លោកុប្បត្តិ 18:9-15

លោកុប្បត្តិ 18:9-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បុរស​ទាំង​បី​សួរ​លោក​ថា៖ «នាង​សារ៉ា​ប្រពន្ធ​របស់​អ្នក​នៅ​ឯ​ណា?» លោក​តប​ថា៖ «នៅ​ក្នុង​ជំរំ​ឯ​ណោះ»។ ពេល​នោះ ម្នាក់​ពោល​ឡើង​ថា៖ «ដល់​វេលា​កំណត់ យើង​នឹង​វិល​មក​រក​អ្នក​វិញ​ជា​មិន​ខាន ហើយ​សារ៉ា​ប្រពន្ធ​របស់​អ្នក​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ខាង​ក្រោយ​លោក នៅ​មាត់​ទ្វារ​ជំរំ។ លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។ លោក​ស្រី​សារ៉ា​នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា៖ «ខ្ញុំ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​តម្រេក​ទៀត​ឬ? ណា​មួយ​លោក​ម្ចាស់​របស់​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ ហើយ​ថា "ដែល​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ?" តើ​មាន​ការ​អ្វី​ពិបាក​ពេក​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ឬ? នៅ​វេលា​កំណត់ យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ គឺ​ឆ្នាំ​ក្រោយ​ក្នុង​វេលា​ដដែល​នេះ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ប្រកែក​ថា៖ «ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ» ដ្បិត​គាត់​ភ័យ​ខ្លាច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ នាង​ពិត​ជា​បាន​សើច​មែន!»។

លោកុប្បត្តិ 18:9-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក បុរស​ទាំង​បី​ពោល​មក​លោក​ថា៖ «នាង​សារ៉ា​ភរិយា​របស់​លោក​នៅ​ឯ​ណា?»។ លោក​តប​វិញ​ថា៖ «នាង​នៅ​ក្នុង​ជំរំ​ឯ‌ណោះ»។ ព្រះ‌អម្ចាស់ ​មាន​ព្រះ‌បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ក្រោយ​ខ្នង​លោក នៅ​មាត់​ទ្វារ​ជំរំ។ លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។ គាត់​អស់​សំណើច​នឹក​ក្នុង​ចិត្ត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ចាស់​ប៉ុណ្ណឹង​ហើយ តើ​ខ្ញុំ​នៅ​មាន​តម្រេក​ទៀត​ឬ? រីឯ​លោក​ម្ចាស់​របស់​ខ្ញុំ​សោត ក៏​ចាស់​ជរា​ណាស់​ដែរ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​សារ៉ា​សើច ទាំង​ពោល​ថា “តើ​ខ្ញុំ​ដែល​ចាស់​ណាស់​ហើយ អាច​នឹង​មាន​កូន​ទៅ​កើត​ឬ?” តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក​ដែល​ព្រះ‌អម្ចាស់​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​បដិសេធ​ថា៖ «ខ្ញុំ​ម្ចាស់​ពុំ​បាន​សើច​ទេ»។ គាត់​ថា​ដូច្នេះ មក​ពី​គាត់​ភ័យ​ខ្លាច​ខ្លាំង​ពេក។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​ពិត​ជា​បាន​សើច​មែន!»។

លោកុប្បត្តិ 18:9-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​មាន​បន្ទូល​សួរ​គាត់​ថា សារ៉ា​ប្រពន្ធ​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា នៅ​ក្នុង​ត្រសាល​ឯ​ណោះ ទ្រង់មាន​បន្ទូល​ថា ដល់​កំណត់ អញ​នឹង​មក​ឯ​ឯង​វិញ​ជា​មិន​ខាន នោះ​សារ៉ា​ប្រពន្ធ​ឯង​នឹង​មាន​កូន​ប្រុស​១ ចំណែក​សារ៉ា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ខាង​ក្រោយ​គាត់ នាង​ក៏​បាន​ឮ​ដែរ រីឯ​អ័ប្រា‌ហាំ នឹង​សារ៉ា គាត់​ជា​មនុស្ស​ចាស់​មាន​អាយុ​ច្រើន​ណាស់ សារ៉ា​អស់​មាន​រដូវ​កាល​តាម​ទំលាប់​ស្ត្រី​ទៀត​ហើយ នាង​នឹក​អស់​សំណើច​ក្នុង​ខ្លួន​ថា អញ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​ដំរេក​ទៀត​ដែរ​ឬ​អី ណា​មួយ​លោក​ម្ចាស់​ប្ដី​អញ​ក៏​ចាស់​ណាស់​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ថា ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ​ថា ដែល​ចាស់​ប៉ុណ្ណោះ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ តើ​មាន​ការ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ដល់​វេលា​កំណត់ នោះ​អញ​នឹង​មក​ឯ​ឯង លុះ​គ្រប់​ខែ​ហើយ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​១ ឯ​សារ៉ា​នាង​ប្រកែក​ថា ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ ពី​ព្រោះ​នាង​ខ្លាច តែ​ទ្រង់​មាន​បន្ទូល​ថា ទេ គឺ​ឯង​បាន​សើច​មែន។