លោកុប្បត្តិ 27:30-40

លោកុប្បត្តិ 27:30-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​ហើយ លោក​យ៉ាកុប​ចេញ​ពី​លោក​អ៊ីសាក​ជា​ឪពុក​សឹង​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ។ គាត់​បាន​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​នេះ​ទៅ ដើម្បី​ឲ្យលោក​ឪពុក​បាន​ឲ្យ​ពរ​កូន»។ លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «ចុះ​ឯង​ជា​អ្នក​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​នេះ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក»។ ពេល​នោះ លោក​អ៊ីសាក​ញ័រ​ខ្លួន​ជា​ខ្លាំង ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​ពុក ហើយ​ពុក​បាន​បរិ‌ភោគ​គ្រប់​មុខ​អម្បាញ់‌មិញ មុនពេល​កូន​មក​ដល់? ពុក​បាន​ឲ្យ​ពរ​វា​ទៅ​ហើយ ហើយ​វា​នឹង​បាន​ពរ​មែន!»។ ពេល​អេសាវ​បាន​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ដោយ​ឈឺ​ចិត្ត​យ៉ាង​ក្រៃ‌លែង រួច​និយាយ​ទៅ​ឪពុក​ថា៖ «ឱ​លោក​ឪពុក​អើយ ឲ្យ​ពរ​មក៍ សូម​ឲ្យ​ពរ​មក​កូន​ផង!»។ ប៉ុន្ដែ លោក​ឆ្លើយ​ថា៖ «ប្អូន​របស់​កូន​បាន​មក​ដោយ​ប្រើ​កល‌ល្បិច ហើយ​ដណ្តើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ»។ អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា "យ៉ាកុប" ដូច្នេះ ត្រូវ​ណាស់ ដ្បិត​វា​បាន​ដណ្តើម​ខ្ញុំ​ពីរ​ដង​នេះ​ហើយ។ វា​បាន​យកសិទ្ធិ​កូន​ច្បង​របស់​ខ្ញុំ​ម្តង ហើយ​មើល៍ ឥឡូវ​នេះ វា​មក​ដណ្តើម​យក​ពរ​របស់​ខ្ញុំ​ទៀត!» រួច​គាត់​សួរ​ថា៖ «តើ​លោក​ឪពុក​មិន​បាន​បម្រុង​ទុក​ពរ​ណា​សម្រាប់​កូន​ផង​ទេ​ឬ?»។ លោក​អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា៖ «មើល៍ ពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​កូន ហើយ​បាន​ឲ្យ​បង‌ប្អូន​របស់​វា​ទាំង​អស់​ធ្វើ​ជា​អ្នក​បម្រើ​របស់​វា ព្រម​ទាំង​ឲ្យ​វា​បាន​ទ្រទ្រង់​ជីវិត​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ។ ដូច្នេះ កូន​អើយ តើឲ្យ​ពុក​អាច​ធ្វើ​អ្វី​សម្រាប់​កូន​ទៀត?» អេសាវ​សួរ​ឪពុក​ថា៖ «លោក​ពុក​អើយ តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង!» រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ។ ពេល​នោះ លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «មើល៍! លំនៅ​របស់​កូន​ស្ថិត​នៅ​ឆ្ងាយ​ពី​ដី ដែល​មាន​ជីជាតិ ហើយ​ក៏​ឆ្ងាយ​ទឹក​សន្សើម​ពី​លើ​មេឃ​មក​ដែរ។ កូន​នឹង​រស់​នៅ​ដោយ‌សារ​ដាវ ហើយ​កូន​នឹង​បម្រើ​ប្អូន​របស់​កូន តែ​កាល​ណា​កូន​ផ្តាច់​ចំណង កូន​នឹង​ដោះ​នឹម​របស់​វា​ចេញ​ពី​ក​របស់​កូន»។

លោកុប្បត្តិ 27:30-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​សព្វ​គ្រប់​ហើយ លោក​យ៉ាកុប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ លោក​អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។ គាត់​រៀបចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន»។ លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «នរណា​ហ្នឹង?» លោក​អេសាវ​តប​ថា៖ «ខ្ញុំ អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក»។ លោក​អ៊ីសាក​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក អម្បាញ់‌មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។ ពេល​លោក​អេសាវ​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ព្រោះ​ក្ដៅ​ក្រហាយ​ពេក គាត់​អង្វរ​ឪពុក​ថា៖ «លោក​ឪពុក សូម​ឲ្យ​ពរ​មក​កូន​ផង​ដែរ!»។ លោក​អ៊ីសាក​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កល‌ល្បិច ដណ្ដើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។ លោក​អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា “យ៉ាកុប” ដូច្នេះ​ត្រូវ​ហើយ ព្រោះ​វា​បាន​បោក​បញ្ឆោត​ខ្ញុំ​ដល់​ទៅ​ពីរ​ដង គឺ​វា​ដណ្ដើម​យក​សិទ្ធិ​ជា​កូន​ច្បង​ពី​ខ្ញុំ រួច​ស្រេច​ទៅ​ហើយ ឥឡូវ​នេះ វា​បោក​យក​ពរ​ពី​ខ្ញុំ​ទៀត! តើ​លោក​ឪពុក​នៅ​មាន​សល់​ពរ​ណា​ទៀត​សម្រាប់​កូន​ឬ​ទេ?»។ លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ​វិញ​ថា៖ «ឪពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ម្ចាស់​លើ​កូន​ឯង និង​ឲ្យ​បងប្អូន​របស់​វា​ទាំង​អស់​ទៅ​ជា​អ្នក​បម្រើ​របស់​វា​ហើយ។ ឪពុក​ក៏​បាន​ឲ្យ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​វា​ដែរ ដូច្នេះ ឪពុក​មិន​អាច​ធ្វើ​អ្វី​ទៀត​សម្រាប់​កូន​ទេ»។ លោក​អេសាវ​អង្វរ​ឪពុក​ទៀត​ថា៖ «តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង​ដែរ!»។ ពេល​នោះ លោក​អេសាវ​ទ្រហោ​យំ។ លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖ «កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី‌ជាតិ ហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។ កូន​នឹង​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ដាវ កូន​នឹង​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ប្អូន​កូន ក៏​ប៉ុន្តែ សន្សឹមៗ​កូន​នឹង​រើ‌បម្រះ​ចេញ​ផុត​ពី នឹម​របស់​ប្អូន​កូន»។

លោកុប្បត្តិ 27:30-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប​រួច​ជា​ស្រេច ហើយ​យ៉ាកុប​ចេញ​ពី​អ៊ីសាក ជា​ឪពុក ទៅ​សឹង​តែ​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ គាត់​បាន​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជំរាប​ថា អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​មក ដើម្បី​នឹង​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ នោះ​អ៊ីសាក​ឪពុក​គាត់​សួរ​ថា ចុះ​ឯង​ជា​អ្នក​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​នេះ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក អ៊ីសាក​ក៏​ញ័រ​ខ្លួន​ជា​ខ្លាំង​ណាស់ ទាំង​សួរ​ថា ដូច្នេះ​តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​អញ ហើយ​អញ​បាន​ស៊ី​គ្រប់​មុខ​អម្បាញ់‌មិញ មុន​ដែល​ឯង​មក​នេះ អញ​ក៏​ឲ្យ​ពរ​ដល់​វា​ទៅ ហើយ​វា​នឹង​បាន​ពរ​មែន កាល​អេសាវ​បាន​ឮ​ពាក្យ​ឪពុក​ដូច្នោះ នោះ​គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ដោយ​ឈឺ​ចិត្ត​យ៉ាង​ក្រៃ‌លែង រួច​និយាយ​ទៅ​ឪពុក​ថា ឱ​លោក​ឪពុក​អើយ សូម​ចែក​ឲ្យ​ពរ​មក​ខ្ញុំ​ផង តែ​គាត់​ឆ្លើយ​ថា ប្អូន​ឯង​បាន​មក​ដោយ​ឧបាយ‌កល​ភ្ជែង​ដណ្តើម​យក​ពរ​ឯង​ហើយ រួច​អេសាវ​និយាយ​ថា គេ​បាន​ដាក់​ឈ្មោះ​វា​ថា «យ៉ាកុប» ត្រូវ​ណាស់ ព្រោះ​វា​បាន​ដណ្តើម​ខ្ញុំ​២​ដង​នេះ​ហើយ គឺ​បាន​យក​អំណាច​មរដក​បង​ច្បង​របស់​ខ្ញុំ​ម្តង ហើយ​មើល ឥឡូវ​នេះ វា​មក​ដណ្តើម​យក​ពរ​របស់​ខ្ញុំ​ទៀត រួច​គាត់​សួរ​ថា តើ​លោក​ឪពុក​គ្មាន​បំរុង​ពរ​ណា​ទុក​សំរាប់​ឲ្យ​ផង​ទេ​ឬ​អី។ អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា មើល អញ​បាន​តាំង​ឲ្យ​វា​ធ្វើ​ជា​ចៅហ្វាយ​លើ​ឯង ហើយ​បាន​ឲ្យ​បង​ប្អូន​វា​ទាំង​អស់​ធ្វើ​ជា​បាវ​បំរើ​ដល់​វា ទាំង​ឲ្យ​វា​លៀង​ជីវិត​ដោយ​ស្រូវ ហើយ​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ដូច្នេះ កូន​អើយ តើ​ឲ្យ​អញ​ធ្វើ​អ្វី​ឲ្យ​ឯង​ទៀត អេសាវ​គាត់​សួរ​ដល់​ឪពុក​ថា លោក​ឪពុក​អើយ តើ​មាន​ពរ​តែ​១​នេះ​ឬ​អី ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​ដល់​ខ្ញុំ​ផង រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ អ៊ីសាក​ឪពុក​គាត់​ក៏​ប្រាប់​ថា មើល ទី​លំនៅ​ឯង​នឹង​នៅ​ឆ្ងាយ​ពី​ផល​បរិបូរ​នៃ​ដី ហើយ​ពី​ទឹក​សន្សើម​អំពី​មេឃ ឯង​នឹង​រស់​នៅ​ដោយ‌សារ​ដាវ​ឯង​វិញ ហើយ​នឹង​បំរើ​ដល់​ប្អូន តែ​កាល​ណា​ឯង​បាន​ផ្តាច់​ចំណង នោះ​នឹង​បាន​ដោះ​នឹម​របស់​វា​ពី​ក​ឯង​ចេញ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ