត​លោក​គិត​ថា៖ «ខ្ញុំមុខ​ជា​ធ្វើ​ឲ្យ​គាត់​ស្ងប់​ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ​មិន​ខាន រួច​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់ ប្រហែល​ជា​គាត់​នឹង​ទទួល​ខ្ញុំ​ដោយ​ស្រួល​ហើយ»។ ដូច្នេះ ជំនូន​នោះ​ក៏​ឆ្លង​ទៅ​មុន តែ​ខ្លួន​លោក​ផ្ទាល់​ស្នាក់​នៅ​ក្នុង​ជំរំ​នោះ​មួយ​យប់​សិន។ នៅ​យប់​ដដែល​នោះ លោក​ក្រោក​ឡើង នាំ​យក​ប្រពន្ធ​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​របស់​លោក​ដប់​មួយ​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។ លោក​នាំ​អ្នក​ទាំង​នោះ​ឲ្យ​ឆ្លង​ស្ទឹង ហើយ​ក៏​ឲ្យ​គេ​យក​អ្វីៗ​ដែល​ជា​របស់​លោក​ឆ្លង​ទៅ​ដែរ។ លោក​យ៉ាកុប​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​ជាមួយ​លោក​រហូត​ដល់​ភ្លឺ។ កាល​បុរស​នោះ​ឃើញ​ថា ពុំ​បាន​ឈ្នះ​លោក​យ៉ាកុប​ទេ នោះ​ក៏​វាយ​លោក​ត្រង់​សន្លាក់​ត្រគាក ហើយ​សន្លាក់​ត្រគាក​របស់​លោក​យ៉ាកុប​ក៏​ថ្លស់​នៅ​ពេល​បោក​ចំបាប់​គ្នា​នោះ។ បុរស​នោះ​ពោល​ថា៖ «ចូរ​លែង​ខ្ញុំ​ទៅ ដ្បិត​ភ្លឺ​ហើយ»។ ប៉ុន្ដែ លោក​យ៉ាកុបតប​ថា៖ «ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​លោក​ឲ្យ​ពរ​ខ្ញុំ​សិន»។ បុរស​នោះ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​អី?» លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​យ៉ាកុប»។ រួច​បុរស​នោះ​ពោល​ថា៖ «ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល វិញ ដ្បិត​អ្នក​បានត​យុទ្ធ​ជា‌មួយ​ព្រះ និង​មនុស្ស ហើយ​ក៏​បាន​ឈ្នះ​ផង»។

លោកុប្បត្តិ 32:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​យ៉ាកុប​គាត់​ក៏​ធ្វើ​ដំណើរ​ត​ទៅ ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​នឹង​គាត់ កាល​ឃើញ​ហើយ​នោះ​គាត់​និយាយ​ថា នេះ​ជា​ពួក​ពល​របស់​ព្រះ គាត់​ក៏​ហៅ​កន្លែង​នោះ​ថា ម៉ាហា‌ណែម។ យ៉ាកុប​ចាត់​អ្នក​បំរើ​ទៅ​មុន ឲ្យ​ទៅ​ឯ​អេសាវ​ជា​បង​នៅ​វាល​អេដំម​ក្នុង​ស្រុក​សៀរ ដោយ​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ជំរាប​ដល់​អេសាវ ជា​លោក​ម្ចាស់​អញ យ៉ាង​នេះ​ថា យ៉ាកុប​ជា​អ្នក​បំរើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ឡាបាន់​ដរាប​ដល់​ឥឡូវ​នេះ ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​បាវ​ប្រុស​ស្រី ខ្ញុំ​បាន​ចាត់​គេ​មក​ជំរាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក ពួក​អ្នក​បំរើ​ក៏​ត្រឡប់​មក​ឯ​យ៉ាកុប​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​អេសាវ​ជា​បង​លោក​ហើយ លោក​ក៏​អញ្ជើញ​មក​ដែរ ព្រម​ទាំង​នាំ​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង នោះ​យ៉ាកុប​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​សេចក្ដី​ថប់​ព្រួយ​ក្នុង​ទ្រូង ក៏​ចែក​ពួក​គាត់ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ នឹង​អូដ្ឋ​ជា​២​ពួក ដោយ​គិត​ថា បើ​អេសាវ​មក​វាយ​ពួក​១ នោះ​ពួក​១​ទៀត​នឹង​រត់​រួច​បាន យ៉ាកុប​ក៏​ទូល​ថា ឱ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជីតា​ទូលបង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មាន​បន្ទូល​នឹង​ទូលបង្គំ​ថា ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​ឯង​នៅ​ស្រុក​ឯង​វិញ​ទៅ នោះ​អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ទូលបង្គំ​មិន​គួរ​ឲ្យ​បាន​អស់​ទាំង​សេចក្ដី​សប្បុរស នឹង​អស់​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ដែល​ទ្រង់​បាន​ផ្តល់​មក​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ទេ ដ្បិត​ទូលបង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ មាន​តែ​ដំបង​១​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូលបង្គំ​បាន​កើត​ជា​២​ពួក​ហើយ សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​រួច​ពី​កណ្តាប់​ដៃ​នៃ​អេសាវ​ជា​បង ដ្បិត​ទូលបង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ពួក​ទូលបង្គំ​នេះ ទាំង​ម្តាយ​ទាំង​កូន​ផង ទ្រង់​បាន​មាន​បន្ទូល​ថា អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ដែល​ប្រមាណ​មិន​បាន។ យប់​នោះ គាត់​សំណាក់​នៅ​ទី​នោះ រួច​ក៏​យក​របស់​ទ្រព្យ​គាត់​ខ្លះ​ទុក​ជា​ជំនូន​សំរាប់​ជូន​ដល់​អេសាវ​ជា​បង គឺ​ពពែ​ញី​២០០ ពពែ​ឈ្មោល​២០ ចៀម​ញី​២០០ ចៀម​ឈ្មោល​២០ អូដ្ឋ​ញី​ដែល​បំបៅ​កូន​៣០ ព្រម​ទាំង​កូន​ផង គោ​ញី​៤០ គោ​ឈ្មោល​១០ លា​ញី​២០ នឹង​កូន​លា​១០ គាត់​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​នៃ​ពួក​បំរើ​គាត់​ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​បាវ​នោះ​ថា ចូរ​ឆ្លង​ទៅ​មុន​អញ ដើរ​ឲ្យ​ដាច់​ពី​គ្នា​ដោយ​ពួកៗ គាត់​ក៏​បង្គាប់​ដល់​អ្នក​ដែល​ដើរ​មុន​គេ​ថា កាល​ណា​អេសាវ​បង​អញ​មក​ជួប​នឹង​ឯង ហើយ​សួរ​ថា ឯង​ជា​ពួក​របស់​អ្នក​ណា ហើយ​ទៅ​ឯ​ណា តើ​ហ្វូង​សត្វ​នៅ​មុខ​ឯង​ទាំង​នេះ​ជា​របស់​ផង​អ្នក​ណា នោះ​ត្រូវ​ជំរាប​ថា នេះ​ជា​របស់​ផង​យ៉ាកុប​ជា​អ្នក​បំរើ​លោក គឺ​ជា​ជំនូន​ផ្ញើ​មក​ជូន​ដល់​អេសាវ​ជា​លោក​ម្ចាស់​ខ្ញុំ ហើយ​មើល លោក​ក៏​អញ្ជើញ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ គាត់​បង្គាប់​អ្នក​ទី​២​ដូច្នោះ​ដែរ ព្រម​ទាំង​អ្នក​ទី​៣ នឹង​ពួក​អ្នក​ដែល​ដើរ​តាម​ហ្វូង​សត្វ​ទាំង​អស់​ផង​ថា កាល​ណា​ឃើញ​អេសាវ នោះ​ចូរ​ជំរាប​តាម​ពាក្យ​នេះ​ដូច​គ្នា គឺ​ត្រូវ​ជំរាប​លោក​ថា មើល យ៉ាកុប​ជា​អ្នក​បំរើ​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ នេះ​ដ្បិត​គាត់​គិត​ថា អញ​នឹង​រំងាប់​ចិត្ត​បង ដោយ​ជំនូន​ដែល​ទៅ​មុខ​អញ រួច​អញ​នឹង​ឃើញ​មុខ​បង នោះ​ប្រហែល​ជា​នឹង​ទទួល​អញ​ដោយ​ស្រួល​ហើយ ដូច្នេះ ជំនូន​នោះ​ក៏​ឆ្លង​ទៅ​មុន​គាត់ តែ​ឯ​ខ្លួន​គាត់ បាន​ដេក​នៅ​ក្នុង​ទី​សំណាក់​នោះ​១​យប់​សិន រួច​គាត់​ក្រោក​ឡើង​ទាំង​យប់ នាំ​យក​ប្រពន្ធ​ទាំង​២ នឹង​បាវ​ស្រី​ទាំង​២ ព្រម​ទាំង​កូន​គាត់​ទាំង​១១​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក​ត្រង់​ផ្លូវ​ឆ្លង​ទៅ គាត់​នាំ​អ្នក​ទាំង​នោះ​ទៅ​ឲ្យ​ឆ្លង​ស្ទឹង ហើយ​ក៏​ឲ្យ​គេ​យក​អីវ៉ាន់​គាត់​ឆ្លង​ទៅ​ដែរ។ ដូច្នេះ យ៉ាកុប​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​ម្នាក់​មក​ចំបាប់​នឹង​គាត់​រហូត​ដល់​ភ្លឺ កាល​អ្នក​នោះ​ឃើញ​ថា​មិន​ឈ្នះ​គាត់​ទេ នោះ​ក៏​ពាល់​ត្រង់​សន្លាក់​ត្រគាក​គាត់ ហើយ​សន្លាក់​ត្រគាក​ក៏​ថ្លស់​ក្នុង​ខណ​ដែល​កំពុង​តែ​ចំបាប់​គ្នា​នោះ អ្នក​នោះ​និយាយ​ថា ចូរ​លែង​ឲ្យ​អញ​ទៅ ដ្បិត​ភ្លឺ​ហើយ តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ​សិន អ្នក​នោះ​សួរ​គាត់​ថា ឯង​ឈ្មោះ​អី គាត់​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​យ៉ាកុប រួច​អ្នក​នោះ​ប្រាប់​ថា ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រាអែល​វិញ ពី​ព្រោះ​ឯង​មាន​អំណាច​ចំពោះ​ព្រះ​ហើយ​នឹង​មនុស្ស ក៏​បាន​ឈ្នះ​ផង