លោកុ‌ប្បត្តិ 32:1-12

លោកុ‌ប្បត្តិ 32:1-12 គកស១៦

លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​លោក។ កាល​លោក​យ៉ាកុប​បាន​ឃើញ​ទេវតា​ទាំង​នោះ លោក​ពោល​ថា៖ «នេះ​ពិត​ជា​ជំរំ​របស់​ព្រះ​ហើយ!»។ លោក​ក៏​ហៅ​កន្លែង​នោះ​ថា "ម៉ាហា‌ណែម" ។ លោក​យ៉ាកុប​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន ដើម្បី​ជួប​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​ទឹក​ដី​អេដុម ដោយ​ផ្ដាំ​អ្នក​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ​ថា "យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​ស្នាក់​នៅ​ជា‌មួយ​លោក​ឡាបាន់​រហូត​មក​ដល់​ឥឡូវ​នេះ។ ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​អ្នក​បម្រើ​ប្រុស​ស្រី។ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​ពី​លោក​ម្ចាស់"»។ ពួក​អ្នក​នាំ​សារ​ក៏​ត្រឡប់​មក​ជម្រាប​លោក​យ៉ាកុប​វិញ​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ​ជា​បង​របស់​លោក​ហើយ ហើយ​លោក​ក៏​អញ្ជើញ​មក​ជួប​លោក​ដែរ ទាំង​មាន​មនុស្ស​បួនរយ​នាក់​មក​ជា‌មួយ​ផង»។ ពេល​នោះ លោក​យ៉ាកុប​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ថប់​ព្រួយ​ក្នុង​ចិត្ត លោក​ក៏​បំបែក​មនុស្ស​ដែល​នៅ​ជាមួយ​លោក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ​ជា​ពីរ​ជំរំ ដោយ​គិត​ថា «ប្រសិន​បើ​អេសាវ​មក​វាយ​ជំរំ​មួយ នោះ​ជំរំ​មួយ​ទៀត​នឹង​រត់​រួច​បាន»។ លោក​យ៉ាកុប​ទូល​ថា៖ «ឱ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជីតា​ទូល‌បង្គំ និង​ជា​ព្រះ​របស់​លោក​អ៊ីសាក​ឪពុក​ទូល‌បង្គំ! ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ​ថា "ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​របស់​អ្នក នៅ​ស្រុក​របស់​អ្នក​វិញ​ទៅ នោះ​យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក" ទូល‌បង្គំ​មិន​សម​ឲ្យ​បាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​អស់​ទាំង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ឡើយ ដ្បិត​កាល​ទូល‌បង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ​ហើយ។ សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​កណ្ដាប់​ដៃ​អេសាវ គឺ​ពី​បង​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ម្តាយ ទាំង​កូន។ ក៏​ប៉ុន្ដែ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក​ជា​ប្រាកដ ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​គ្នា​ច្រើន​ឥត​គណនា ដូច​ខ្សាច់​នៅ​សមុទ្រ"»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ