លោកុ‌ប្បត្តិ 21:22-34

លោកុ‌ប្បត្តិ 21:22-34 គកស១៦

នៅ​គ្រា​នោះ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច ពោល​ទៅ​លោក​អ័ប្រា‌ហាំ​ថា៖ «ព្រះ‌ទ្រង់​គង់​ជា‌មួយ​អ្នក​ក្នុង​គ្រប់​កិច្ច​ការ​ដែល​អ្នក​ធ្វើ ដូច្នេះ សូម​អ្នក​ស្បថ​នឹង​ព្រះ​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ឥឡូវ​ថា អ្នក​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ឬ​កូន​ចៅ​របស់​ខ្ញុំ​ត​រៀង​ទៅ ដោយ​ភូត‌ភរ​ឡើយ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ និង​ស្រុក​ដែល​អ្នក​បាន​ស្នាក់​នៅ​នេះ​ដោយ​សប្បុរស ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដែរ»។ លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «ទូល‌បង្គំ​សូម​ស្បថ»។ កាល​លោក​អ័ប្រា‌ហាំ​បន្ទោស​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច ពី​រឿង​អណ្តូង​ទឹក​ដែល​ពួក​អ្នក​បម្រើ​របស់​ស្ដេច​បាន​ដណ្តើម​យក ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ​ទេ អ្នក​ក៏​មិន​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំមិន​បាន​ឮ​ពីការ​នេះដែរ រហូត​ដល់​ថ្ងៃ​នេះ»។ លោក​អ័ប្រា‌ហាំ​យក​ចៀម និង​គោ​មក​ថ្វាយ​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច រួច​លោក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​ជាមួយ​គ្នា។ លោក​អ័ប្រា‌ហាំ​ញែក​កូន​ចៀម​ញី​ប្រាំពីរ​ទុក​ដោយ​ឡែក។ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​សួរ​លោក​អ័ប្រាហាំ​ថា៖ «កូន​ចៀម​ញី​ប្រាំពីរ​ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​នេះ តើ​មាន​ន័យ​ដូច​ម្តេច?» លោក​ទូល​ឆ្លើយ​ថា៖ «កូន​ចៀម​ញី​ប្រាំពីរ​ដែល​ព្រះ​ករុណានឹង​ទទួល​ពី​ដៃ​ទូល‌បង្គំ​នេះ គឺ​ដើម្បី​ឲ្យ​បាន​ជា​បន្ទាល់​ដល់​ទូល‌បង្គំ​ថា ទូល‌បង្គំ​ពិត​ជា​បាន​ជីក​អណ្តូង​នេះ​មែន»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "បៀរ-សេបា" ព្រោះ​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​នៅ​ទី​នោះ។ ដូច្នេះ លោក​ទាំង​ពីរ​បាន​តាំង​សញ្ញា​ជាមួយ​គ្នា​នៅ​បៀរ-សេបា។ បន្ទាប់​មក ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច​ក៏​ក្រោក​ឡើង ហើយ​វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ។ លោក​អ័ប្រា‌ហាំ បាន​ដាំ​ដើម​ឈើ​មួយ​ដើម​នៅ​បៀរ-សេបា ហើយ​នៅ​ទី​នោះ លោក​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​អស់​កល្ប​ជា‌និច្ច ។ លោក​អ័ប្រា‌ហាំ​ស្នាក់​នៅ​ស្រុក​ភីលី‌ស្ទីន​ជា​ច្រើន​ថ្ងៃ។