លោកុប្បត្តិ 21:22-34

លោកុប្បត្តិ 21:22-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​យាង​មក​ជួប​លោក​អប្រាហាំ ដោយ​មាន​លោក​ភីកុល ជា​មេ‌ទ័ព​របស់​ព្រះអង្គ​មក​ជា​មួយ​ដែរ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ដូច​ត​ទៅ៖ «ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ។ ដូច្នេះ សូម​លោក​ស្បថ​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ ដោយ​មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​នៅ​ទី​នេះ ថា​លោក​នឹង​មិន​ក្បត់​ខ្ញុំ កូន​ចៅ​ខ្ញុំ ឬ​ពូជ‌ពង្ស​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​យ៉ាង​ណា សូម​លោក​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ និង​ទឹក​ដី​ដែល​លោក​ស្នាក់​នៅ​នេះ​យ៉ាង​នោះ​ដែរ»។ លោក​អប្រាហាំ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​សូម​ស្បថ​ដូច្នេះ!»។ ប៉ុន្តែ លោក​អប្រាហាំ​ប្ដឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ស្ដី​អំពី​អណ្ដូង​ទឹក ដែល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ដណ្ដើម​យក​ពី​លោក។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នរណា​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​លោក​ពុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ទើប​តែ​ដឹង​នៅ​ពេល​នេះ​ប៉ុណ្ណោះ»។ លោក​អប្រាហាំ​បាន​យក​ចៀម និង​គោ មក​ថ្វាយ​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច រួច​លោក​ទាំង​ពីរ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។ លោក​អប្រាហាំ​ញែក​ចៀម​ញី​ស្ទាវៗ​ប្រាំ‌ពីរ​ក្បាល​ទុក​ដោយ​ឡែក។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​សួរ​លោក​ថា៖ «លោក​ញែក​ចៀម​ប្រាំ‌ពីរ​ក្បាល​នេះ​ទុក​សម្រាប់​ធ្វើ​អ្វី?»។ លោក​តប​ថា៖ «សូម​ទ្រង់​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំ‌ពីរ​នេះ​ពី​ដៃ​ទូលបង្គំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ទូលបង្គំ​ពិត​ជា​បាន​ជីក​អណ្ដូង​ទឹក​នោះ​មែន»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរ‌សេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ​ដែល​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​នៅ​បៀរ‌សេបា។ បន្ទាប់​មក ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ក៏​ចេញ​ដំណើរ​ជា​មួយ​លោក​ភីកុល មេ‌ទ័ព​របស់​ស្ដេច វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។ លោក​អប្រាហាំ​បាន​ដាំ​ដើម​អំពិល​មួយ​ដើម​នៅ​បៀរ‌សេបា ហើយ​លោក​គោរព​បម្រើ​ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប​ជានិច្ច ដោយ​ហៅ​ព្រះ‌នាម​ព្រះអង្គ​ថា ព្រះ‌អម្ចាស់។ លោក​អប្រាហាំ​ស្នាក់​នៅ​ស្រុក​ភីលីស្ទីន អស់​រយៈ​ពេល​យ៉ាង​យូរ។

លោកុប្បត្តិ 21:22-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច ពោល​ទៅ​លោក​អ័ប្រា‌ហាំ​ថា៖ «ព្រះ‌ទ្រង់​គង់​ជា‌មួយ​អ្នក​ក្នុង​គ្រប់​កិច្ច​ការ​ដែល​អ្នក​ធ្វើ ដូច្នេះ សូម​អ្នក​ស្បថ​នឹង​ព្រះ​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ឥឡូវ​ថា អ្នក​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ឬ​កូន​ចៅ​របស់​ខ្ញុំ​ត​រៀង​ទៅ ដោយ​ភូត‌ភរ​ឡើយ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ និង​ស្រុក​ដែល​អ្នក​បាន​ស្នាក់​នៅ​នេះ​ដោយ​សប្បុរស ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដែរ»។ លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «ទូល‌បង្គំ​សូម​ស្បថ»។ កាល​លោក​អ័ប្រា‌ហាំ​បន្ទោស​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច ពី​រឿង​អណ្តូង​ទឹក​ដែល​ពួក​អ្នក​បម្រើ​របស់​ស្ដេច​បាន​ដណ្តើម​យក ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ​ទេ អ្នក​ក៏​មិន​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំមិន​បាន​ឮ​ពីការ​នេះដែរ រហូត​ដល់​ថ្ងៃ​នេះ»។ លោក​អ័ប្រា‌ហាំ​យក​ចៀម និង​គោ​មក​ថ្វាយ​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច រួច​លោក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​ជាមួយ​គ្នា។ លោក​អ័ប្រា‌ហាំ​ញែក​កូន​ចៀម​ញី​ប្រាំពីរ​ទុក​ដោយ​ឡែក។ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​សួរ​លោក​អ័ប្រាហាំ​ថា៖ «កូន​ចៀម​ញី​ប្រាំពីរ​ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​នេះ តើ​មាន​ន័យ​ដូច​ម្តេច?» លោក​ទូល​ឆ្លើយ​ថា៖ «កូន​ចៀម​ញី​ប្រាំពីរ​ដែល​ព្រះ​ករុណានឹង​ទទួល​ពី​ដៃ​ទូល‌បង្គំ​នេះ គឺ​ដើម្បី​ឲ្យ​បាន​ជា​បន្ទាល់​ដល់​ទូល‌បង្គំ​ថា ទូល‌បង្គំ​ពិត​ជា​បាន​ជីក​អណ្តូង​នេះ​មែន»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "បៀរ-សេបា" ព្រោះ​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​នៅ​ទី​នោះ។ ដូច្នេះ លោក​ទាំង​ពីរ​បាន​តាំង​សញ្ញា​ជាមួយ​គ្នា​នៅ​បៀរ-សេបា។ បន្ទាប់​មក ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច​ក៏​ក្រោក​ឡើង ហើយ​វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ។ លោក​អ័ប្រា‌ហាំ បាន​ដាំ​ដើម​ឈើ​មួយ​ដើម​នៅ​បៀរ-សេបា ហើយ​នៅ​ទី​នោះ លោក​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​អស់​កល្ប​ជា‌និច្ច ។ លោក​អ័ប្រា‌ហាំ​ស្នាក់​នៅ​ស្រុក​ភីលី‌ស្ទីន​ជា​ច្រើន​ថ្ងៃ។

លោកុប្បត្តិ 21:22-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​នោះ អ័ប៊ី‌ម៉្មា‌ឡិច នឹង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​មក​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ ដូច្នេះ សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះ​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ឥឡូវ ថា​អ្នក​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ឬ​កូន​ចៅ​ខ្ញុំ​ត​រៀង​ទៅ ដោយ​សេចក្ដី​ភូត‌ភរ​ឡើយ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ហើយ​ស្រុក​ដែល​អ្នក​បាន​សំណាក់​នៅ​នេះ​ដោយ​សេចក្ដី​សប្បុរស ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដែរ អ័ប្រា‌ហាំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​សុខ​ចិត្ត​ស្បថ តែ​អ័ប្រា‌ហាំ​គាត់​បន្ទោស​ដល់​អ័ប៊ី‌ម៉្មា‌ឡិច ពី​ដំណើរ​អណ្តូង​ទឹក​ដែល​ពួក​បាវ​ទ្រង់​បាន​ដណ្តើម​យក អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ធ្វើ​ការ​នោះ​ទេ អ្នក​ក៏​មិន​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ឥត​បាន​ឮ​អ្វី​ឡើយ ដរាប​ដល់​ថ្ងៃ​នេះ អ័ប្រា‌ហាំ​គាត់​យក​ចៀម​នឹង​គោ​មក​ថ្វាយ​អ័ប៊ី‌ម៉្មា‌ឡិច រួច​ក៏​តាំង​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អ័ប្រា‌ហាំ​គាត់​ដាក់​កូន​ចៀម​៧​ដោយ​ខ្លួន នោះ​អ័ប៊ី‌ម៉្មា‌ឡិច​សួរ​ថា កូន​ចៀម​៧​ដែល​អ្នក​ដាក់​ដោយ​ខ្លួន​នេះ តើ​មាន​ន័យ​ដូច​ម្តេច គាត់​ទូល​ឆ្លើយ​ថា ទ្រង់​ត្រូវ​ទទួល​កូន​ចៀម​៧​នេះ​ពី​ដៃ​ទូលបង្គំ ទុក​ជា​ទី​បន្ទាល់​ដល់​ទូលបង្គំ​ថា ទូលបង្គំ​បាន​ជីក​អណ្តូង​នេះ ដោយ​ហេតុ​នោះ​បាន​ជា​គាត់​ហៅ​ទី​នោះ​ថា «បៀរ-សេបា» ពី​ព្រោះ​បាន​ស្បថ​គ្នា​នៅ​ទី​នោះ​ឯង គឺ​យ៉ាង​នោះ​ហើយ​ដែល​បាន​តាំង​សញ្ញា​នឹង​គ្នា នៅ​ត្រង់​បៀរ-សេបា រួច​ហើយ​អ័ប៊ី‌ម៉្មា‌ឡិច នឹង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​ក្រោក​ឡើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​ភីលីស្ទីន​វិញ​ទៅ។ ឯ​អ័ប្រា‌ហាំ​គាត់​ដាំ​ដើម​ឈើ​១ នៅ​ត្រង់​បៀរ-សេបា ហើយ​នៅ​ទី​នោះ គាត់​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​អស់​‌កល្ប​ជានិច្ច រួច​គាត់​សំចត​នៅ​ស្រុក​ភីលីស្ទីន​នោះ​ជា​យូរ​ថ្ងៃ។