លោកុ‌ប្បត្តិ 29:14-30

លោកុ‌ប្បត្តិ 29:14-30 គកស១៦

លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ប្រាកដ​ហើយ ក្មួយ​ជា​ឆ្អឹង​របស់​អ៊ំ និង​ជា​សាច់​របស់​អ៊ំ​ពិត​មែន!»។ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​ជា‌មួយ​គាត់​រយៈ​ពេល​មួយ​ខែ។ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ដោយ​ព្រោះ​តែ​ក្មួយ​ជា​សាច់​ញាតិ​របស់​អ៊ំ តើ​ត្រូវ​ឲ្យ​ក្មួយ​បម្រើ​អ៊ំ​ដោយ​មិន​យក​កម្រៃ​ឬ? ចូរ​ប្រាប់​មក​ចុះ តើ​ក្មួយ​ចង់​បាន​ឈ្នួល​ជា​អ្វី?» លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។ នាង​លេអា​មាន​ភ្នែក​ស្រទន់ ហើយ​នាង​រ៉ាជែល​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ ដោយ​លោក​យ៉ាកុប​ចាប់​ចិត្ត​ស្រឡាញ់​នាង​រ៉ាជែល លោក​ក៏​ពោល​ថា៖ «ខ្ញុំ​សូម​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។ លោក​ឡាបាន់​តប​ថា៖ «អ៊ំ​ពេញ​ចិត្ត​នឹង​លើកវា​ឲ្យ​ក្មួយ ល្អ​ជា​ជាង​លើក​ឲ្យ​ប្រុស​ដទៃ។ ដូច្នេះ ចូរ​នៅ​ជា‌មួយ​នឹង​អ៊ំ​ទៅ!»។ លោក​យ៉ាកុប​នៅ​បម្រើ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល តែ​ដោយ​ព្រោះ​លោក​ស្រឡាញ់​នាង រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ ហាក់​ដូច​ជា​បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​លោក។ បន្ទាប់​មក លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ​មក៍ ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង»។ ដូច្នេះ លោក​ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ចំ​ជប់‌លៀង។ ប៉ុន្ដែ នៅ​ពេល​យប់ លោក​ឡាបាន់​បាន​យក​នាង​លេអា​ទៅ​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​ចូល​ទៅ​ឯ​នាង។ (លោក​ឡាបាន់​បាន​ឲ្យ​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក ទៅ​បម្រើ​នាង​លេអា)។ លុះ​ព្រឹក​ឡើង ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា លោក​យ៉ាកុប​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្តេច​បាន​ជា​លោក​ឪពុក​ធ្វើ​ដាក់​ខ្ញុំ​ដូច្នេះ? តើ​ខ្ញុំ​បម្រើ​លោក​ឪពុក​មិន​មែន​ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល​ទេឬ? ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បញ្ឆោត​ខ្ញុំ?» លោក​ឡាបាន់​ឆ្លើយ​ថា៖ «នៅ​ស្រុក​យើង​នេះ គេ​មិន​ដែល​លើក​ប្អូន​ឲ្យ​គេ មុន​កូន​ច្បង​ឡើយ។ ចូរ​នៅ​ឲ្យ​គ្រប់​មួយ​អាទិត្យ​ជាមួយ​នាង​នេះ​សិន រួច​សឹម​យើង​លើក​នាង​មួយ​ទៀត​ឲ្យ​កូន​ដែរ ទុក​ជា​ឈ្នួល​ការ​ដែល​កូន​នឹង​បម្រើ​ពុក​ប្រាំពីរ​ឆ្នាំ​ទៀត»។ លោក​យ៉ាកុប​ក៏​ធ្វើ​ដូច្នោះ គឺ​លោក​នៅ​ឲ្យ​គ្រប់​មួយ​អាទិត្យ​ជា‌មួយ​នាង​លេអា។ បន្ទាប់​មក លោក​ឡាបាន់​ឲ្យនាង​រ៉ាជែល​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក​យ៉ាកុប​ទៀត។ (លោក​ឡាបាន់​បាន​ឲ្យនាង​ប៊ីលហា ជា​ស្រី​បម្រើ​របស់​ខ្លួន ទៅ​បម្រើ​នាង​រ៉ា​ជែល)។ លោក​យ៉ាកុប​ក៏​ចូល​ទៅ​ឯ​នាង​រ៉ាជែល​ដែរ ហើយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជាង​នាង​លេអា រួច​លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត។