លោកយ៉ាកុបបានធ្វើដំណើរទៅមុខទៀត ហើយមានពួកទេវតារបស់ព្រះមកជួបលោក។ កាលលោកយ៉ាកុបបានឃើញទេវតាទាំងនោះ លោកពោលថា៖ «នេះពិតជាជំរំរបស់ព្រះហើយ!»។ លោកក៏ហៅកន្លែងនោះថា "ម៉ាហាណែម" ។ លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម ដោយផ្ដាំអ្នកទាំងនោះថា៖ «ចូរអ្នករាល់គ្នាជម្រាបលោកអេសាវជាម្ចាស់របស់ខ្ញុំថា "យ៉ាកុប ជាអ្នកបម្រើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបានស្នាក់នៅជាមួយលោកឡាបាន់រហូតមកដល់ឥឡូវនេះ។ ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានអ្នកបម្រើប្រុសស្រី។ ខ្ញុំបានចាត់គេឲ្យមកជម្រាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណពីលោកម្ចាស់"»។ ពួកអ្នកនាំសារក៏ត្រឡប់មកជម្រាបលោកយ៉ាកុបវិញថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវជាបងរបស់លោកហើយ ហើយលោកក៏អញ្ជើញមកជួបលោកដែរ ទាំងមានមនុស្សបួនរយនាក់មកជាមួយផង»។ ពេលនោះ លោកយ៉ាកុបភ័យខ្លាចជាខ្លាំង ហើយថប់ព្រួយក្នុងចិត្ត លោកក៏បំបែកមនុស្សដែលនៅជាមួយលោក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអូដ្ឋជាពីរជំរំ ដោយគិតថា «ប្រសិនបើអេសាវមកវាយជំរំមួយ នោះជំរំមួយទៀតនឹងរត់រួចបាន»។ លោកយ៉ាកុបទូលថា៖ «ឱព្រះរបស់លោកអ័ប្រាហាំ ជីតាទូលបង្គំ និងជាព្រះរបស់លោកអ៊ីសាកឪពុកទូលបង្គំ! ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានមានព្រះបន្ទូលមកកាន់ទូលបង្គំថា "ចូរវិលទៅឯញាតិសន្តានរបស់អ្នក នៅស្រុករបស់អ្នកវិញទៅ នោះយើងនឹងប្រោសសេចក្ដីល្អដល់អ្នក" ទូលបង្គំមិនសមឲ្យបានព្រះហឫទ័យសប្បុរស និងអស់ទាំងព្រះហឫទ័យស្មោះត្រង់ដែលព្រះអង្គបានផ្តល់មកទូលបង្គំ ជាអ្នកបម្រើព្រះអង្គឡើយ ដ្បិតកាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ មានតែដំបងមួយប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំហើយ។ សូមព្រះអង្គប្រោសឲ្យទូលបង្គំបានរួចពីកណ្ដាប់ដៃអេសាវ គឺពីបងរបស់ទូលបង្គំផង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយប្រហារទូលបង្គំ ទាំងម្តាយ ទាំងកូន។ ក៏ប៉ុន្ដែ ព្រះអង្គបានមានព្រះបន្ទូលថា "យើងនឹងប្រោសសេចក្ដីល្អដល់អ្នកជាប្រាកដ ហើយធ្វើឲ្យពូជពង្សរបស់អ្នកបានគ្នាច្រើនឥតគណនា ដូចខ្សាច់នៅសមុទ្រ"»។ យប់នោះ លោកស្នាក់នៅទីនោះ រួចក៏យករបស់ទ្រព្យខ្លះដែលលោកមានជាជំនូនជូនដល់លោកអេសាវជាបង គឺពពែញីពីររយក្បាល ពពែឈ្មោលម្ភៃក្បាល ចៀមញីពីររយក្បាល ចៀមឈ្មោលម្ភៃក្បាល អូដ្ឋញីដែលបំបៅកូនសាមសិបក្បាល ព្រមទាំងកូនរបស់វា គោញីសែសិបក្បាល គោឈ្មោលដប់ក្បាល លាញីម្ភៃក្បាល និងកូនលាដប់ក្បាល។ លោកប្រគល់សត្វទាំងនោះ ទៅក្នុងដៃពួកអ្នកបម្រើរបស់លោក ដោយហ្វូងៗ ហើយប្រាប់ពួកអ្នកបម្រើទាំងនោះថា៖ «ចូរឆ្លងទៅមុនខ្ញុំ ហើយដើរឲ្យដាច់ពីគ្នា ដោយពួកៗ»។ លោកបង្គាប់ទៅអ្នកដែលដើរមុនគេថា៖ «កាលណាលោកអេសាវជាបងរបស់ខ្ញុំមកជួបអ្នក ហើយសួរអ្នកថា "អ្នករាល់គ្នាជាមនុស្សរបស់អ្នកណា? តើអ្នករាល់គ្នាទៅឯណា? តើហ្វូងសត្វនៅមុខអ្នករាល់គ្នាទាំងនេះជារបស់អ្នកណា?" នោះត្រូវជម្រាបថា "សត្វទាំងនេះជារបស់យ៉ាកុប ជាអ្នកបម្រើរបស់លោក គឺជាជំនូនផ្ញើមកជូនលោកអេសាវជាម្ចាស់របស់ខ្ញុំ ហើយមើល៍ លោកក៏អញ្ជើញមកតាមក្រោយយើងខ្ញុំដែរ"»។ លោកបង្គាប់ទៅអ្នកទីពីរ ព្រមទាំងអ្នកទីបី និងអស់អ្នកដែលដើរតាមហ្វូងសត្វទាំងអស់ដូចៗគ្នាថា៖ «កាលណាជួបលោកអេសាវ ត្រូវនិយាយតាមពាក្យនេះដូចគ្នា គឺត្រូវជម្រាបលោកថា "យ៉ាកុបជាអ្នកបម្រើរបស់លោកក៏មកតាមក្រោយយើងខ្ញុំដែរ"»។ ដ្បិតលោកគិតថា៖ «ខ្ញុំមុខជាធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំមិនខាន រួចខ្ញុំនឹងឃើញមុខគាត់ ប្រហែលជាគាត់នឹងទទួលខ្ញុំដោយស្រួលហើយ»។ ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុន តែខ្លួនលោកផ្ទាល់ស្នាក់នៅក្នុងជំរំនោះមួយយប់សិន។ នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។ លោកនាំអ្នកទាំងនោះឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអ្វីៗដែលជារបស់លោកឆ្លងទៅដែរ។ លោកយ៉ាកុបនៅតែម្នាក់ឯង ហើយមានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។ កាលបុរសនោះឃើញថា ពុំបានឈ្នះលោកយ៉ាកុបទេ នោះក៏វាយលោកត្រង់សន្លាក់ត្រគាក ហើយសន្លាក់ត្រគាករបស់លោកយ៉ាកុបក៏ថ្លស់នៅពេលបោកចំបាប់គ្នានោះ។ បុរសនោះពោលថា៖ «ចូរលែងខ្ញុំទៅ ដ្បិតភ្លឺហើយ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។ បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?» លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ រួចបុរសនោះពោលថា៖ «ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែល វិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និងមនុស្ស ហើយក៏បានឈ្នះផង»។
អាន លោកុប្បត្តិ 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 32:1-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ