លោកុប្បត្តិ 27:34-41
លោកុប្បត្តិ 27:34-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលអេសាវបានឮពាក្យរបស់ឪពុកដូច្នេះ គាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា៖ «ឱលោកឪពុកអើយ ឲ្យពរមក៍ សូមឲ្យពរមកកូនផង!»។ ប៉ុន្ដែ លោកឆ្លើយថា៖ «ប្អូនរបស់កូនបានមកដោយប្រើកលល្បិច ហើយដណ្តើមយកពររបស់កូនបាត់ទៅហើយ»។ អេសាវពោលថា៖ «គេដាក់ឈ្មោះវាថា "យ៉ាកុប" ដូច្នេះ ត្រូវណាស់ ដ្បិតវាបានដណ្តើមខ្ញុំពីរដងនេះហើយ។ វាបានយកសិទ្ធិកូនច្បងរបស់ខ្ញុំម្តង ហើយមើល៍ ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត!» រួចគាត់សួរថា៖ «តើលោកឪពុកមិនបានបម្រុងទុកពរណាសម្រាប់កូនផងទេឬ?»។ លោកអ៊ីសាកឆ្លើយទៅអេសាវថា៖ «មើល៍ ពុកបានឲ្យវាធ្វើជាចៅហ្វាយលើកូន ហើយបានឲ្យបងប្អូនរបស់វាទាំងអស់ធ្វើជាអ្នកបម្រើរបស់វា ព្រមទាំងឲ្យវាបានទ្រទ្រង់ជីវិតដោយស្រូវ និងស្រាទំពាំងបាយជូរ។ ដូច្នេះ កូនអើយ តើឲ្យពុកអាចធ្វើអ្វីសម្រាប់កូនទៀត?» អេសាវសួរឪពុកថា៖ «លោកពុកអើយ តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? ឱលោកឪពុកអើយ សូមឲ្យពរកូនផង!» រួចអេសាវក៏ឡើងសំឡេងយំ។ ពេលនោះ លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «មើល៍! លំនៅរបស់កូនស្ថិតនៅឆ្ងាយពីដី ដែលមានជីជាតិ ហើយក៏ឆ្ងាយទឹកសន្សើមពីលើមេឃមកដែរ។ កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។ អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។
លោកុប្បត្តិ 27:34-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលលោកអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្ដៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមឲ្យពរមកកូនផងដែរ!»។ លោកអ៊ីសាកឆ្លើយវិញថា៖ «ប្អូនរបស់កូនបានប្រើកលល្បិច ដណ្ដើមយកពររបស់កូនបាត់ទៅហើយ!»។ លោកអេសាវពោលថា៖ «គេដាក់ឈ្មោះវាថា “យ៉ាកុប” ដូច្នេះត្រូវហើយ ព្រោះវាបានបោកបញ្ឆោតខ្ញុំដល់ទៅពីរដង គឺវាដណ្ដើមយកសិទ្ធិជាកូនច្បងពីខ្ញុំ រួចស្រេចទៅហើយ ឥឡូវនេះ វាបោកយកពរពីខ្ញុំទៀត! តើលោកឪពុកនៅមានសល់ពរណាទៀតសម្រាប់កូនឬទេ?»។ លោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវវិញថា៖ «ឪពុកបានឲ្យវាធ្វើជាម្ចាស់លើកូនឯង និងឲ្យបងប្អូនរបស់វាទាំងអស់ទៅជាអ្នកបម្រើរបស់វាហើយ។ ឪពុកក៏បានឲ្យស្រូវ និងស្រាទំពាំងបាយជូរថ្មីទៅវាដែរ ដូច្នេះ ឪពុកមិនអាចធ្វើអ្វីទៀតសម្រាប់កូនទេ»។ លោកអេសាវអង្វរឪពុកទៀតថា៖ «តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? លោកឪពុកអើយ សូមឲ្យពរកូនផងដែរ!»។ ពេលនោះ លោកអេសាវទ្រហោយំ។ លោកអ៊ីសាកជាឪពុកមានប្រសាសន៍តបទៅគាត់វិញថា៖ «កូននឹងរស់នៅលើដីដែលគ្មានជីជាតិ ហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។ កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពី នឹមរបស់ប្អូនកូន»។ លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។
លោកុប្បត្តិ 27:34-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលអេសាវបានឮពាក្យឪពុកដូច្នោះ នោះគាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា ឱលោកឪពុកអើយ សូមចែកឲ្យពរមកខ្ញុំផង តែគាត់ឆ្លើយថា ប្អូនឯងបានមកដោយឧបាយកលភ្ជែងដណ្តើមយកពរឯងហើយ រួចអេសាវនិយាយថា គេបានដាក់ឈ្មោះវាថា «យ៉ាកុប» ត្រូវណាស់ ព្រោះវាបានដណ្តើមខ្ញុំ២ដងនេះហើយ គឺបានយកអំណាចមរដកបងច្បងរបស់ខ្ញុំម្តង ហើយមើល ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត រួចគាត់សួរថា តើលោកឪពុកគ្មានបំរុងពរណាទុកសំរាប់ឲ្យផងទេឬអី។ អ៊ីសាកឆ្លើយទៅអេសាវថា មើល អញបានតាំងឲ្យវាធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាបាវបំរើដល់វា ទាំងឲ្យវាលៀងជីវិតដោយស្រូវ ហើយនឹងស្រាទំពាំងបាយជូរ ដូច្នេះ កូនអើយ តើឲ្យអញធ្វើអ្វីឲ្យឯងទៀត អេសាវគាត់សួរដល់ឪពុកថា លោកឪពុកអើយ តើមានពរតែ១នេះឬអី ឱលោកឪពុកអើយ សូមឲ្យពរដល់ខ្ញុំផង រួចអេសាវក៏ឡើងសំឡេងយំ អ៊ីសាកឪពុកគាត់ក៏ប្រាប់ថា មើល ទីលំនៅឯងនឹងនៅឆ្ងាយពីផលបរិបូរនៃដី ហើយពីទឹកសន្សើមអំពីមេឃ ឯងនឹងរស់នៅដោយសារដាវឯងវិញ ហើយនឹងបំរើដល់ប្អូន តែកាលណាឯងបានផ្តាច់ចំណង នោះនឹងបានដោះនឹមរបស់វាពីកឯងចេញ។ អេសាវក៏ស្អប់យ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់សំរេចក្នុងចិត្តថា ថ្ងៃកាន់ទុក្ខឪពុកអញជិតដល់ហើយ នោះអញនឹងសំឡាប់យ៉ាកុបជាប្អូនចោល