លោកុប្បត្តិ 29:14-30

លោកុប្បត្តិ 29:14-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ប្រាកដ​ហើយ ក្មួយ​ជា​ឆ្អឹង​របស់​អ៊ំ និង​ជា​សាច់​របស់​អ៊ំ​ពិត​មែន!»។ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​ជា‌មួយ​គាត់​រយៈ​ពេល​មួយ​ខែ។ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ដោយ​ព្រោះ​តែ​ក្មួយ​ជា​សាច់​ញាតិ​របស់​អ៊ំ តើ​ត្រូវ​ឲ្យ​ក្មួយ​បម្រើ​អ៊ំ​ដោយ​មិន​យក​កម្រៃ​ឬ? ចូរ​ប្រាប់​មក​ចុះ តើ​ក្មួយ​ចង់​បាន​ឈ្នួល​ជា​អ្វី?» លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។ នាង​លេអា​មាន​ភ្នែក​ស្រទន់ ហើយ​នាង​រ៉ាជែល​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ ដោយ​លោក​យ៉ាកុប​ចាប់​ចិត្ត​ស្រឡាញ់​នាង​រ៉ាជែល លោក​ក៏​ពោល​ថា៖ «ខ្ញុំ​សូម​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។ លោក​ឡាបាន់​តប​ថា៖ «អ៊ំ​ពេញ​ចិត្ត​នឹង​លើកវា​ឲ្យ​ក្មួយ ល្អ​ជា​ជាង​លើក​ឲ្យ​ប្រុស​ដទៃ។ ដូច្នេះ ចូរ​នៅ​ជា‌មួយ​នឹង​អ៊ំ​ទៅ!»។ លោក​យ៉ាកុប​នៅ​បម្រើ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល តែ​ដោយ​ព្រោះ​លោក​ស្រឡាញ់​នាង រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ ហាក់​ដូច​ជា​បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​លោក។ បន្ទាប់​មក លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ​មក៍ ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង»។ ដូច្នេះ លោក​ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ចំ​ជប់‌លៀង។ ប៉ុន្ដែ នៅ​ពេល​យប់ លោក​ឡាបាន់​បាន​យក​នាង​លេអា​ទៅ​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​ចូល​ទៅ​ឯ​នាង។ (លោក​ឡាបាន់​បាន​ឲ្យ​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក ទៅ​បម្រើ​នាង​លេអា)។ លុះ​ព្រឹក​ឡើង ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា លោក​យ៉ាកុប​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្តេច​បាន​ជា​លោក​ឪពុក​ធ្វើ​ដាក់​ខ្ញុំ​ដូច្នេះ? តើ​ខ្ញុំ​បម្រើ​លោក​ឪពុក​មិន​មែន​ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល​ទេឬ? ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បញ្ឆោត​ខ្ញុំ?» លោក​ឡាបាន់​ឆ្លើយ​ថា៖ «នៅ​ស្រុក​យើង​នេះ គេ​មិន​ដែល​លើក​ប្អូន​ឲ្យ​គេ មុន​កូន​ច្បង​ឡើយ។ ចូរ​នៅ​ឲ្យ​គ្រប់​មួយ​អាទិត្យ​ជាមួយ​នាង​នេះ​សិន រួច​សឹម​យើង​លើក​នាង​មួយ​ទៀត​ឲ្យ​កូន​ដែរ ទុក​ជា​ឈ្នួល​ការ​ដែល​កូន​នឹង​បម្រើ​ពុក​ប្រាំពីរ​ឆ្នាំ​ទៀត»។ លោក​យ៉ាកុប​ក៏​ធ្វើ​ដូច្នោះ គឺ​លោក​នៅ​ឲ្យ​គ្រប់​មួយ​អាទិត្យ​ជា‌មួយ​នាង​លេអា។ បន្ទាប់​មក លោក​ឡាបាន់​ឲ្យនាង​រ៉ាជែល​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក​យ៉ាកុប​ទៀត។ (លោក​ឡាបាន់​បាន​ឲ្យនាង​ប៊ីលហា ជា​ស្រី​បម្រើ​របស់​ខ្លួន ទៅ​បម្រើ​នាង​រ៉ា​ជែល)។ លោក​យ៉ាកុប​ក៏​ចូល​ទៅ​ឯ​នាង​រ៉ាជែល​ដែរ ហើយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជាង​នាង​លេអា រួច​លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត។

លោកុប្បត្តិ 29:14-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ក្មួយ​ពិត​ជា​សាច់​ឈាម​របស់​អ៊ំ​មែន!»។ លោក​យ៉ាកុប​ស្នាក់​នៅ​ជា​មួយ​លោក​ឡាបាន់​អស់​រយៈ​ពេល​មួយ​ខែ។ ថ្ងៃ​មួយ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ក្មួយ​ជា​សាច់‌ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ ដោយ​មិន​យក​កម្រៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។ លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។ នាង​លេអា​មាន​ភ្នែក​ស្រស់​ល្អ រីឯ​នាង​រ៉ាជែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ ដោយ​លោក​យ៉ាកុប​ស្រឡាញ់​នាង​រ៉ាជែល លោក​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។ លោក​ឡាបាន់​តប​ថា៖ «អ៊ំ​ពេញ​ចិត្ត​នឹង​លើក​កូន​ឲ្យ​ក្មួយ ជា​ជាង​លើក​ឲ្យ​ប្រុស​ដទៃ​ទៀត។ ដូច្នេះ ចូរ​ក្មួយ​នៅ​ជា​មួយ​នឹង​អ៊ំ​ទៅ!»។ លោក​យ៉ាកុប​នៅ​បម្រើ​លោក​ឡាបាន់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​បាន​នាង​រ៉ាជែល ប៉ុន្តែ ដោយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជា​ខ្លាំង រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ​ហាក់​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ បន្ទាប់​មក លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​លោក​អ៊ំ​ឲ្យ​ក្មួយ​រៀបការ​ជា​មួយ​នឹង​រ៉ាជែល​ទៅ ព្រោះ​ក្មួយ​នៅ​បម្រើ​លោក​អ៊ំ​ចប់​សព្វ​គ្រប់ តាម​ដែល​យើង​បាន​កំណត់​នោះ​ហើយ»។ លោក​ឡាបាន់​ក៏​អញ្ជើញ​អ្នក​ស្រុក​ទាំង​អស់​មក ហើយ​រៀបចំ​ជប់‌លៀង។ នៅ​ពេល​ល្ងាច គាត់​នាំ​នាង​លេអា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​លោក​យ៉ាកុប។ លោក​ឡាបាន់​ប្រគល់​នាង​ស៊ីលផា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​លេអា។ លុះ​ព្រលឹម​ឡើង លោក​យ៉ាកុប​ឃើញ​ថា​ជា​នាង​លេអា លោក​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្ដេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បម្រើ​លោក​ឪពុក ដើម្បី​នាង​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។ លោក​ឡាបាន់​តប​វិញ​ថា៖ «នៅ​ស្រុក​យើង​នេះ​មិន​ដែល​មាន​នរណា​លើក​កូន​ពៅ​ឲ្យ​គេ មុន​កូន​ច្បង​ឡើយ ចូរ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​ឲ្យ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​ឲ្យ តែ​កូន​ត្រូវ​ធ្វើ​ការ​ឲ្យ​ពុក​ប្រាំ‌ពីរ​ឆ្នាំ​ទៀត»។ លោក​យ៉ាកុប​ក៏​ធ្វើ​តាម​ពាក្យ​គាត់ គឺ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​លេអា​អស់​មួយ​អាទិត្យ។ បន្ទាប់​មក លោក​ឡាបាន់​បាន​ឲ្យ​នាង​រ៉ាជែល​ទៅ​លោក​យ៉ាកុប​ទៀត។ លោក​ឡាបាន់​ប្រគល់​នាង​ប៊ីល‌ហា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​រ៉ាជែល។ លោក​យ៉ាកុប​ក៏​បាន​រួម​ដំណេក​ជា​មួយ​នាង​រ៉ាជែល​ដែរ។ លោក​ស្រឡាញ់​នាង​រ៉ាជែល​ខ្លាំង​ជាង​នាង​លេអា។ បន្ទាប់​មក លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំ‌ពីរ​ឆ្នាំ​ទៀត។

លោកុប្បត្តិ 29:14-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឡាបាន់​និយាយ​ថា ឯង​ជា​សាច់​ឈាម​របស់​អញ​ពិត​មែន រួច​យ៉ាកុប​ក៏​នៅ​ជា​មួយ​នឹង​គាត់​១​ខែ។ ឡាបាន់​និយាយ​ទៅ​យ៉ាកុប​ថា តើ​ត្រូវ​ឲ្យ​ឯង​បំរើ​អញ​ទទេ ដោយ​ព្រោះ​តែ​ឯង​ជា​បង​ប្អូន​នឹង​អញ​ឬ​អី ចូរ​ប្រាប់​អញ​ចុះ តើ​ឯង​ចង់​បាន​ឈ្នួល​ជា​អ្វី រីឯ​ឡាបាន់​គាត់​មាន​កូន​ស្រី​២ កូន​ច្បង​ឈ្មោះ​លេអា ហើយ​កូន​ពៅ​ឈ្មោះ​រ៉ាជែល នាង​លេអា​មាន​ភ្នែក​ទន់ ឯ​រ៉ាជែល​មាន​រូប‌ឆោម​លោម‌ពណ៌​ស្រស់‌បស់​ល្អ​ណាស់ ឯ​យ៉ាកុប​គាត់​ចាប់​ចិត្ត​ស្រឡាញ់​រ៉ាជែល ហើយ​ក៏​និយាយ​ថា ខ្ញុំ​សូម​នៅ​បំរើ​ឪពុក​ធំ​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល​ជា​កូន​ពៅ​របស់​លោក ឡាបាន់​តប​ថា អើ ដែល​អញ​ឲ្យ​វា​ដល់​ឯង នោះ​ល្អ​ជា​ជាង​ឲ្យ​ដល់​គេ ដូច្នេះ ចូរ​នៅ​ជា​មួយ​នឹង​អញ​ចុះ យ៉ាកុប​ក៏​ខំ​បំរើ​អស់​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល តែ​នោះ​មើល​ទៅ​ដូច​ជា​បួន​ដប់​ថ្ងៃ​ទេ ដោយ​ព្រោះ​គាត់​ស្រឡាញ់​ដល់​នាង​ណាស់។ រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ ពី​ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ជប់‌លៀង​ដល់​គេ ដល់​ពេល​យប់ ឡាបាន់​ប្តូរ​យក​លេអា​ជា​កូន​ច្បង​ទៅ​ឲ្យ​គាត់ នោះ​គាត់​ក៏​ចូល​ទៅ​ឯ​នាង ឡាបាន់​ឲ្យ​ស៊ីលផា ជា​បាវ​ស្រី​របស់​ខ្លួន​ទៅ​បំរើ​ដល់​លេអា លុះ​ព្រឹក​ឡើង នោះ​ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា​ទេ រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា តើ​លោក​ឪពុក​បាន​ធ្វើ​អ្វី​ដល់​ខ្ញុំ​ដូច្នេះ ក្រែង​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​នេះ ដើម្បី​ឲ្យ​បាន​តែ​រ៉ាជែល​មែន​ឬ​មិន​មែន ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ដូច្នេះ ឡាបាន់​ឆ្លើយ​ថា នៅ​ស្រុក​យើង​នេះ គេ​មិន​ដែល​ឲ្យ​ប្អូន​មុន​បង​ដូច្នោះ​ទេ ចូរ​ឯង​នៅ​គ្រប់​១​អាទិត្យ​នឹង​នាង​នេះ​សិន រួច​សឹម​យើង​ឲ្យ​នាង​នោះ​ទៅ​ឯង​ដែរ ទុក​ជា​ឈ្នួល​ការ​ដែល​ឯង​នឹង​បំរើ​អញ​៧​ឆ្នាំ​ទៀត យ៉ាកុប​ក៏​ធ្វើ​ដូច្នោះ គាត់​នៅ​គ្រប់​១​អាទិត្យ​ជា​មួយ​នឹង​លេអា រួច​ឡាបាន់​ឲ្យ​រ៉ាជែល​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​យ៉ាកុប​ទៀត ហើយ​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ខ្លួន​ទៅ​បំរើ​រ៉ាជែល​ដែរ យ៉ាកុប​ក៏​ចូល​ទៅ​ឯ​រ៉ាជែល ហើយ​ស្រឡាញ់​នាង​ជាង​លេអា រួច​គាត់​នៅ​បំរើ​ឡាបាន់​៧​ឆ្នាំ​ទៀត។