លោកុ‌ប្បត្តិ 27:30-40

លោកុ‌ប្បត្តិ 27:30-40 ពគប

កាល​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប​រួច​ជា​ស្រេច ហើយ​យ៉ាកុប​ចេញ​ពី​អ៊ីសាក ជា​ឪពុក ទៅ​សឹង​តែ​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ គាត់​បាន​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជំរាប​ថា អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​មក ដើម្បី​នឹង​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ នោះ​អ៊ីសាក​ឪពុក​គាត់​សួរ​ថា ចុះ​ឯង​ជា​អ្នក​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​នេះ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក អ៊ីសាក​ក៏​ញ័រ​ខ្លួន​ជា​ខ្លាំង​ណាស់ ទាំង​សួរ​ថា ដូច្នេះ​តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​អញ ហើយ​អញ​បាន​ស៊ី​គ្រប់​មុខ​អម្បាញ់‌មិញ មុន​ដែល​ឯង​មក​នេះ អញ​ក៏​ឲ្យ​ពរ​ដល់​វា​ទៅ ហើយ​វា​នឹង​បាន​ពរ​មែន កាល​អេសាវ​បាន​ឮ​ពាក្យ​ឪពុក​ដូច្នោះ នោះ​គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ដោយ​ឈឺ​ចិត្ត​យ៉ាង​ក្រៃ‌លែង រួច​និយាយ​ទៅ​ឪពុក​ថា ឱ​លោក​ឪពុក​អើយ សូម​ចែក​ឲ្យ​ពរ​មក​ខ្ញុំ​ផង តែ​គាត់​ឆ្លើយ​ថា ប្អូន​ឯង​បាន​មក​ដោយ​ឧបាយ‌កល​ភ្ជែង​ដណ្តើម​យក​ពរ​ឯង​ហើយ រួច​អេសាវ​និយាយ​ថា គេ​បាន​ដាក់​ឈ្មោះ​វា​ថា «យ៉ាកុប» ត្រូវ​ណាស់ ព្រោះ​វា​បាន​ដណ្តើម​ខ្ញុំ​២​ដង​នេះ​ហើយ គឺ​បាន​យក​អំណាច​មរដក​បង​ច្បង​របស់​ខ្ញុំ​ម្តង ហើយ​មើល ឥឡូវ​នេះ វា​មក​ដណ្តើម​យក​ពរ​របស់​ខ្ញុំ​ទៀត រួច​គាត់​សួរ​ថា តើ​លោក​ឪពុក​គ្មាន​បំរុង​ពរ​ណា​ទុក​សំរាប់​ឲ្យ​ផង​ទេ​ឬ​អី។ អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា មើល អញ​បាន​តាំង​ឲ្យ​វា​ធ្វើ​ជា​ចៅហ្វាយ​លើ​ឯង ហើយ​បាន​ឲ្យ​បង​ប្អូន​វា​ទាំង​អស់​ធ្វើ​ជា​បាវ​បំរើ​ដល់​វា ទាំង​ឲ្យ​វា​លៀង​ជីវិត​ដោយ​ស្រូវ ហើយ​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ដូច្នេះ កូន​អើយ តើ​ឲ្យ​អញ​ធ្វើ​អ្វី​ឲ្យ​ឯង​ទៀត អេសាវ​គាត់​សួរ​ដល់​ឪពុក​ថា លោក​ឪពុក​អើយ តើ​មាន​ពរ​តែ​១​នេះ​ឬ​អី ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​ដល់​ខ្ញុំ​ផង រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ អ៊ីសាក​ឪពុក​គាត់​ក៏​ប្រាប់​ថា មើល ទី​លំនៅ​ឯង​នឹង​នៅ​ឆ្ងាយ​ពី​ផល​បរិបូរ​នៃ​ដី ហើយ​ពី​ទឹក​សន្សើម​អំពី​មេឃ ឯង​នឹង​រស់​នៅ​ដោយ‌សារ​ដាវ​ឯង​វិញ ហើយ​នឹង​បំរើ​ដល់​ប្អូន តែ​កាល​ណា​ឯង​បាន​ផ្តាច់​ចំណង នោះ​នឹង​បាន​ដោះ​នឹម​របស់​វា​ពី​ក​ឯង​ចេញ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ