លោកុប្បត្តិ 32:1-12

លោកុប្បត្តិ 32:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​លោក។ កាល​លោក​យ៉ាកុប​បាន​ឃើញ​ទេវតា​ទាំង​នោះ លោក​ពោល​ថា៖ «នេះ​ពិត​ជា​ជំរំ​របស់​ព្រះ​ហើយ!»។ លោក​ក៏​ហៅ​កន្លែង​នោះ​ថា "ម៉ាហា‌ណែម" ។ លោក​យ៉ាកុប​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន ដើម្បី​ជួប​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​ទឹក​ដី​អេដុម ដោយ​ផ្ដាំ​អ្នក​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ​ថា "យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​ស្នាក់​នៅ​ជា‌មួយ​លោក​ឡាបាន់​រហូត​មក​ដល់​ឥឡូវ​នេះ។ ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​អ្នក​បម្រើ​ប្រុស​ស្រី។ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​ពី​លោក​ម្ចាស់"»។ ពួក​អ្នក​នាំ​សារ​ក៏​ត្រឡប់​មក​ជម្រាប​លោក​យ៉ាកុប​វិញ​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ​ជា​បង​របស់​លោក​ហើយ ហើយ​លោក​ក៏​អញ្ជើញ​មក​ជួប​លោក​ដែរ ទាំង​មាន​មនុស្ស​បួនរយ​នាក់​មក​ជា‌មួយ​ផង»។ ពេល​នោះ លោក​យ៉ាកុប​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ថប់​ព្រួយ​ក្នុង​ចិត្ត លោក​ក៏​បំបែក​មនុស្ស​ដែល​នៅ​ជាមួយ​លោក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ​ជា​ពីរ​ជំរំ ដោយ​គិត​ថា «ប្រសិន​បើ​អេសាវ​មក​វាយ​ជំរំ​មួយ នោះ​ជំរំ​មួយ​ទៀត​នឹង​រត់​រួច​បាន»។ លោក​យ៉ាកុប​ទូល​ថា៖ «ឱ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជីតា​ទូល‌បង្គំ និង​ជា​ព្រះ​របស់​លោក​អ៊ីសាក​ឪពុក​ទូល‌បង្គំ! ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ​ថា "ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​របស់​អ្នក នៅ​ស្រុក​របស់​អ្នក​វិញ​ទៅ នោះ​យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក" ទូល‌បង្គំ​មិន​សម​ឲ្យ​បាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​អស់​ទាំង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ឡើយ ដ្បិត​កាល​ទូល‌បង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ​ហើយ។ សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​កណ្ដាប់​ដៃ​អេសាវ គឺ​ពី​បង​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ម្តាយ ទាំង​កូន។ ក៏​ប៉ុន្ដែ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក​ជា​ប្រាកដ ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​គ្នា​ច្រើន​ឥត​គណនា ដូច​ខ្សាច់​នៅ​សមុទ្រ"»។

លោកុប្បត្តិ 32:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ាកុប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់​មក​ជួប​លោក។ ពេល​ឃើញ​ទេវតា​ទាំង​នោះ លោក​យ៉ាកុប​ក៏​ពោល​ឡើង​ថា៖ «ទី​នេះ ពិត​ជា​ព្រះ‌ពន្លា​របស់​ព្រះ‌ជាម្ចាស់!»។ លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ម៉ាហា‌ណែម» ។ លោក​យ៉ាកុប​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​លោក ដើម្បី​ជួប​នឹង​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​តំបន់​អេដុម។ លោក​បាន​ផ្ដែផ្ដាំ​អ្នក​នាំ​សារ​ទាំង​នោះ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​ខ្ញុំ​ដូច​ត​ទៅ: យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក សូម​ជម្រាប​ថា “ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក​អ៊ំ​ឡាបាន់​រហូត​មក​ទល់​ពេល​នេះ។ ខ្ញុំ​មាន​គោ លា ចៀម និង​មាន​អ្នក​បម្រើ​ប្រុស​ស្រី​ជា​ច្រើន។ ខ្ញុំ​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ជា​ដំណឹង ដើម្បី​សូម​សេចក្ដី​សន្តោស​មេត្តា​ពី​លោក​ម្ចាស់”»។ អ្នក​នាំ​សារ​បាន​វិល​មក​ជួប​លោក​យ៉ាកុប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ ជា​បង​របស់​លោក​ហើយ។ លោក​អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​លោក​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។ លោក​យ៉ាកុប​ភ័យ​ខ្លាច និង​តប់‌ប្រមល់​យ៉ាង​ខ្លាំង លោក​ក៏​ចែក​ពួក​លោក​ជា​ពីរ​ជំរំ ហើយ​ចែក​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ ជា​ពីរ​ហ្វូង​ដែរ ព្រោះ​លោក​គិត​ថា ប្រសិន​បើ​លោក​អេសាវ​មក​វាយ​ប្រហារ​ជំរំ​មួយ ជំរំ​មួយ​ទៀត​អាច​រត់​រួច​បាន។ បន្ទាប់​មក លោក​យ៉ាកុប​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​លោក​អប្រាហាំ ដែល​ជា​ជីតា​របស់​ទូលបង្គំ ជា​ព្រះ​នៃ​លោក​អ៊ីសាក​ដែល​ជា​ឪពុក​របស់​ទូលបង្គំ​អើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា “ចូរ​វិល​ទៅ​ស្រុក​អ្នក វិល​ទៅ​រក​ញាតិ‌សន្ដាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​ឲ្យ​អ្នក​បាន​សុខ‌ដុម‌រមនា!” ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ មិន​សម​ឲ្យ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​ទូលបង្គំ​ដល់​កម្រិត​នេះ​ឡើយ។ កាល​ទូលបង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ ទូលបង្គំ​មាន​តែ​ដំបង​មួយ​ទេ ប៉ុន្តែ ឥឡូវ​នេះ ទូលបង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ។ សូម​ព្រះអង្គ​មេត្តា​ប្រោស​ទូលបង្គំ​ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​អេសាវ ជា​បង​ប្រុស​របស់​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​ខ្លាច​គាត់​មក​ដល់ សម្លាប់​រង្គាល​ទូលបង្គំ និង​គ្រួសារ​ទូលបង្គំ ទាំង​ស្រី​ទាំង​ក្មេង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា “យើង​នឹង​ឲ្យ​អ្នក​បាន​សុខ‌ដុម‌រមនា ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ឥត​គណនា ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ”»។

លោកុប្បត្តិ 32:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​យ៉ាកុប​គាត់​ក៏​ធ្វើ​ដំណើរ​ត​ទៅ ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​នឹង​គាត់ កាល​ឃើញ​ហើយ​នោះ​គាត់​និយាយ​ថា នេះ​ជា​ពួក​ពល​របស់​ព្រះ គាត់​ក៏​ហៅ​កន្លែង​នោះ​ថា ម៉ាហា‌ណែម។ យ៉ាកុប​ចាត់​អ្នក​បំរើ​ទៅ​មុន ឲ្យ​ទៅ​ឯ​អេសាវ​ជា​បង​នៅ​វាល​អេដំម​ក្នុង​ស្រុក​សៀរ ដោយ​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ជំរាប​ដល់​អេសាវ ជា​លោក​ម្ចាស់​អញ យ៉ាង​នេះ​ថា យ៉ាកុប​ជា​អ្នក​បំរើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ឡាបាន់​ដរាប​ដល់​ឥឡូវ​នេះ ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​បាវ​ប្រុស​ស្រី ខ្ញុំ​បាន​ចាត់​គេ​មក​ជំរាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក ពួក​អ្នក​បំរើ​ក៏​ត្រឡប់​មក​ឯ​យ៉ាកុប​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​អេសាវ​ជា​បង​លោក​ហើយ លោក​ក៏​អញ្ជើញ​មក​ដែរ ព្រម​ទាំង​នាំ​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង នោះ​យ៉ាកុប​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​សេចក្ដី​ថប់​ព្រួយ​ក្នុង​ទ្រូង ក៏​ចែក​ពួក​គាត់ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ នឹង​អូដ្ឋ​ជា​២​ពួក ដោយ​គិត​ថា បើ​អេសាវ​មក​វាយ​ពួក​១ នោះ​ពួក​១​ទៀត​នឹង​រត់​រួច​បាន យ៉ាកុប​ក៏​ទូល​ថា ឱ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជីតា​ទូលបង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មាន​បន្ទូល​នឹង​ទូលបង្គំ​ថា ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​ឯង​នៅ​ស្រុក​ឯង​វិញ​ទៅ នោះ​អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ទូលបង្គំ​មិន​គួរ​ឲ្យ​បាន​អស់​ទាំង​សេចក្ដី​សប្បុរស នឹង​អស់​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ដែល​ទ្រង់​បាន​ផ្តល់​មក​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ទេ ដ្បិត​ទូលបង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ មាន​តែ​ដំបង​១​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូលបង្គំ​បាន​កើត​ជា​២​ពួក​ហើយ សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​រួច​ពី​កណ្តាប់​ដៃ​នៃ​អេសាវ​ជា​បង ដ្បិត​ទូលបង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ពួក​ទូលបង្គំ​នេះ ទាំង​ម្តាយ​ទាំង​កូន​ផង ទ្រង់​បាន​មាន​បន្ទូល​ថា អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ដែល​ប្រមាណ​មិន​បាន។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ