លោកុ‌ប្បត្តិ 27:34-41

លោកុ‌ប្បត្តិ 27:34-41 គកស១៦

ពេល​អេសាវ​បាន​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ដោយ​ឈឺ​ចិត្ត​យ៉ាង​ក្រៃ‌លែង រួច​និយាយ​ទៅ​ឪពុក​ថា៖ «ឱ​លោក​ឪពុក​អើយ ឲ្យ​ពរ​មក៍ សូម​ឲ្យ​ពរ​មក​កូន​ផង!»។ ប៉ុន្ដែ លោក​ឆ្លើយ​ថា៖ «ប្អូន​របស់​កូន​បាន​មក​ដោយ​ប្រើ​កល‌ល្បិច ហើយ​ដណ្តើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ»។ អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា "យ៉ាកុប" ដូច្នេះ ត្រូវ​ណាស់ ដ្បិត​វា​បាន​ដណ្តើម​ខ្ញុំ​ពីរ​ដង​នេះ​ហើយ។ វា​បាន​យកសិទ្ធិ​កូន​ច្បង​របស់​ខ្ញុំ​ម្តង ហើយ​មើល៍ ឥឡូវ​នេះ វា​មក​ដណ្តើម​យក​ពរ​របស់​ខ្ញុំ​ទៀត!» រួច​គាត់​សួរ​ថា៖ «តើ​លោក​ឪពុក​មិន​បាន​បម្រុង​ទុក​ពរ​ណា​សម្រាប់​កូន​ផង​ទេ​ឬ?»។ លោក​អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា៖ «មើល៍ ពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​កូន ហើយ​បាន​ឲ្យ​បង‌ប្អូន​របស់​វា​ទាំង​អស់​ធ្វើ​ជា​អ្នក​បម្រើ​របស់​វា ព្រម​ទាំង​ឲ្យ​វា​បាន​ទ្រទ្រង់​ជីវិត​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ។ ដូច្នេះ កូន​អើយ តើឲ្យ​ពុក​អាច​ធ្វើ​អ្វី​សម្រាប់​កូន​ទៀត?» អេសាវ​សួរ​ឪពុក​ថា៖ «លោក​ពុក​អើយ តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង!» រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ។ ពេល​នោះ លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «មើល៍! លំនៅ​របស់​កូន​ស្ថិត​នៅ​ឆ្ងាយ​ពី​ដី ដែល​មាន​ជីជាតិ ហើយ​ក៏​ឆ្ងាយ​ទឹក​សន្សើម​ពី​លើ​មេឃ​មក​ដែរ។ កូន​នឹង​រស់​នៅ​ដោយ‌សារ​ដាវ ហើយ​កូន​នឹង​បម្រើ​ប្អូន​របស់​កូន តែ​កាល​ណា​កូន​ផ្តាច់​ចំណង កូន​នឹង​ដោះ​នឹម​របស់​វា​ចេញ​ពី​ក​របស់​កូន»។ អេសាវ​ក៏​ស្អប់​លោក​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​គិត​ក្នុង​ចិត្ត​ថា៖ «ថ្ងៃ​កាន់​ទុក្ខ​ឪពុក​របស់​អញ​ជិត​ដល់​ហើយ ពេល​នោះ អញ​នឹង​សម្លាប់​យ៉ាកុប​ចោល»។